សហរដ្ឋអាមេរិក នៅសប្តាហ៍មុននេះ បានចេញមុខនិយាយចំៗថា លោក កឹម សុខា ជាបុគ្គលសមទទួលបានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក «ជាអ្នកតស៊ូដើម្បីសិទ្ធិ និងសេរីភាព»។
ការផ្ញើសាររបស់ប្រទេសមហាអំណាចលោកសេរីមួយនេះ ធ្វើឡើងតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជា គឺលោក Patrick Murphy ចំពេលដែលតុលាការកម្ពុជាបន្តជម្រះក្តីលោក កឹម សុខា ដែលលោក កឹម សុខា អាមេរិកធ្លាប់បញ្ជាក់ថា ជាមនុស្សស្អាតស្អំតែត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌ ។
លោក Patrick Murphy បានធ្វើសន្និសីទសារព័ត៌មានមួយមុខសាលាជម្រះក្តីលោក កឹម សុខា ក្រោយពីលោកចូលអង្កេតក្នុងសវនាការផ្ទាល់ជាលើកដំបូង។
ក្នុងសន្និសីទនោះ ឯកអគ្គរដ្ឋទូតអាមេរិកថ្លែងថា អាមេរិកអន់ចិត្តនឹងព្រះរាជអាជ្ញាកម្ពុជា ដែលថា បានភ្ជាប់អាមេរិកទៅនឹងសំណុំរឿងនេះ។
លោក Patrick Murphy៖ «យើងក៏មានការអាក់អន់ចិត្ត ព្រោះនៅក្នុងសវនាការ ព្រះរាជអាជ្ញាព្យាយាមនិយាយថា អាមេរិកពាក់ព័ន្ធករណីនេះ»។
លោក Patrick Murphy បង្ហាញទស្សនៈថា លោក កឹម សុខា សមទទួលបានកេរ្តិ៍ឈ្មោះនៅទូទាំងពិភពលោកថា «ជាអ្នកតស៊ូដើម្បីសិទ្ធិ និងសេរីភាព»។
លោក Patrick Murphy ផ្ញើសារពីមុខសាលាជម្រះក្តីលោក កឹម សុខា ថា អាមេរិករំពឹងថា សិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា និងពលរដ្ឋកម្ពុជា នឹងត្រូវបានស្តារឡើងវិញ តាមរយៈសាលាជម្រះក្តីនេះ។
ប៉ុន្តែ ការមើលឃើញពីគុណសម្បត្តិលោក កឹម សុខា ពីសំណាក់សហរដ្ឋអាមេរិក ហាក់ខុសគ្នាឆ្ងាយពីការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។
លោក ហ៊ុន សែន ធ្លាប់ថ្លែងជាសាធារណៈថា លោកជាអ្នកបញ្ជាផ្ទាល់ឱ្យចាប់ខ្លួនលោក កឹម សុខា ចោទថា «ក្បត់ជាតិ» ឃុបឃិតជាមួយអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដែលថា កើតចេញពីការបោះឆ្នោត។
លោក កឹម សុខា ត្រូវសមត្ថកិច្ចប្រដាប់ដោយអាវុធឆ្មក់ចូលចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា នៅម៉ោងជាង១២យប់រំលងអធ្រាត្រ ថ្ងៃទី២ ចូលឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ខណៈលោកកំពុងសម្រាកនៅក្នុងផ្ទះ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជាងនេះទៅទៀត កាលពីថ្ងៃ១០ ខែមីនា ក្នុងពិធីមួយក្នុងរាជធានីភ្នំពេញ ចំពេលដែលតុលាការកំពុងជម្រះក្តីលោក កឹម សុខា នៅឡើយនោះ លោក ហ៊ុន សែន ព្រមានថា បានត្រៀមគុកថ្មីទៀតសម្រាប់ដាក់។
លោកថា៖ «ផែនការចង់ផ្តួលរំលំចុងក្រោយថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៣ អាហ្នឹងជាស្អី? ដែលទីបំផុតនាំទៅដល់មនុស្សស្លាប់ និងរបួសនៅផ្លូវវេងស្រេង អាហ្នឹងជាស្អី? គិតមិនឱ្យគេកាត់ទោសហីស្អី? ត្រូវតែកាត់។ ហើយម្តងនេះ មិនមែនត្រពាំងផ្លុងទេ ប្រាប់ឱ្យហើយ កន្លែងផ្សេង តែសាលក្រមចេញហើយ ដាក់ហើយ គ្មានទុកទេ»។
សំណួរត្រង់ថា ហេតុអ្វីអាមេរិកចេញមុខសរសើរលោក កឹម សុខា ពេលនេះ ?
