ប្រសិទ្ធ​ភាព​​នៃ​​វិធានការ​​បង្ការ​​កូរ៉ូណា​​ថ្មី​​ស្ថិត​​ក្នុង​​មន្ទិល​​សង្ស័យ​​ ក្រោយ​​ការ​​ឆ្លង​​កើន​​ដល់​​២៤​​ករណី​

(រូបខាងក្រោយ) សកម្មភាពផ្សេងៗដែលក្រសួងសុខាភិបាលអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់នូវមេរោគកូវីដ-១៩ និង (រូបខាងមុខ) លោក ហ៊ុន សែន ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ CDC និង ហ្វេសប៊ុកលោក ហ៊ុន សែន)

មេរោគកូរ៉ូណាថ្មី ឬកូវីដ១៩ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ជាមេរោគ​រាតត្បាតជាសកលនៅខែមីនានេះ បន្ទាប់​ពី​វា​បានឆ្លងរាលដាលទៅដល់​ប្រទេស និងដែនដី​ចំនួន១៤២ ​នៅ​ទូទាំង​ពិភពលោក ក្នុងនោះមនុស្សជាង ១៧ម៉ឺន(១៧៤,៨១៨)នាក់ បានឆ្លងរោគ ​ហើយ​មនុស្សជាង​​ ៦ពាន់(៦,៦៨៦)នាក់ បាន​ស្លាប់ គិតត្រឹមថ្ងៃទី១៦ ខែ​មីនា។

សម្រាប់​កម្ពុជា​វិញ ការ​ឆ្លងមេរោគ​កូរ៉ូណា​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​ថា បាន​កើន​ឡើង​ដល់​ចំនួន ២៤​ករណី​ថ្មី ក្នុង​នោះ​មាន​ពលរដ្ឋ​កម្ពុជា ១៦​នាក់ និង​ជន​បរទេស​ ៨​នាក់។ ក្នុង​នោះ ​ករណី​ឆ្លង​ដំបូង​ទៅ​លើ​បុរស​ជន​ជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ខែ​មករា​កន្លង​មក ត្រូវ​បាន​ប្រកាស​ថា បាន​ជា​សះ​ស្បើយ​​ហើយ។

ទាក់ទងនឹងកម្រិតនៃការរីករាលដាលនៃកូវីដ១៩នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ អ្នកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់វីអូឌីតាមប្រព័ន្ធអេឡិចត្រូនិចថា ប្រជាពលរដ្ឋខ្មែរមិនត្រូវ​ភ័យខ្លាចខ្លាំងពេកទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

អ្នកស្រី ឱ វណ្ណឌី​ន៖ «កុំភ័យពេក​ ការបារម្ភលើសុខភាពជាការត្រឹមត្រូវ​ ក៏ប៉ុន្តែ​ ត្រូវយល់ដឹងថា​ មិនទាន់មានករណីឆ្លងនៅក្នុងសហគមន៌នៅឡើយទេ។ ក្រុមការងារកំពុងបន្តកិច្ចការសំខាន់ៗទៀតយ៉ាងសកម្ម​ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជូនសាធារណជនបន្ថែមទៀត​ បើមានការវិវត្តន៌ថ្មីណាមួយ»

ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋមួយចំនួនបានបារម្ភចំពោះសុវត្ថិភាព និងចំពោះការរីករាលដាល​នៃជំងឺកូវីដ១៩។ អ្នកសារព័ត៌មានវីអូឌី បានសាកសួរអាជីវករនៅតាមផ្សារមួយចំនួននៅភ្នំពេញ ដោយអាជីវករទាំងនេះ ឱ្យដឹងថា ពលរដ្ឋបារម្ភខ្លាំងទើបនាំជំរុញឱ្យពួកគេសម្រុកទៅទិញម៉ាស់រហូតធ្វើឱ្យតម្លៃម៉ាស់ឡើងថ្លៃជិត ១០ដងនៃតម្លៃ​ធម្មតា ហើយ​តម្លៃអាល់កុលឡើងថ្លៃប្រហែលប្រមាណ ២ដងលើសតម្លៃធម្មតា។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៩ ខែមីនា បាន​កត់​សម្គាល់ថា ​ប្រជាពលរដ្ឋបាននាំគ្នាសម្រុក​ទិញ​ទំនិញ​ច្រើនខុសប្រក្រតី​ ក្នុងនោះ​ហាង​មួយចំនួន​តូច បាន​ឆ្លៀតឱកាសលក់​ដំឡើងថ្លៃម៉ាស់ការពារមុខ អាល់កុលលាងដៃ និងទំនិញ​ចាំបាច់​មួយចំនួន​ទៀត។ ក្រសួងថា​ ការដំឡើងថ្លៃបែបនេះ អាចបង្កឱ្យមាន​ចលាចល​ក្នុងសង្គម​ធ្ងន់ធ្ងរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើង ២ថ្ងៃក្រោយក្រសួងសុខាភិបាល​ប្រកាសពីករណីបុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំឆ្លងមេរោគកូវីដ១៩ នៅខេត្តសៀមរាប។

