កម្ពុជា សម្រេច​បិទ​ព្រំដែន​ជាមួយ​វៀតណាម​ជា​បណ្តោះ​អាសន្ន​ ក្រោម​ហេតុ​ផល​បង្ការ​ជំងឺ​កូវីដ-១៩​

បង្គោលច្រកព្រំដែនអន្តរជាតិភ្នំឌិន រវាងកម្ពុជា និងវៀតណាម។ (ជន ចាន់រ៉ែន/ ២៦ ធ្នូ ២០១៥)

កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមជាផ្លូវការ ដោយមិនឱ្យពលរដ្ឋវៀតណាមចូលមកកម្ពុជា និងមិនឱ្យពលរដ្ឋកម្ពុជាចូលទៅប្រទេសវៀតណាមជាបណ្តោះអាសន្ន ក្រោមហេតុផលនៃការបង្ការជំងឺកូវីដ-១៩។

ការប្រកាសរបស់​រដ្ឋាភិបាលកម្ពុជាក៏ត្រូវបាន​ធ្វើឡើង​ក្រោយពេលវៀតណាមបានសម្រេច​បិទច្រកព្រំដែនកម្ពុជាដោយឯកតោភាគី។

ប្រមុខរដ្ឋាភិបាល​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថា កាលពីយប់មិញថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកបានសម្រេចបិទព្រំដែនកម្ពុជា-វៀតណាមជាបណ្តោះអាសន្ន​ រហូតដល់ប្រទេសវៀតណាមលើកបម្រាម និងពេលវេលានៃកាលកំណត់បិទព្រំដែនរវាងប្រទេស​ទាំងពីរសារជាថ្មីឡើងវិញ។

លោកបន្តថា ការសម្រេចនេះ បន្ទាប់ពីប្រទេសវៀតណាមបានសម្រេចបិទច្រកព្រំដែនមិនអោយមានការឆ្លងកាត់រវាងកម្ពុជា និងវៀតណាម កាលពីម្សិលមិញរួចទៅហើយ។

លោកនាយករដ្ឋមន្ត្រីថា កម្ពុជាផ្តល់ការជូនដំណឹងរយៈពេល៤៨ម៉ោង ដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋវៀតណាមអោយបានជ្រាប ដោយការអនុវត្តនឹងចាប់ផ្តើមពីម៉ោង០០ ចូលថ្ងៃទី២០ ខែមីនាទៅ។

ក្នុងសារជាសំឡេងមួយរបស់លោក ហ៊ុន សែន ដែលត្រូវបានចែកចាយកាលពីយប់មិញ​ ក៏បានបញ្ជាក់​ពីការ​សម្រេចបិទព្រំដែនជាមួយភាគីវៀតណាមនេះដែរ ដោយកើតឡើងពីការសម្រេចរបស់វៀតណាមមុន​ ក្រោមហេតុផលថា បញ្ចៀសជំងឺកូវីដ-១៩​។

លោកបញ្ជាក់ក្នុងសារសំឡេងនោះថា ការសម្រេចបិទច្រកព្រំដែនរបស់កម្ពុជា ពុំមែន​ជាការបង្ហាញថា កម្ពុជា-វៀតណាម​ បាត់បង់​សាមគ្គីភាពគ្នា ឬបង្ហាញពីការសងសឹករបស់កម្ពុជានោះទេ ប៉ុន្តែ ជាវិធានការការពារពលរដ្ឋរៀងខ្លួន ហើយបម្រាមនេះនឹងចាប់អនុវត្តនៅម៉ោង១២ ឬម៉ោង០០ ចូលថ្ងៃទី២០ ខែមីនា រហូតដល់ភាគីវៀតណាមដកបម្រាមបិទព្រំដែននេះចេញវិញ។

លោក ហ៊ុន សែន លើកឡើងបន្តថា៖ «បន្ទាប់ពីនោះ គឺអាជ្ញាធរតាមទល់ដែនទាំងអស់ និងច្រកព្រំដែនទាំងអស់ ចាប់ពីម៉ោង១២ យប់ថ្ងៃទី២០ មានន័យថា យើងជូនដំណឹងឱ្យវៀតណាម​ជាង៤៨ម៉ោង ខុសពីវៀតណាម​មិនបានជូនដំណឹងមកយើងទាល់តែសោះ។ ដូច្នេះនេះ មិន​មែនជាគោលការណ៍បរិការទេ គោលការណ៍បរិការ កាលណាបិទគឺបិទទាំងអស់គ្នា។ តែគាត់បិទជាឯកតោភាគី យើងមិនបានសងសឹកទៅវៀតណាមទេ»។