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថា អ្វីដែលលោក Patrick Murphy សរសើរលោក កឹម សុខា ពេលនេះ អាចថា អាមេរិកមិនទទួលយកបទចោទលើលោក កឹម សុខា ។
អ្នកវិភាគរូបនេះបង្ហាញការយល់ឃើញទៀតថា បើអាមេរិកមិនទទួលយកបទចោទលោក កឹម សុខា ការដែលរដ្ឋាភិបាលកម្ពុជាធ្លាប់ប្តេជ្ញាចិត្តចង់ស្តារទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញ នឹងបរាជ័យ បើរដ្ឋាភិបាលមិនប្តូរជំហរក្នុងការផ្តល់សិទ្ធិពេញលេញឱ្យលោក កឹម សុខា ធ្វើនយោបាយឡើងវិញទេនោះ។
លោកថា៖ «នៅក្នុងកិច្ចការការទូត ប្រសិនបើករណីចោទប្រកាន់លោក កឹម សុខា នេះមិនបានបង្ហាញអំណះអំណាងគ្រប់គ្រាន់ធ្វើឱ្យសហរដ្ឋអាមេរិកទទួលយកបានទេ ការសង្ឃឹម និងការប្តេជ្ញាចិត្តដើម្បីស្តារទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក នឹងពុំមានផលល្អទេ»។
បើតាមលោក ឯម សុវណ្ណរ៉ា ការផ្ញើសារមុខសាលាជម្រះក្តី របស់ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ប្រឆាំងនឹងវិធានការលើលោក កឹម សុខា នេះ ជាសារក្រើនរំឭកមេដឹកនាំកម្ពុជាជំហានទី២ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើលិខិតប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ពីការរៀបចំខ្លួនវិលទៅរកគន្លងប្រជាធិបតេយ្យវិញ ដើម្បីស្តារទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជារក្សាទុកទីផ្សារជាប្រយោជន៍សេដ្ឋកិច្ម។
លោកថា៖ «លក្ខខណ្ឌសេដ្ឋកិច្ចក៏ជាកត្តាមួយដែលជាជំហរបស់កម្ពុជា នៅក្នុងក្រមខណ្ឌអន្តរជាតិមិនឱ្យផ្អៀងទៅលើលោកខាងកើតចិនតែមួយទេ គឺគិតពិចារណាប្រយោជន៍សេដ្ឋកិច្ចដែលបានពីប្រព័ន្ធអនុគ្រោះ GSP និង EBA ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក»។
កាលពីចុងឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក កម្ពុជា បានពើបប្រទះនឹងការលំបាក មិនបម្រើឱ្យប្រយោជន៍នៃប្រជាជនអាមេរិក និងកម្ពុជាទេ»។
លោក ត្រាំ បញ្ជាក់ថា វាមានសារៈសំខាន់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវនាំកម្ពុជាត្រឡប់ទៅរកមាគ៌ាអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យវិញ ។
មេដឹកនាំអាមេរិករូបនេះ រំឭកថា មេដឹកនាំកម្ពុជានឹងពិនិត្យឡើងវិញនូវការសម្រេចមួយចំនួន ដែលអាមេរិកថា កំពុងនាំកម្ពុជាទៅរកគ្រោះថ្នាក់ខ្លាំងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាព និងអធិបតេយ្យយូរអង្វែងរបស់កម្ពុជា។
លោក ត្រាំ សរសេរថា៖ «ខ្ញុំសង្ឃឹមថា សម្ដេចនឹងពិនិត្យឡើងវិញនូវការសម្រេចមួយចំនួនដែលរដ្ឋាភិបាលសម្ដេចបានប្រកាន់យក ហើយដែលការសម្រេចទាំងនោះ សហរដ្ឋអាមេរិកជឿជាក់មុតមាំថា វានឹងនាំឱ្យមានគ្រោះថ្នាក់ខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាព និងអធិបតេយ្យភាពយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជា»។
