រដ្ឋាភិបាល​កាត់​​​ដី​បឹង​​តាមោក​​ទំហំ​​៧៥​ហិកតា​ឱ្យ​សាលា​រាជ​ធានី​​បង្កើត​ជា​សួន​ និង​ឧទ្យាន​សាធារណៈ​

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាល​សម្រេច​កាត់ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ចំនួន៧៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឱ្យសាលារាជធានីភ្នំពេញ​ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។

នេះបើយោងតាម​​លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញកំពុងគូសប្លង់ រៀបចំធ្វើការអភិវឌ្ឍនៅតំបន់នោះនាពេលឆាប់ៗខាងមុខនេះ។ លោកបន្ថែម​ថា ​ការបង្កើតជាសួន និងឧទ្យានសាធារណៈនៅបឹងតាមោក នឹង​ធ្វើឱ្យពលរដ្ឋក្នុងរាជធានីមាន​ជម្រើសច្រើន​ មិនប្រមូលផ្តុំ​តែមួយកន្លែងដែលនាំឱ្យមានការកកស្ទះចរាចរណ៍។

លោកមានប្រសាសន៍ថា៖ «មនុស្សត្រូវការឧទ្យានជាតិ មានដើមឈើ មានភាពបៃតង ដើម្បីទ្រទ្រង់ទៅថ្ងៃអនាគត។  នេះជាការគិតគូរការងារបរិស្ថាន បើនិយាយពីកន្លែងសប្បាយ យើងត្រូវមានប៉ូលមួយផ្សេងទៀត ឬប៉ូលច្រើនទៀត ដើម្បីឱ្យប្រជាពលរដ្ឋទៅលេងកំសាន្ត ក្នុងន័យកាត់បន្ថយការកកស្ទះផ្តុំគ្នា នៅតាមមុខវាំង ឬកន្លែងណាមួយ ឥឡូវយើងមានកន្លែងលេងច្រើន យើងមានមុខវាំង យើងមាននៅវិមានឈ្នះៗ យើងបង្កើតនៅកន្លែងនេះ [នៅបឹងតាមោក] មួយទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងមានជម្រើស​ច្រើន គាត់ទៅលេងមិនផ្តុំគ្នាច្រើន»។

នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត (STT) លោក សឿន សារ៉ន មានប្រសាសន៍តាមរយៈបណ្តាញសង្គមថា រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោក៧៥ហិកតា ជៀសមិនផុតពីការប៉ះពាល់ដល់សហគមន៍ដែលរស់នៅជុំវិញ និងការប្រកបរបរនេសាទរបស់ពួកគេនៅទីនោះ។ ប៉ុន្តែ លោកស្នើទៅរដ្ឋភិបាលធ្វើយ៉ាងណាកុំឱ្យជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។

លោកមានប្រសាសន៍ថា៖ «ចង់មិនចង់ តិចឬច្រើន វានឹងមានផលប៉ះពាល់ ក្នុងនាមអង្គការសង្គមស៊ីវិល ខ្ញុំគិតថា រាជរដ្ឋាភិបាល លោកគួរតែធ្វើការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់ ទាំងបរិស្ថាន សង្គម និងសេដ្ឋកិច្ចទៅលើប្រជាពលរដ្ឋដែលពួកគេរស់នៅតំបន់នោះ។​ ហើយរបាយការណ៍ហ្នឹងគួរតែចេញផ្សាយជាសាធារណៈ ដើម្បីឱ្យមានតម្លាភាព​ និងគណនេយ្យភាពចំពោះអ្នកពាក់ព័ន្ធទាំងឡាយ»។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋ ដែលមានផ្ទៃដីសរុបប្រមាណ ៣ ២៣៩ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។

កាលពីខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាល ក៏បាន​សម្រេចកាត់ផ្ទៃបឹងតាមោកចំនួន២០ហិកតាតាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។

បើតាមរបាយការ​រណ៍សមាគមធាងត្នោត ឱ្យដឹងថា នៅជុំវិញបឹងតាមោកមានចំនួន ១៩ភូមិ ៥សង្កាត់ និងចំនួន២ខណ្ឌ (ព្រែកព្នៅ និងសែនសុខ)។ របាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងនោះបានអាស្រ័យផលពីបឹង មានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