វិធានការដំបូងនៃការត្រួតពិនិត្យរបស់អាជ្ញាធរ

រយៈពេលជាង ២ខែកន្លះហើយ ដែល​ពិភព​លោក​ប្រឈម​មុខ​នឹង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណាថ្មី ដែល​ភាសា​វេជ្ជសាស្ត្រ​ហៅ​ថា កូវីដ១៩ (Covid-19) បើគិតចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ។

ដំណាក់កាលដំបូង ប្រទេសមួយចំនួនរួម​មាន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា កូរ៉េខាងជើង រុស្ស៊ី អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ​បានសម្រេចរឹត​បន្តឹង​ការ​ចេញចូលរបស់ជន​ជាតិចិនមក​ពីទីក្រុង​វូហាន​ដែល​ជា​តំបន់ផ្ទុះជំងឺ។ បន្ទាប់មក អំឡុងចុងខែមករា ឆ្នាំ២០២០ ប្រទេសមួយចំនួននៅជាប់ចិន​ បានសម្រេចបិទព្រំដែនហាមមិនឱ្យ​ពលរដ្ឋ​ចិនចូលតែម្តង។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្លូវការ​ពីហានិភ័យនៃ​មេរោគកូរ៉ូណា​កាលពីថ្ងៃទី២១ ខែ​មករា។ ក្រសួងសុខា​ភិបាល បានចេញសេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយបញ្ជាក់ប្រាប់ពលរដ្ឋឱ្យប្រុងប្រ​យ័ត្ន​​​ក្នុង​ការការពារ​សុខភាព​ពី​ការឆ្លង​ជំងឺ​​កូរ៉ូណាថ្មី។

ក្រសួងសុខាភិបាល​ បានផ្ដើម​ដាក់​ម៉ាស៊ីន​ស្គែន​កម្ដៅ​នៅ​​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប បាវិត តាមច្រកព្រំដែនប៉ោយប៉ែត ច្រកព្រំដែនព្រែកចាក និង​ស្រាវជ្រាវ​រក​ករណី​សង្ស័យ ដើម្បីដាក់ជននោះនៅបន្ទប់ដាច់ដោយឡែក​ជាដើម។​

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល លោករដ្ឋមន្ត្រី​សុខាភិបាល​ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «យើងបុគ្គលិកសុខាភិបាល ២,០០០នាក់ ដើម្បីឆ្លើយតបស្ថានការណ៍អាក្រក់ដែលកើតឡើងជាយថាហេតុ។ យើងមានបទពិសោធន៍គ្រប់គ្រាន់​ក្នុងការការពាររោគរាតត្បាតលើកមុនៗ​ដូចជា ជំងឺសារ និង​ជំងឺមើ ជាដើម»

ក្រសួង​សុខាភិបាល​កម្ពុជា​នៅថ្ងៃទី២៧ ខែមករា បាន​ប្រកាស​អំពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជា​លើក​ដំបូង​​លើ​បុគ្គលក​ជន​ជាតិ​ចិន​ម្នាក់​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​វូហានមកកាន់ខេត្តព្រះសីហនុ។ លុះ ១៥ថ្ងៃក្រោយមក អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនម្នាក់នោះត្រឡប់​​ទៅចិនវិញ ដោយបញ្ជាក់ពីការជាសះស្បើយពីជំងឺ។

