រដ្ឋាភិបាល​ដំឡើង​​​ប្រាក់​​ពិន័យ​​ចរាចរណ៍​ពី​​​៣​​ទៅ​​៥​​ដង​នៃ​​ប្រាក់​​ពិន័យ​​បច្ចុប្បន្ន​

ប៉ូលីស​ផាក​ពិន័យពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ កាលដើមឆ្នាំ២០១៨។ (ណាត សុភាព)

រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ពិន័យ​ចរាចរណ៍​ពី​៣ ទៅ​៥​ដង នៃ​ប្រាក់​ពិន័យ​បច្ចុប្បន្ន បន្ទាប់​ពី​ចំនួន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ហាក់​មិន​ថម​ថយ​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ។

ក្នុង​អនុក្រឹត្យ​ កែ​សម្រួល​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​​និង​ត្រូ​វបាន​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១៧ មីនា​ម្សិល​មិញ រដ្ឋាភិបាល​បាន​កែ​សម្រួល​ការ​ពិន័យ​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចណ៍​ផ្លូវ​គោក ​​ដោយ​ពិន័យ​ជា​ប្រាក់​ចាប់​ពី៦ម៉ឺន​រៀល​ រហូតដល់​៤លាន​រៀល​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍ ដែល​រាប់​ចាប់​ពីជិះ​ម៉ូតូ​គ្មាន​មួក​សុវត្ថិភាព មិន​គោរព​ភ្លើង​ និង​សញ្ញាចរាចរណ៍ ការប្រើប្រាស់​ទូរសព្ទ​ក្នុង​ពេល​បើក​បរ រហូត​ដល់​ការ​បើក​បរ​ក្រោម​ភាព​ស្រវឹង​ជា​ដើម​។

ក្នុង​អនុក្រឹត្យ​កែ​សម្រួលនេះ​ ក៏​នឹង​ពិន័យ​ដល់​ម្ចាស់​ហាង​លក់​យានយន្ត​ដែល​មិន​បាន​ស្នើ​សុំ​ស្លាកលេខ​ដល់​ឱ្យ​អ្នក​ទិញ​ផង​ដែរ ដែល​មាន​តម្លៃ​ចាប់​ពី​១សែន២ម៉ឺនរៀល ដល់​២លាន៤សែន​រៀល​តាម​ទំហំ​ឡាន ខណៈ​អ្នក​ដែល​មិន​ស្នើ​សុំ​លិខិត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ នឹង​ត្រូវ​ពិន័យ​ចាប់​ពី​១សែន​៥ម៉ឺន​ ដល់​៣សែន​រៀល។

អនុក្រឹត្យថ្មី​នេះ​ក៏តម្រូវ​ឱ្យ​ឪពុក​ម្ដាយ ឬអាណា​ព្យាបាល​ទទួល​ខុសត្រូវ​លើ​ការ​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ចរាចរណ៍​របស់​កូន​ផង​ដែរ។

មាត្រា​១៣​ថ្មី​ចែង​ថា៖ «ឪពុក​ម្ដាយ​ ឬ​អាណាព្យាបាល​ត្រូវ​បង់​ប្រាក់​ពិន័យ​អន្តរការណ៍ចំពោះ​អំពើ​​ល្មើស​នឹង​អនុក្រឹត្យ​នេះ ដែល​ប្រព្រឹត្តិ​ដោយ​អនីតិជន​មាន​អាយុ​ចាប់​ពី​១៥ឆ្នាំ ដល់​១៨​ឆ្នាំ»។

