តុលាការដោះលែងម្ចាស់ពានរង្វាន់វីរជនបរិស្ថាន និងសកម្ម​ជន​៣​នាក់ តែ​ដាក់​លក្ខ​ខណ្ឌ​ពីរ​ចំណុច​

(កណ្ដាល ពាក់អាវយឺត) លោក អ៊ូច ឡេង និងសកម្មជនបរិស្ថានព្រៃឈើ ៣នាក់ទៀត ត្រូវបានសាលាដំបូងខេត្តក្រចេះធ្វើការដោះលែងឱ្យមានសេរីភាព តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។ (Ma Chettra)

ម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize និងសកម្មជនព្រៃឈើ៣រូបទៀត ត្រូវបានសាលាដំបូងខេត្តក្រចេះ សម្រេចដោះលែងឱ្យមានសេរីភាពវិញ ប៉ុន្តែ ត្រូវធ្វើតាម​លក្ខខណ្ឌចំនួន២របស់​តុលាការ​។

ម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង មានប្រសាសន៍ថា ព្រះរាជអាជ្ញាខេត្តក្រចេះ បានសម្រេចដោះលែងរូបគាត់ និងសកម្មជនបីរូបទៀត រួមមាន ​លោក ខេម សុឃី ​លោក ស្រី ថី ហើយនិងលោក មេន ម៉ាត់ ឱ្យមានសេរីភាពវិញ ប៉ុន្តែ លោកថា តុលាការបានឱ្យលោកធ្វើលិខិតដាក់លក្ខខណ្ឌចំនួនពីរចំណុច រួមមាន ឱ្យលោកផ្អាកសកម្មភាពការងាររបស់ខ្លួនបណ្តោះអាសន្ន និងឱ្យទៅបំពេញបែបបទជូនដំណឹងទៅក្រសួងមហាផ្ទៃ ដើម្បីសុំដំណើរការអង្គការរបស់លោកស្របតាមច្បាប់។

វីរជនបរិស្ថានរូបនោះបញ្ជាក់ថា អង្គការរបស់លោកត្រូវបានអតីតប្រធានអង្គការដែលត្រូវគេបាញ់សម្លាប់ឈ្មោះ ឈុត វុទ្ធី បង្កើតឡើងស្របតាមច្បាប់ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងអតីតប្រធាននោះ ផ្ទេរសិទ្ធិឱ្យលោកគ្រប់គ្រងបន្តផងដែរ។

លោក អ៊ូច ឡេង ចាត់ទុកការសម្រេចរបស់តុលាការថា លំអៀងទៅក្រុមហ៊ុនច្រើនជាងផ្តល់យុត្តិធម៌ឱ្យរូបលោក។

លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនខលទៅប៉ូលីស តែប៉ូលីសខលទៅព្រះរាជអាជ្ញា ឱ្យព្រះរាជអាជ្ញាចាត់វិធានការតែម្តង ព្រះរាជអាជ្ញាគាត់បំពេញនីតិវិធីបែបបទ ដើម្បីតម្រូវចិត្តក្រុមហ៊ុន ធ្វើម៉េចឱ្យឃាត់ខាងក្រុមខ្ញុំឱ្យទាល់តែបាន ឱ្យខានតែបាន និយាយឱ្យសាមញ្ញ ដូចភាសាររកស៊ី អស់ប៉ុន្មានអស់ទៅឱ្យតែឃាត់ពួកហ្នឹងបាន»។

ទាក់ទិននឹងករណីនេះ ក្រុមអ្នកស្រលាញ់បរិស្ថានប្រហែលជាជិត៤០នាក់ បានប្រមូលផ្តុំនៅមុខសាលាដំបូងខេត្តក្រចេះចំនួនពីរថ្ងៃនេះផងដែរ ដើម្បីទាមទារឱ្យតុលាការដោះលែងលោក អ៊ូច ឡេង និងសកម្មជន៣រូបទៀត មានសេរីភាពវិញ និងឈប់យាយីលើអ្នកការពារបរិស្ថានផងដែរ។

សកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា ព្រមានថា បើតុលាការនៅតែគំរាមកំហែង និងបន្តធ្វើទុក្ខបុកម្នេញលើលោក អ៊ូច ឡេង និងសកម្មជនបរិស្ថានទាំង៣រូបនោះ ពួកគេនឹងនាំគ្នាធ្វើបាតុកម្មទាមទារយុត្តិធម៌ ដើម្បីការពារធនធានធម្មជាតិជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា ដែលតាមដានអង្កេតរឿងនេះផ្ទាល់ មានប្រសាសន៍ថា បន្ទាប់ពីព្រះរាជអាជ្ញាសាកសួរ និងចាក់វីដេអូនៅព្រឹកថ្ងៃនេះ ពាក់ព័ន្ធនឹងវីដេអូដែលសមត្ថកិច្ចរឹបអូសពីលោក អ៊ូច ឡេង និងសកម្មជន៣រូបទៀត មិនឃើញមានសកម្មភាពណាថាពួកគេចូលទៅក្នុងទីតាំងក្រុមហ៊ុននោះទេ។

មន្ត្រីស៊ើបអង្កេតរូបនោះ ចាត់ទុកការសម្រេចរបស់តុលាការ ដែលដាក់ឱ្យលោក អ៊ូច ឡេង និងសកម្មជនផ្សេងទៀត ស្ថិតក្នុងលក្ខខណ្ឌពីរចំណុចនោះ ជារឿងមិនត្រឹមត្រូវ។ លោកជំរុញទៅតុលាការ គួរតែធ្វើការស៊ើបអង្កេតលើក្រុមហ៊ុន ដោយយករូបភាពកាប់ឈើដែលលោក អ៊ូ​ច ឡេង ថតបាន ជាជាងចោទប្រកាន់សកម្មជនការពារព្រៃឈើ។

លោកមានប្រសាសន៍ថា៖ «ភ្ញាក់ផ្អើល​ដែរ ព្រោះការបង្ហាញវាអត់មានភស្តុតាងណាដែលបង្ហាញថា លោក អ៊ូច ឡេង ឬក៏សកម្មជនទៅក្នុងក្រុមហ៊ុនទេ រូបភាពព្រៃឈើដែលលោកថតរូបឈើភ្ជាប់ជាមួយនឹង GPS ទីតាំងបំផ្លិច​បំផ្លាញព្រៃឈើទៅវិញទេ។ អញ្ចឹង វាជាតម្រុយភស្តុតាងមួយទៀត ដែលក្នុងនាមលោកជាព្រះរាជអាជ្ញា ជាអ្នកអនុវត្តច្បាប់ គួរតែទទួលយកភស្តុតាងទាំងអស់វិញ ដើម្បីសហការជាមួយគាត់ [លោក អ៊ូច ឡេង] បើកការស៊ើបអង្កេតទៅលើក្រុមហ៊ុន [ឈ្មោះ ស៊ីងបាយអូតិក] វិញបានត្រូវ»។

វីអូឌី មិនអាចទំនាក់ទំនងទៅព្រះរាជអាជ្ញារង លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង សៅ វុទ្ធី និងព្រះរាជអាជ្ញា កែវ សុជាតិ បានទេនៅរសៀលថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកការពារព្រៃឈើទាំង៤នាក់នោះ ត្រូវបានបុគ្គលិកក្រុមហ៊ុនឯកជនមួយឈ្មោះ ស៊ីងបាយអូតិក (Think Biotech) ចាប់ឃាត់ខ្លួន​កាលពីព្រឹក​ថ្ងៃទី​១៣ ខែមីនា នៅចំណុចដំបូកស ភូមិរមួល ឃុំបឹងចា ស្រុក​សំបូរ ខេត្តក្រចេះ ។

ទាក់ទងនឹងសំណុំរឿងនេះដែរ អង្គការចំនួន៦ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ​ បាន​អំពាវនាវទៅសមត្ថកិច្ចខេត្តក្រចេះ រក្សាសុវត្ថិភាព និងដោះលែងអ្នកទាំង៤នាក់ ដោយគ្មានលក្ខខណ្ឌ និងស្នើឱ្យធ្វើការស៊ើបអង្កេត ចំពោះភាពមិនប្រក្រតីនៃការឃាត់ខ្លួនសកម្មជនការពារបរិស្ថានទាំង៤នាក់នោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