ប៉ុន្មានថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតឆ្លើយតបជាវិជ្ជមានទៅមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ វិញ ដែលក្នុងលិខិតនោះ បញ្ជាក់ថា កម្ពុជាយល់ព្រមបង្កើតក្រុមការងារ ដើម្បីពិភាក្សាលើការស្តារទំនាក់ទំនងកម្ពុជា-អាមេរិកឡើងវិញ។
អ្នកវិភាគបញ្ហាសង្គមនៅក្រៅប្រទេស លោក គឹម សុខ វិភាគថា ការដែលលោក Patrick Murphy សរសើរលោក កឹម សុខា អាចជាសារប្រាប់ថា អាមេរិកមិនទទួលយកការប្រកួតអំណាចមួយតាមរយៈប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឈ្នាន់នយោបាយទេ។
លោក គឹម សុខ បង្ហាញការយល់ឃើញទៀតថា សារលោក Patrick Murphy ក៏បង្ហាញផងដែរថា អាមេរិកមិនបោះបង់ក្នុងការជំរុញមេដឹកនាំកម្ពុជាឱ្យវិលទៅរកគន្លងប្រជាធិបតេយ្យវិញនោះទេ។
លោកថា៖ «អាមេរិកកាំងមានព័ត៌មានលំអិតត្រឹមត្រូវថា នេះជាល្បែងនយោបាយរបស់លោក ហ៊ុន សែន មិនមែនជាករណីច្បាប់ ឬតុលាការទេ ហើយការដែល [រដ្ឋាភិបាលកម្ពុជា] បន្តលេង គឺស្មើនឹងបង្កើតអរិភាព (ភាពជាសត្រូវ) ការទូតធ្ងន់ធ្ងរជាងមុន ជាមួយនឹងសហរដ្ឋអាមេរិកនៅថ្ងៃខាងមុខ»។
សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៅសាកលវិទ្យាល័យ Occidental College ទីក្រុង Los Angeles លោក អៀ សុផល បង្ហាញការយល់ឃើញថា សាររបស់សហរដ្ឋអាមេរិកគឺចង់បង្ហាញថា លោក កឹម សុខា មិនត្រូវបានគេកាត់ទោសនោះទេ តែគាត់ត្រូវបានគេធ្វើទុក្ខបុកម្នេញ ព្រោះគាត់តស៊ូដើម្បីសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោក បណ្ឌិត អៀ សុផល វិភាគថា ហាក់ដូចជាការសងសឹក ក្រោយអាមេរិកប្រកាសបែបនេះ ពលរដ្ឋអាមេរិកត្រូវបានហាមធ្វើដំណើរចូលកម្ពុជា ក្នុងចំណោមប្រទេសទាំង៦ ក្រោមហេតុផល វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីត១៩ ខណៈចិនផ្ទុះច្រើនជាងគេ តែមិនត្រូវបានហាមចូលកម្ពុជា ។
សាស្ត្រាចារ្យនៅសហរដ្ឋអាមេរិករូបនេះ បង្ហាញការយល់ឃើញទៀតថា៖ «វាជារឿងអាក្រក់សម្រាប់កម្ពុជា ដែលធ្វើឱ្យបាត់បង់អ្នកទេសចរកាន់តែធ្ងន់។ ប្រតិកម្មនេះគឺវាធ្វើឱ្យកម្ពុជាកាន់តែរងគ្រោះបន្ថែមទៀត ប្រសិនជាសហរដ្ឋអាមេរិកចង់សងសឹក និងពិនិត្យមើលលើប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជា ហើយធ្វើដូចអ្វីដែល EU ធ្វើចំពោះ EBA ដែរ»។
ទោះជាយ៉ាងណា សាស្ត្រាចារ្យជំនាញកិច្ចការទូត លោកបណ្ឌិត អៀ សុផល វិភាគថា ការបង្ហាញជំហររបស់សហរដ្ឋអាមេរិក វានឹងជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឱ្យប្រសើរឡើង តែមិនមែនក្នុងពេលឆាប់ៗនោះទេ បើគ្មានការជំរុញពីពលរដ្ឋនោះ ដោយថា រដ្ឋឯកបក្សមិនទទួលខុសត្រូវចំពោះតម្លាភាព និងភាពស្របច្បាប់របស់ពួកគេទេ៕