បើ​តាម​អនុក្រឹត្យ​នេះ អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​​មាន​ពេល​១៥​ថ្ងៃ​ក្នុង​ការ​បង់ប្រាក់​ពិន័យ ហើយ​បើលើស​ពីថ្ងៃ​ដែល​បាន​កំណត់​ ប្រាក់​ពិន័យ​នឹង​ឡើង​ទ្វេ​ជា​ពីរ ហើយ​បើ​លើស​៣០ថ្ងៃ​ ប្រាក់​ពិន័យ​នឹង​ឡើង​ទ្វេជាបី ហើយ​ក្នុង​ករណី​មិន​បាន​បង់​ក្នុង​រយៈពេល​៦០​ថ្ងៃ​ សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុកផែន​ចរាចរណ៍ លោក ហ៊ឹម យ៉ាន មាន​ប្រសាសន៍​ប្រាប់​VODថា​ អនុក្រឹត្យ​ថ្មី​នេះ​នឹងចាប់​អនុវត្ត​ក្នុង​ពេល​ខាង​មុខ ដោយ​​ទុក​ពេល​ឱ្យ​សមត្ថកិច្ច​ចរាចរណ៍​បាន​ទទួល​ជ្រាប​ច្បាស់​ពី​អនុក្រឹត្យ​ថ្មី​នេះ​សិន។ លោក​បន្ថែម​ថា តាម​រយៈ​ការ​បង្កើន​ប្រាក់​ផាក​ពិន័យ​នេះ វា​នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បានកាន់​តែ​ខ្ពស់​ក្នុង​ឆ្នាំ​២០២០នេះ។

លោក​ ហ៊ឹម យ៉ាន មានប្រសាសន៍ថា​៖ «ព្រោះ​ថា ​នៅពេល​គាត់​មាន​បញ្ហា​ ឬ​គាត់​មាន​គ្រោះថា្នក់​អី​កើត​ឡើង គឺ​វា​ពាក់ព័ន្ធ​ជា​មួយ​នឹង​ការ​មិន​គោរព​ច្បាប់​ដែល​ជា​មូល​ហេតុ។ យើង​ឃើញថា ​មាន​មក​ពី​ល្បឿន មក​ពី​ស្រវឹង​ មក​ពី​មិន​គោរព​សិទ្ធិ​អាទិភាព ការ​វ៉ាជែង​អី​ជា​ដើម​ -ល-។ អ៊ីចឹង ​នៅ​ក្នុង​បរិបទ​នេះ ​កំណែ​ទម្រង់​លើ​វិស័យ​ច្បាប់​ ពិសេស​ការ​កែ​សម្រួល​អនុក្រឹត្យ​លេខ​៤៤ មក​អនុក្រឹត្យ​លេខ​៣៩នេះ យើង​បង្កើន​ការ​ពិន័យ​ពី​៣ ​ទៅ​៥​ដង អ៊ីចឹង​ នឹង​រំពឹង​ពលរដ្ឋនឹង​មាន​ការ​គោរព​ច្បាប់​កាន់​តែ​កើន​ឡើង​ទៀត»។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ លោក គង់ វិមាន មាន​ប្រសាសន៍ថា​ កន្លង​ទៅ ​រដ្ឋាភិបាល​បាន​ចេញ​វិធាន​ការ​ច្បាប់​នានាពាក់ព័ន្ធ​នឹង​ចរាចរណ៍​នេះ តែ​ក៏​នៅ​មាន​ពលរដ្ឋមួយ​ចំនួន​តែងតែ​ចចេស​មិន​គោរពដែល​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចេះ​តែ​បន្ត​មាន។ លោកបន្ថែម​ថា ​វិធាន​ការពិន័យ​បន្ថែម​ថ្មី​នេះ​ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​ច្រើន​ចូល​រួម​គោរពច្បាប់​។

លោក ​គង់ វិមាន លើកឡើងថា​៖ «នៅពេល​មាន​ច្បាប់​តឹង​រ៉ឹង បងប្អូន​ឃើញ​ថា​ មាន​ការ​ពិន័យ​កាន់​តែ​ច្រើន​អ៊ីចឹង​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ច្រើន។ នៅ​ពេល​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ច្រើន កាលណា​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ច្រើន​ យើង​ក៏​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាន់​តែ​ច្រើន​ដែរ»។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ លោក ចក់ ចំរើន គាំទ្រចំពោះ​ចំណាត់​ការ​នេះ តែ​លោក​ស្នើ​ដល់​រដ្ឋាភិបាល​មាន​វិធាន​ការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បាន​យល់​ច្បាស់​ពី​ច្បាប់​ថ្មី​នេះ​ផងដែរ ជៀស​វា​ងការ​យល់​ច្រលំ​គ្នា​រវាង​ពលរដ្ឋ និង​សមត្ថកិច្ច​នាពេល​អនុវត្ត។

