ជប៉ុន​រក​ឃើញ​ថ្នាំ​ព្យាបាល​វីរុស​កូរ៉ូណា​ថ្មី ខណៈ​ចិន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​វ៉ាក់សាំង​បង្ការ​

ក្រុមអ្នកស្រាវជ្រាវធ្វើការពិសោធន៍រកថ្នាំបង្ការ និងព្យាបាលលើមេរោគកូវីដ-១៩ នៅឯក្រុមហ៊ុនមួយក្នុងស្រុក Wuqing ភាគខាងជើងទីក្រុងធានជីន ប្រទេសចិន ឆ្នាំ២០២០។ (Xinhua/ANN)

ជប៉ុនរកឃើញថ្នាំប្រឆាំងមេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ ហើយគ្រោងផ្សព្វផ្សាយពីការប្រើប្រាស់របស់វា ខណៈចិនរកឃើញវ៉ាក់សាំ​ងបង្ការមេរោគឆ្លងនេះ។

តាមសារព័ត៌មាន NHK របស់ជប៉ុនបានឱ្យដឹងនៅថ្ងៃនេះថា ថ្នាំប្រឆាំងមេរោគកូវីដ-១៩ ឈ្មោះ Avigan អភិវឌ្ឍដោយក្រុមហ៊ុ​ន​ជ​ប៉ុន Fujifilm Holdings ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាពរបស់វាដោយមជ្ឈមណ្ឌលជាតិចិន បន្ទាប់ពីប្រើសា​កលើអ្នកជំងឺនៅក្រុងវូហាន និងស៊ិនជិន។

តាមប្រភពដដែល ប្រធានមជ្ឈមណ្ឌលជាតិចិនសម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា លោក Zhang Xinmin លើកឡើងក្នុងសន្និ​សី​​ទសារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃម្សិលមិញថា ថ្នាំនេះបានប្រើសាកល្បងដោយជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្រុងវូហាន ២៤០នាក់ និងនៅក្រុងសិនជិន ៨០នាក់។

លោកបញ្ជាក់ថា អ្នកជំងឺបានជាសះស្បើយរកលែងឃើញមេរោគក្នុងខ្លួន ក្រោយប្រើថ្នាំនេះជាម​ធ្យ​ម​ ៤ថ្ងៃ ខណៈអ្នកដែលមិនប្រើ ត្រូវការពេ​លមធ្យម ១១ថ្ងៃ ហើយពួកគេ ៩១ភាគរយមានលក្ខខណ្ឌសួតល្អប្រសើរឡើងវិញ ខណៈតួលេខនេះមានតែ ៦២ភាគរយសម្រាប់អ្នកមិនប្រើ។

លោក Xinmin បន្ថែមថា ថ្នាំនេះក៏មានសុវត្ថិភាពក្នុងការប្រើប្រាស់ផងដែរ និងត្រូវបានណែនាំជាផ្លូវការឱ្យប្រើដើម្បីព្យាបាលអ្ន​កជំងឺកូវីដ​-១៩ ហើយត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនចិនដែលទទួលបានអាជ្ញាបណ្ណពីក្រុមហ៊ុនជប៉ុន អាចផលិតក្នុងទ្រង់ទ្រាយធំបាន។

ទន្ទឹមនឹងគ្នានេះ ចិនបានប្រកាសដាក់ឱ្យដំណើរការសាកល្បងវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ដំបូងរបស់ខ្លួន ដែលអ​ភិវឌ្ឍដោយក្រុមឯកទេសជីវសង្គ្រាម នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន និងក្រុមអ្នកវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei។

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា វ៉ាក់សាំងនេះ ត្រូវបានប្រកាសចាប់ផ្តើមប្រើប្រាស់សាកល្បងនៅយប់ថ្ងៃម្សិ​លមិញ​ ក្នុងសន្និសីទកាសែតមួយនាទីក្រុងប៉េកាំង និងបន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ហើយកំពុងត្រៀមបញ្ជូនចូលក្នុងស​​ង្វា​ក់​ផលិតកម្មទ្រង់ទ្រាយធំ។

យោងតាមប្រភពដដែល លោកស្រី Chen Wei ដែលគេស្គាល់ថា ជាអ្នកបញ្ចប់ជីវិតមេរោគអេបូឡា ថ្លែងប្រាប់ទូរទស្សន៍រដ្ឋចិន CCTV អំ​ឡុ​ងសន្និសីទថា វ៉ាក់សាំងដំបូងនេះ នឹងក្លាយជាអាវុធវិទ្យាសាស្រ្តខ្លាំងក្លា​បំផុតរបស់ប្រទេសចិន សម្រាប់បញ្ចប់ជីវិតមេរោគរាតត្បាតកូរ៉ូណា​ថ្មី។

គិតត្រឹមរសៀលថ្ងៃពុធនេះ មេរោគកូវីដ-១៩ បានស្លាប់មនុស្សអស់ជិត ៨ពាន់នាក់ និងអ្នកជំងឺជាង ៨ម៉ឺន២ពាន់នាក់បានជាសះស្បើយ ក្នុងចំ​ណោមអ្នកឆ្លងជិត ២សែននាក់។ ក្នុងនោះ ​ករណីឆ្លង និងស្លាប់ជាង ៤០ភាគរយ កើតឡើងនៅប្រទេសចិនដីគោកដែលជាប្រភពមេរោគ។

តាមប្រភពពីសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា រហូតមកទល់ពេលនេះមិនទាន់មានថ្នាំព្យាបាលជាក់លា​ក់ណាមួយត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ។ អ្នកជំងឺជាសះស្បើយភាគច្រើន ដោយសារប្រព័ន្ធការពារក្នុ​ងខ្លួនពួកគេរឹងមាំ។

ប្រភពដដែលឱ្យដឹងបន្ថែមថា អ្នកដែលលេចអាការក្អក ឬឡើងកម្តៅក្នុងខ្លួនខ្លាំង និងទើបមកពីក្រៅប្រទេស ឬប៉ះផ្ទាល់ជាមួយអ្នកមានបញ្ហាសួ​ត​ គួរកុំចា​កចេញពីផ្ទះ ហើយនៅឱ្យឆ្ងាយពីអ្នកដទៃរយៈពេល១៤ថ្ងៃ។ បើអាការប្រែប្រួលកាន់តែអាក្រក់ក្នុងរយៈពេល៧ថ្ងៃ ត្រូវប្រ​ញា​​ប់ទាក់ទងទៅមន្រ្តីសុខាភិបាលទទួលបន្ទុកជំងឺកូវីដ-១៩ជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