លោកនាយករដ្ឋមន្ត្រី បានស្នើ​ពលរដ្ឋខ្មែរឱ្យផ្អាកការធ្វើដំណើរទៅប្រទេសវៀតណាមមួយរយៈ ទម្រាំស្ថានការនៃជំងឺកូវីដ-១៩បានធូរស្រាលមកវិញ។

លិខិតរបស់ក្រសួងការបរទេសកម្ពុជា​ដែលបង្ហោះលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន នៅថ្ងៃនេះ ដែលមានចារឹកអក្សរប្រញាប់ណាស់ បញ្ជាក់ថា វិធានការបិទព្រំដែនជាមួយវៀតណាមនេះ ដើម្បីបញ្ចៀសការលំបាក​ចំពោះពលរដ្ឋវៀតណាម​ និងពលរដ្ឋកម្ពុជា ដែលតម្រូវបង្ខាំងខ្លួនឱ្យនៅដាច់ដោយឡែកពីគេ នៅពេលធ្វើដំណើរចេញពីកម្ពុជាចូលទៅវៀតណាម។

ក្រសួងបញ្ជាក់ថា ភាគីកម្ពុជាក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន​ប្រទេសទាំងពីរ​សម្រួលចរាចរណ៍ទំនិញ​ទៅវិញទៅមក ដោយគ្មានការរាំងស្ទះ និងស្នើឱ្យភាគីវៀតណាម​ធ្វើមាតុភូមិនិវត្តន៍​នូវពលរដ្ឋខ្មែរ​ដែលកំពុងដាក់ឱ្យនៅដាច់ដោយឡែក​បានមកកម្ពុជាវិញ ប្រសិនបើមាន។

លិខិតក្រសួងការបរទេស៖ «ភាគីកម្ពុជាស្នើឱ្យអាជ្ញាធរ​មូលដ្ឋាន​នៃប្រទេសទាំងពីរ​ធ្វើការរួមគ្នា​ ដើម្បីសម្របសម្រួល​ និងធានា​ថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ»។

លិខិតដដែលនេះ បញ្ជាក់ថា វិធានការនេះមិនត្រូវធ្វើឡើងចំពោះពលរដ្ឋទាំងពីរដែលកាន់លិខិតឆ្លងដែនការទូត ឬលិខិត​ផ្លូវការឡើយ។

អ្នកវិភាគនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណរ៉ា មើលឃើញថា​ វិធានការកម្ពុជាពេលនេះ ជាការឆ្លើយតប​ទៅកាន់វៀតណាម ​ដើម្បីដាស់ស្មារតីភាគីវៀតណាមឱ្យគិត​ពិចារណា​លើកិច្ចសហប្រតិបត្តិការក្នុងនាមប្រទេសជិតខាងឡើងវិញ។

លោកថា​ មកដល់ពេលនេះ ទើបគេមើលឃើញថា ​កិច្ចសហការ​រវាងប្រទេសទាំងពីរ ព្រមទាំងប្រទេសក្នុងសមាគមអាស៊ានផង ​មិនសូវល្អនោះឡើយ ម្យ៉ាងហាក់មានគំនិតមិនស្មោះត្រង់នឹងគ្នាទៀតផង។ លោកថា បញ្ហានេះ​ធ្វើឱ្យអាស៊ានពិបាកសម្រេចគោលដៅសហគមន៍តែមួយវាសនាតែមួយនោះបានណាស់។  

លោកបន្តថា ៖ «ជាការឆ្លើយតបមួយ​ តាមពិតទៅ យឺតមួយថ្ងៃផង។ សម្រេច [បិទព្រំដែន] ភ្លាម យើងឆ្លើយតបជាមួយវៀតណាមភ្លាម ទើបយើងត្រឹមត្រូវ ដើម្បីឆ្លើយតបថា ជារដ្ឋភាគី រដ្ឋឯករាជ្យ ដែលអធិបតេយ្យភាពយើងមាន​សិទ្ធិស្មើមុខគ្នា។ រដ្ឋាភិបាលកម្ពុជាសម្រេចនេះ ក៏ជាយន្តការមួយដែរ ដើម្បីពញ្ញាក់ស្មារតីវៀតណាម​ឱ្យគិតពិចារណាទៅកិច្ចសហប្រតិបត្តិការ​ហ្នឹង គប្បីមានយន្តការល្អក្នុងកិច្ចសហប្រតិបត្តិការ»។