លោក​មាន​ប្រសាសន៍​ថា៖ «រាជរដ្ឋាភិបាល​គួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋទូទាំង​ប្រទេស​ហ្នឹង ​ឱ្យ​គាត់​មាន​ការយល់​ដឹង​ពី​ច្បាប់​នេះ​ឱ្យ​កាន់​តែច្បាស់ ​ជៀសវាង​រង​ផល​លំបាកដល់​ពួកគាត់​ពេល​ដែល​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​​ ឬ​ក៏​ការ​ផាក​ពិន័យ​ជា​ដើម»។

នាយក​វិទ្យា​ស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ មាន​ប្រសាសន៍​ថា​ ការ​ដំឡើង​ប្រាក់​ពិន័យ ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ដោះស្រាយបញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​ប៉ុណ្ណោះ តែ​លោក​ថា​ បញ្ហា​សំខាន់​នោះ​គឺ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅវិញទេ។ ​លោកក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​អំពើ​ពុករលួយ​ដែល​អាច​កើត​ចេញ​ពី​ការ​ដំឡើង​ប្រាក់​ពិន័យ​នេះ​ផង​ដែរ។

លោក​ថា៖ «ខ្ញុំ​មិន​ហ៊ាន​ថា​យ៉ាង​មេច​ទេ ព្រោះ​មិន​ឃើញ​ជាក់​​ស្ដែង តែ​កន្លង​មក យើងឃើញ​ថា ​ការ​ដាក់​ពិន័យ​ត្រឹម​១ម៉ឺន​៥ពាន់​ហ្នឹង​ អ្នក​ដែល​ខុស​ គាត់​សុខចិត្ត​បង់​១ម៉ឺន​ឱ្យ​ទៅ​ប៉ូលិស ហើយ​គាត់​សល់​បាន​៥ពាន់។ សម្រាប់​ខ្ញុំ​ គឺ​នៅ​លើ​សមត្ថកិច្ច​ខ្លួន​ឯង​ បើ​ចង់​ឱ្យ​ឥរិយាបថ​របស់​អ្នក​បើក​បរ​គាត់​កែ​ប្រែ ​សូម​ឱ្យ​គាត់​ធ្វើ​ប្រកប​ដោយ​តម្លាភាព​ទៅ។ តែ​បើ​គាត់​ថា​ គាត់​ធ្វើ​ដើម្បី​តែ​ក្រពះគាត់ ដើម្បីភាព​មាន​បាន​របស់​គាត់ បើ​ទោះ​បី​ថ្នាក់​លើ​ខិត​ខំ​យ៉ាងណា​ក៏​ដោយ​ បើសិន​ជា​អត់​មានបាន​ត្រួតពិនិត្យ​ឱ្យ​ច្បាស់​លាស់​ទៅលើ​ទង្វើរបស់​មន្ត្រី​មួយ​ចំនួន​​ទេ​ យើង​នឹង​គ្មាន​ប្រសិទ្ធភាព​ខាង​អនុវត្តន៍​ច្បាប់​ទេ » ។

ទោះ​ជា​យ៉ាងណា ​អគ្គស្នងការ​រងនគរបាល​ជាតិ​ លោក ហ៊ឹម យ៉ាន់ បាន​ការពារថា ​នឹង​គ្មាន​ទេអំពើ​ពុករលួយ​ក្នុង​ការ​អនុវត្ត​នេះ ​ដោយ​ថា ​រដ្ឋ​បាន​ផ្ដល់ការ​លើក​ទឹក​ចិត្ត​ច្រើន​ដល់​ប៉ូលិស​ចរាចរណ៍ ជាមួយ​គ្នា​និង​ការ​តាមដាន​ផង​ដែរ។