​បុរស​ជន​ជាតិ​ចិន លោក ចា ជៀនហួ (Jia Jianhua) ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយពេលការពិនិត្យមិនមានមេរោគកូរ៉ូណា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសន្និសីទកាសែតដ៏កម្រមួយនៅថ្ងៃទី៣០ ខែមករា ដើម្បីឆ្លើយតបស្ថានការណ៍មេរោគកូរ៉ូណាថ្មី។ លោក ហ៊ុន សែន ប្រកាសឱ្យ​មន្ត្រីការទូតកម្ពុជានៅចិន និងនិស្សិតខ្មែរដែលរៀននៅចិន តស៊ូជាមួយចិនក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគនេះ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «រឿង​អី​ពេល​សុខ​ស្រួល​នៅ​ជា​មួយ​គ្នា ពេល​លំបាក​បែរ​ជា​រត់​ចោល​គ្នា? បើ​ខ្ញុំ​ជា ​ស៊ី ជិនពីង ឬ​ក៏​ជា​ លី ឃឺ​ឈាង គឺ​ខ្ញុំ​អត់​ឱ្យ​ទេ! ហែង​រត់​ចោល​អញ​ហើយ ​អ្ហែង​មក​ធ្វើ​អី​ទៀត។ អាហ្នឹង​ យើង​សាក​គិត​ខ្លួន​គេ​ខ្លួន​យើង​ទៅចុះ!»។

លោក ហ៊ុន សែន ក៏បានប្រកាសបញ្ចប់​ការទាមទារឱ្យបិទជើងហោះហើរពីចិនមកកម្ពុជា។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «សំណូមពរបិទជើងហោះហើរពីចិន ជាការសម្លាប់ផ្នែកមួយនៃសេដ្ឋកិច្ចជាតិ និងកាត់បន្ថយ​ទំនាក់ទំនង​ល្អរវាងកម្ពុជាចិន»

វិធីបញ្ច្រាស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

នៅដើមខែកុម្ភៈ ក្នុងអំឡុងពេលដែលប្រទេសជប៉ុន​ អាល្លឺម៉ង់ និងអាមេរិក ប្រកាសជម្លៀស​ពល​រដ្ឋ​ខ្លួនចេញពីចិន មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បានប្រ​កាស​ដំណើរទស្សនៈមួយទៅកាន់ទីក្រុងវូហានប្រទេសចិន។

លោក ហ៊ុន សែន ថ្លែងថា ដំណើរនោះ គឺដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ និងលើកទឹកចិត្តប្រជា​ជន​ចិននៅទីនោះ។ ២ថ្ងៃបន្ទាប់ គឺនៅថ្ងៃទី០៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី​បានប្រកាស​ថា ចិនមិនអនុញ្ញាតឱ្យលោកទៅតំបន់ផ្ទុះជំងឺឡើយ ដោយទទួល​លោកត្រឹមទីក្រុងប៉េកាំង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបមេដឹកនាំកំពូលទាំងបីរបស់ចិន រួមមាន ប្រធានា​ធិបតី លោក ស៊ី ជីងពីង នាយករដ្ឋមន្ត្រី លី ឃឺជាង និងរដ្ឋមន្ត្រីការបរទេស លោក វ៉ាង​ យី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

កម្ពុជាបានអនុញ្ញាតឱ្យនាវា MS Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។ នាវាមួយនេះ បានចំណាយពេល ២សប្ដាហ៍នៅលើផ្ទៃសមុទ្រ បន្ទាប់ពីវាត្រូវបានបដិសេធមិនឱ្យចូលចតពីសំណាក់ប្រទេស និងដែនដីកោះចំនួន៥ រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាំ ហ្វីលីពីន និងថៃ។

ទំនាស់ពាក្យសម្ដីការទូត បានកើតឡើងរវាងកម្ពុជា និងម៉ាឡេស៊ី បន្ទាប់ពីម៉ាឡេស៊ីប្រកាសថា រកឃើញស្ត្រីម្នាក់វ័យ ៨៣ឆ្នាំ ដែលជិះក្នុងនាវា MS Westerdam ដែលធ្វើដំណើរពីកម្ពុជា​ទៅម៉ា​ឡេស៊ី មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Co​vid-19។ ៣ថ្ងៃក្រោយមក ម៉ាឡេស៊ីប្រកាសវិញថា ស្ត្រី​ម្នាក់​នោះជាសះស្បើយជំងឺរួចហើយ។

កម្ពុជាក៏បានទទួលការសាទរកោតសរសើរពីបណ្ដាប្រទេសមួយចំនួនដែលមានពលរដ្ឋខ្លួនជាប់នៅលើនាវាដូចយ៉ាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការអរគុណកោតសរសើរ​ពីសំណាក់​នាយកអង្គការសុខភាពពិភពលោក​ (WHO) ជាដើម ។