អ្នកវិភាគរូបនេះថា ការសម្រេចនេះនឹងមានផលប៉ះពាល់ទាំងសងខាង ប៉ុន្តែ ទំហំផលប៉ះពាល់កម្ពុជាមានច្រើនជាងវៀតណាម។

ទីប្រឹក្សាអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា វិធានការបិទព្រំដែននេះ ​​កម្ពុជាពិតជារងផលប៉ះពាល់​ធ្ងន់ធ្ងរជាងវៀតណាមប្រាកដមែន​ ដោយសារវៀតណាមនាំចូលផលិតផល​ជាច្រើន​ដូចជា បន្លែ ត្រី សាច់ ស៊ុត​ ​ដើម្បីបំពេញតម្រូវការពលរដ្ឋកម្ពុជាច្រើនក្នុង១ឆ្នាំៗ ឬ មួយថ្ងៃៗ។ ​

លោកមានប្រសាសន៍ថា៖ «ទាំងហ្នឹងគឺជាអ្វីដែលយើងបារម្ភថា វានឹងរុញឱ្យផលិតផលទាំងនេះឡើងថ្លៃ ប៉ុន្តែ វាក៏ជាឱកាសសម្រាប់កម្ពុជាផលិតអាហ្នឹងដែរ [បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុតជាដើម] ប៉ុន្តែ វាត្រូវការពេលទម្រាំយើងដាំបន្លែបាន ១ខែ ១ខែកន្លះ ឬ ២ខែ ទម្រាំចិញ្ចឹមទាបានពង វាត្រូវការពេលយូរអីចឹង។ ទម្រាំចិញ្ចឹមជ្រូកបានសាច់ត្រូវការពេល៣ ឬ៤ខែ។ អាហ្នឹងហើយជាភាពយឺតយ៉ាវរបស់កម្ពុជាយើងក្នុងការត្រៀម​ក្នុងករណីហ្នឹងកើតមានឡើង។ ទោះបីជា​យើងធ្លាប់លើកឡើងរឿងហ្នឹងពីរបីខែមុនក៏ដោយ ប៉ុន្តែគ្រាន់តែលើកចោល យើងមិនបានធ្វើ»។ ​

យ៉ាងនេះក្តី លោក យ៉ង សាំងកុមារ ថាកម្ពុជានៅអាចមានពេល​ដោះស្រាយបញ្ហាទាំងនេះ ដោយគិតគូរ ឬគាំទ្រដល់កសិករក្នុងការផលិតស្បៀងក្នុងស្រុក​ឱ្យបានច្រើន និងត្រូវមានការរៀបចំផែនការដឹកជញ្ជូនស្បៀងក្នុងស្រុកឱ្យកាន់តែទូលាយ និងមានភាពងាយស្រួល។ 

កាលពីខែធ្នូឆ្នាំមុន លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រយៈពេល៩ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម​កម្ពុជា-វៀតណាម មានទំហំ៤ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំទំនិញចូលទៅវៀតណាមមានទំហំជាង ៧រយលានដុល្លារ ប៉ុន្តែ វៀតណាមនាំទំនិញចូលកម្ពុជាមានជាង ៣ពាន់លានដុល្លារ។ លោក ហ៊ុន សែន ​រំពឹងពេលនោះថា នៅឆ្នាំ២០២០ខាងមុខ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម នឹងកើនឡើងជាង៥ពាន់លានដុល្លារថែមទៀតផង។

លោក ឯម សុវណ្ណរ៉ា មើលឃើញថា ប្រសិនបើស្ថានភាពជំងឺកូរ៉ូណាបន្តអូសបន្លាយយូរទៀត ប្រទេសថៃក៏អាច​ពិចារណាបិទច្រកព្រំដែនជាមួយកម្ពុជាដែរ ប៉ុន្តែ សម្រាប់ប្រទេសឡាវ នឹងមិនអាចបិទច្រកព្រំដែនជាមួយកម្ពុជាបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