លោក​ ហ៊ឹម យ៉ាន៖ «កន្លង​ទៅ​ គឺ​ច្បាប់​កំណត់​ជូន​មន្ត្រី​នគរបាល​ចរាចរណ៍ ​គឺ​៧០​ភាគរយ​នៃ​ប្រាក់​ពិន័យ​អ៊ីចឹង​គាត់​ក៏​ត្រូវ​យល់​ពី​តួនាទី​ និងភារកិច្ច​ យល់​ពី​អ្វី​ដែល​ទទួល​បាន​នេះ ​វា​ប្រសើរ​ជាង​ទៅ​ទទួល​អ្វី​ដែល​មិន​ត្រឹមត្រូវ​នោះ។ […] ទីពីរ​ គឺ​ការ​ត្រួត​ពិនិត្យ ប្រព័ន្ធ​ត្រួត​ពិនិត្យ​របស់​យើង​មាន​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​របស់​អង្គភាព​ផង​ និង​ការ​រិះគន់​របស់​ប្រជាពលរដ្ឋផង អ៊ីចឹង​បណ្ដាញ​សង្គម​នានា​គឺ​អាច​ជួយ​ដល់​ការ​រិះគន់ ការ​កែ​តម្រូវ​អី​ដល់​កងកម្លាំង​នគរបាល ហើយ​តាម​រយៈ​នេះយើង​នឹង​កែ​លម្អ​ប្រតិបត្តិការ​របស់​យើង​គឺ​កាន់តែ​មាន​ប្រសិទ្ធភាព»។

​ថ្លែង​ក្នុង​ពិធី​បូក​សរុបការងារ​ខេត្ត​ព្រៃ​វែង​កាល​ពី​ថ្ងៃ​ទី១២ ខែមីនា ប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​ថ្លែង​ថា ​កន្លង​ទៅ ​រដ្ឋាភិបាល​អនុវត្តវិធាន​ការ​អប់រំ​ជា​ច្រើន ដែល​វា​ដល់​ពេល​អនុវត្ត​ឱ្យ​ខ្លាំង​វិញ​ហើយ​។ លោក​បន្ថែម​ថា​ ការ​ដំឡើង​ប្រាក់​ពិន័យ​នេះ​គឺក្នុង​គោ​ល​បំណង​ការពារ​ជីវិត​ពលរដ្ឋ និង​អំពាវ​នាវ​ឱ្យ​មនុស្ស​គ្រប់រូប​ចូល​រួម​អនុវត្តច្បាប់​ចរាចរណ៍​ឱ្យ​បាន​ពេញ​លេង​ផង​ដែរ។​

លោក​ថ្លែង​ថា៖ «មិន​មែន​ថាលេង​ធម៌​ក្ដៅ​អី​ទេ! តែ​ចង់​និយាយ​ថា ​យើង​លេង​តាមផ្លូវ​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ហើយ​សុំ​អំពាវនាវ​អ៊ីចឹង​! អំពាវនាវ​អ្នក​ទាំង​អស់​គ្នា​ មិន​ថា​អ្នក​តូច​ មិន​ថា​អ្នក​ធំទេ ទាំង​អស់​គ្នា​ហ្នឹងត្រូវ​គោរព​ច្បាប់​ទាំង​អស់​គ្នា​ បាន​ទៅ​រួច បើ​មិន​អ៊ីចឹង​ទេ ​មក​បន្ទោស​តែ​ប៉ូលិស តែ​មើល​មក​ខ្លួន​ឯង​មិន​គោរព​ផង​ អាមិន​គោរព​ហ្នឹង​ហើយ​វា​ទៅ​ជា​គំរូ គេ​ឃើញ​ទៅ​ថា​ អ្នក​ហ្នឹង​មិន​គោរព​ផង​ អញ​ទៅ​គោរព​អី ដល់​អ៊ីចឹង​ប៉ូលិស​គ្នា​ធ្វើ​ការ​មិន​កើត។ ដល់​គ្នា​ធ្វើ​ការ​មិន​កើត​ បែរ​ជា​ទៅ​បន្ទោស​ប៉ូលិស​ថា​ ប៉ូលិស​អន់»។

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជិត​ ២ពាន់នាក់(១៩៨១នាក់) កើន១២​ភាគ​រយ​ ខណៈ​អ្នក​​រងរបួស​ជាង​ ៦ពាន់នាក់(៦១៤១នាក់) កើន​២៩ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ភាគ​ច្រើន​នៃ​គ្រោះថ្នាក់​ទាំង​នេះ​បណ្ដាល​មក​ពី​ ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​កត្តាយានយន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