ការត្រៀមថវិកាដើម្បីទប់ទល់នឹងកូវីដ១៩

កម្ពុជាមានថវិកាជាតិសម្រាប់ចំណាយក្នុងវិស័យសុខាភិបាលចំនួនជាង ៥២៥លានដុល្លារនៅ​ឆ្នាំ២០២០នេះ។ នេះបើតាមច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលព្រះមហាក្សត្របានឡាយ​ព្រះ​ហស្តលេខា​ដាក់​ឱ្យប្រើ​កាលពីខែធ្នូឆ្នាំមុន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីចុងខែមករាកន្លងទៅថា ថវិកាជាតិសម្រាប់​ក្រសួង​សុខាភិបាលនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីទប់ទល់នឹងមេរោគកូរ៉ូណា​ថ្មីនេះ​។ ​លោកថា កម្ពុជាមានប្រាក់គ្រប់គ្រាន់ដើម្បីដោះស្រាយ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំមិនបញ្ជាក់ថា យើងត្រៀមប្រាក់ប៉ុន្មានទេ តែខ្ញុំសូមប្រាប់ថា បើត្រូវ​ចាយប៉ុន្មានក៏យើងចាយដែរ ទោះអស់ ១ពាន់លានដុល្លារក៏ដោយ»

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា ឥទ្ធិពលនៃជំងឺ COVID-19 នឹងអាចនាំឱ្យកម្ពុជា​ខាតបង់ថវិកាយ៉ាងតិចណាស់ជិត ៣៥០លានដុល្លារក្នុងឆ្នាំ២០២០នេះ ហើយ​ទំហំ​នៃ​ការ​ខូច​ខាត​មក​លើ​សេដ្ឋកិច្ច​ប្រទេស​មួយ​នេះ អាច​មាន​ទំហំ​កាន់តែ​ធំ​ថែម​ទៀត។

ធនាគារ​​មួយ​នេះ បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​របាយការណ៍​សង្ខេបរបស់​ខ្លួន​​មានចំណងជើងថា​ «អ្វីជាផលប៉ះពាល់ផ្នែក​សេដ្ឋកិច្ច​បណ្ដាល​មកពីការរីករាលដាលនៃ COVID-19 នៅអាស៊ី»កាលពីដើមមីនា។

ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រៀមថវិកាចន្លោះ​ពី ៨០០លានដុល្លារ​ ទៅ ២ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងបញ្ហាប្រ​ឈមផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈ បណ្ដាលមកពីកូវីដ១៩។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន នៅថ្ងៃទី១៦ ខែមីនា មានប្រសាសន៍ប្រាប់​វីអូឌីថា ក្រសួងសេដ្ឋកិច្ចបានបញ្ចេញប្រាក់បណ្ដើរៗ​ហើយ ទៅឱ្យក្រសួង​សុខាភិបាល សម្រាប់​ប្រើ​ប្រាស់​ក្នុង​សកម្មភាព​ទប់​ទល់​នឹង​មេរោគកូវីដ១៩នេះ។

លោក មាស សុខសេនសាន ប្រាប់​ថា​៖ «ជំហានៗយើងអាចវាយតម្លៃដំបូងត្រឹម ៨០០លាន បន្ទាប់មក​ដល់ ២ពាន់លានដូចប្រសាសន៍សម្តេច។ ផែនការ​ជាក់​​លាក់ផ្ទាល់ហ្នឹង យើងផ្ដល់ ៦០​លាន​ដុល្លារ។ យើងបញ្ចេញបណ្ដើរៗ ប្រើប្រាស់ថវិកា​បណ្ដើរ​ៗ​ហើយ ក្នុងការចាត់ចែងការងារ​ចាំបាច់ទាំងអស់ហ្នឹង»

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ​បានថ្លែងក្នុងសន្និសីទកាសែត​កាលពីខែ​កុម្ភៈ​ថា ការចំណាយលើផ្នែកសុខាភិបាលនឹងកើនឡើង ដើម្បីទប់ទល់នឹងមេរោគនេះ។ អ្នក​ស្រី បន្ថែមថា ថវិកាទាំងនោះ នឹងអាចចំណាយលើ​​បរិក្ខារវេជ្ជសាស្ត្រ​ ឱសថ និង​សម្ភារចាំ​បាច់សម្រាប់អ្នកជំងឺផង។

ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថ្លែងប្រាប់វីអូឌីថា វិធានការដែល​រដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់នោះ តែង​មាន​ចន្លោះ​​​ប្រហោងខ្លះ ដូចជាករណី​រកមិន​ឃើញ​អ្នកជំងឺនៅខ្មែរ តែពេលទៅដល់បរទេស​គេរក​ឃើញ​ជាដើម។ តែទោះជាយ៉ាងណា ​លោក​លើកទឹកចិត្តឱ្យរដ្ឋាភិបាលប្រឹងប្រែងបន្ថែម​ទៀត ​ដើម្បីទប់ទល់ការរីករាលដាលនៃកូវីដ១៩ នេះ។

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី

លោក មាស នី មាន​ប្រសាសន៍​ថា​៖ «នៅពេលនេះ លែងជាពេលបន្ទោសគ្នាហើយ ជា​ពេលដែលរួមគ្នាទប់​ទល់​ការរីករាលដាលនៃមេរោគនេះ។ រាជរដ្ឋាភិបាលត្រូវការពារ និងចាត់វិធានការចំពោះជនឱកាសនិយម ដែលឆ្លៀតដំឡើង​តម្លៃ​ទំនិញអីជាដើមនៅក្នុងពេលដ៏លំបាកនេះ»

ប្រធានអង្គការគណនេយ្យភាពសង្គម លោក សន ជ័យ មានប្រសាសន៍ថា វិធានការខាងលើមិនគ្រប់គ្រាន់នៅឡើយ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងទូលំទូលាយពីជំងឺកូវីដ១៩នេះទេ។

សន ជ័យ
ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​​កម្ពុជា លោក សន ជ័យ

លោក សន ជ័យ ប្រាប់​ថា​៖ «ក្រុមអ្នកមានចំណេះដឹង គេយល់ដឹងច្រើនពីវីធីការពារអនាម័យ តែសម្រាប់អ្នកលក់ដូរនៅតាមផ្សារ តាមទីសាធារណៈ ទៅដល់សហគមន៍ក្រីក្រ អ្នកលក់បន្លែ អ្នករត់ម៉ូតូឌុប ស្ត្រីបម្រើសេវាកម្សាន្ត សុទ្ធតែ​ជា​រឿងដែលអាជ្ញាធរ ត្រូវ​មានយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ សិស្សសាលារួចមួយក្រុមហើយ ព្រោះគេបិទសាលា តែសម្រាប់សហគមន៍នៅមិនទាន់មានការយល់ដឹងនៅឡើយ»

អាជ្ញាធរកម្ពុជា បានចេញវិធានការមួយចំនួនដើម្បីទប់ទល់កូវីដ១៩នេះ រួមមាន វិធានការរបស់ក្រសួងអប់រំក្នុងការអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់នៅទូទាំងប្រទេស ចូល​វិស្សមកាលមុនពេលកំណត់ វិធានការលុបអង្គរសង្ក្រាន្តនៅសៀមរាប ដែលអនុម័ត​ដោយអភិបាលខេត្ត​សៀមរាបជាដើម។

ទោះជាយ៉ាងណាក្ដី អាជ្ញាធរសុខាភិបាលកម្ពុជា មិនទាន់បានចេញបំរាម​ស្ដីពីការជួបជុំប្រមូលផ្តុំគ្នានៅឡើយ។ កម្មវីធីបុណ្យទន្លេមានមនុស្សរាប់ពាន់នាក់ចូលរួមទើបបញ្ចប់កាលពីថ្ងៃអាទិត្យ កម្មវិធីប្រដាល់ ការប្រគុំតន្ត្រី ពិធីបុណ្យ មង្គលការ ពិធីសាសនា នៅតែដំណើរការជាធម្មតា។

ក្រសួងសុខាភិបាល ទើបចេញលិខិតផ្លូវការមួយផ្ញើទៅចៅហ្វាយខេត្តគ្រប់ខេត្ត ឱ្យបង្កើតគណៈកម្មាការប្រយុទ្ធជំងឺកូវីដ១៩ នៅតាមបណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដើម្បីទប់ទល់ការរីករាលដាលនៃមេរោគនេះនៅល្ងាចថ្ងៃទី១៦ ខែមីនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