កសិករ​នៅ​ឃុំ​មួយ​នៃ​ស្រុក​​កោះធំត្អូញ​ត្អែរ​​ថា ថ្នាំ​​បាញ់​ស្មៅ​ប្រើ​យូរ​ទៅ​​កាន់​​តែ​​​គ្មាន​ប្រសិទ្ធភាព​

លោក ខុម វុឌ្ឍី មានអាយុ៣៤ឆ្នាំ កសិករ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មើលស្រែរបស់ខ្លួន​មុនពេលច្រូត កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២០។ (រូបភាព៖មុំ សាអឿន)

ប្រជាកសិករមួយចំនួន​នៅឃុំព្រែកស្ដី ស្រុកកោះធំ​ ខេត្តកណ្ដាល​ បាន​លើកឡើងថា ​ឆ្នាំ​នេះពួក​គាត់ធ្វើស្រែមិនសូវបានផល​នោះទេ ដោយ​សារ​បញ្ហា​ស្មៅដុះច្រើន ប៉ុន្តែ ពុំអាចរកថ្នាំណាដែលអាចសម្លាប់​ស្មៅទាំងនោះឱ្យ​មានប្រសិទ្ធភាព​​ឡើយ។

កសិករ​អាយុ ៤២ឆ្នាំ នៅភូមិពោធិ៍រាមា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្ត​កណ្តាល លោក ស្រ៊ុន កាក់ ​​បានរៀប​រាប់ ប្រាប់​ថា ស្រូវប្រាំង​ឆ្នាំនេះ​មិនទទួលបាន​ទិន្នផលល្អ​ដូចឆ្នាំ​មុនៗទេ។ លោក កាក់ បានលើក​ឡើង​ថា​ បញ្ហានេះ​បណ្តាល​មកពី​ស្មៅ​ដុះច្រើន​​​ ដូចជា​ ស្មៅកន្ទុយឆ្កែ ស្មៅកំប្លង កក់កណ្ដៀរ ជាដើម​។ លោកបន្តទៀតថា ផ្ទៃដី របស់លោក​ ១ហិកតា គ្រាន់តែចំណាយ​លើការ​បាញ់ថ្នាំស្មៅ​៤ដង ដោយពេលបាញ់ម្តងៗ​ត្រូវ​ចំណាយ​ប្រាក់ អស់​ចន្លោះ​ពី១០ម៉ឺន ​ទៅ១៥​ម៉ឺនរៀល ។

កសិករ​រូប​នេះបាន​សាកល្បង​​ប្រើថ្នាំ​ច្រើន​ប្រភេទផងដែរ​​ ប៉ុ់ន្តែ​ ស្មៅ​នៅតែ​មិនងាប់។ កសិករ​រូបនេះ​ថា ប្រភេទ​​ថ្នាំទាំងអស់​ គុណភាព​ល្អបាន​តែដំបូង​ តែ​នៅ​ពេល​​ប្រើយូរទៅ ថយគុណភាព​ បាញ់លែង​ងាប់ស្មៅទៅវិញ​។

លោក ស្រ៊ុន កាក់ និយាយថា៖ «ជួបរោងកាហ្វេ ជួបពេលណាក៏ដោយត្អូញដាក់តែគ្នាថា បញ្ហាស្មៅបាញ់អត់ ងាប់»។

កសិករ​រូបនេះ​ស្នើ​ឱ្យ​​ក្រសួងកសិកម្ម​ចុះផ្ទាល់​សិក្សាពី​​ប្រភេទ​ស្មៅ​ទាំងអស់​នោះ​ ហើយប្រាប់ប្រជាពលរដ្ឋ​ថាថ្នាំណា​មាន​ប្រសិទ្ធភាព។

លោក ខុម វុឌ្ឍី មានអាយុ​៣៤ឆ្នាំ​ ​កសិករ​​ ឃុំព្រែកស្ដី ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល បាន​លើកឡើងថា លោកបាន​ធ្វើ​ស្រែអស់រយៈ​ពេលប្រមាណជិត១០ឆ្នាំមកហើយ​ ក្នុង​រយៈ១០​ឆ្នាំនោះ ​ឆ្នាំចុង​ក្រោយ​នេះ លោកថា មិនទទួល​បានផល​ច្រើនទេ ដោយជួប​​បញ្ហាស្មៅបាញ់ថ្នាំមិនងាប់។

លោកបានបញ្ជាក់​ផងដែរថា ជារៀងរាល់ឆ្នាំកន្លង​មក​ ស្មៅ​ត្រូវការ​បាញ់ត្រឹមតែ​១ទៅ២ដង គឺអាចសម្លាប់បាន ដោយឡែកឆ្នាំនេះ លោកបាញ់បីទៅបួនដង មិនអាចសម្លាប់​ស្មៅ​បានឡើយ ហើយនិង​ត្រូវចំណាយមួយ​ដងអស់​ទឹកប្រាក់​ពី១០ម៉ឺន ទៅ១៥​ម៉ឺនរៀល។

លោក ខុម វុឌ្ឍី លើកឡើងថា៖ «ដប់ឆ្នាំហើយ ទើប​តែឃើញ​ឆ្នាំហ្នឹង វាពិបាកបញ្ហារឿងស្មៅ​ បាញ់ថ្នាំ​ពីរ​សារ បីសារហើយ ​វាអត់ងាប់​ អស់លុយមួយគំនរពីរគំនរ។ ពិបាក​បញ្ហា​រឿងស្មៅ​ហ្នឹងហ្មង​»។

លោក សែម ហុក មានអាយុ៤៣ឆ្នាំ ជាអ្នកលក់ថ្នាំបាញ់ស្រូវ នៅឃុំព្រែកស្ដី​ បានលើក​ឡើងថា ថ្នាំដែល​លោក​លក់នេះ គឺភាគច្រើនយកមកតាមរយៈក្រុមហ៊ុននៅស្រុកខ្មែរ និងមានភាគតិច​ណាស់​ដែលយក​ពីវៀតណាម​ផ្ទាល់​​។​ លោកបាន​បន្ដថា លោកគ្រាន់តែជាអ្នក​លក់ប៉ុណ្ណោះ ​លោកមិនដឹងថា ​ប្រភេទថ្នាំណា​​​ដែល​មាន​​ប្រសិទ្ធភាព​ឡើយ​។

អាជីវកររូបនេះបានបញ្ជាក់ផងដែរ​ថា ពេលកសិករ​មកទិញថ្នាំ​ លោកបាន​ពន្យល់ណែនាំអំពី​របៀប​ប្រើប្រាស់​ច្បាស់​ផងដែរ​ តែលោកមិនដឹងថា​ កសិករបានប្រើប្រាស់ត្រឹមត្រូវ​តាមការណែនាំដែរ ឬយ៉ាងណា។ លោកបាន​បន្ដថា កសិករ​ភាគច្រើន​ធ្វើស្រែ​ខ្វះបច្ចេក​ទេស​ច្រើនជាងបញ្ហា​ថ្នាំ​។

លោក ហ៊ុយ គា មេឃុំ​ព្រែក​ស្តី ថា​បញ្ហា​នេះបណ្តាល​មក​ពីឆ្នាំ​នេះស្ថាន​ភាព​ទឹកឡើង​យឺតហើយ​ស្រក​ចុះទៅ​វិញលឿន​​ ទើប​បណ្តាល​ឱ្យមាន​ស្មៅដុះច្រើន​ជាង​រាល់ឆ្នាំ។

​អ្នកនាំ​ពាក្យក្រសួង​កសិកម្ម រុក្ខប្រ​​មាញ់ ​និងនេសាទ​ លោក ស្រី វុឌ្ឍី បានមានប្រសាស៍ថា ក្រសួងបានខិតខំ​ពិនិត្យ​មើលយ៉ាងតឹងរ៉ឹង​ និង​ការ​ដាក់​ឱ្យប្រើប្រាស់​លើថ្នាំសម្លាប់ស្មៅ​នេះបានយ៉ាង​យកចិត្ត​ទុកដាក់ ទាំងអ្នកលក់ថ្នាំ​ និងអ្នកប្រើប្រាស់​។ លោកបន្តថា​ លើស​ពីនេះទៅទៀត ​​ក្រសួងក៏​មាន​ប្រធាននាយកដ្ឋាន​នីតិកម្មកសិកម្ម​ ដើម្បីត្រួត​ពិនិត្យមើល​រាល់ការលក់ដូរ និងការប្រើប្រាស់លើប្រភេទ​ថ្នាំសម្លាប់ស្មៅនេះ​ផងដែរ។

លោក ស្រី វុឌ្ឍី មានប្រសាសន៍ថា៖ «យើងមានច្បាប់ណា! យើងមានច្បាប់​ស្ដី​ពីការ​គ្រប់គ្រងថ្នាំកសិកម្ម​​​និងជី​កសិកម្ម អញ្ចឹងនៅក្នុងច្បាប់​ហ្នឹងគឺមាន​តម្រូវ​​ការ​ជាក់​លាក់​តាមបច្ចេកទេស​ អញ្ចឹងទាល់តែ​អនុវត្ត​តាមច្បាប់​ហ្នឹង ​ទើបអាច​ធ្វើ​ប្រតិបត្តិការរកស៊ីលក់ដូរថ្នាំ​ប្រភេទ​នោះបាន​»។

ទោះយ៉ាងណាក៏ដោយ អ្នកនាំ​ពាក្យក្រសួង​កសិកម្ម រុក្ខប្រ​​មាញ់​ និងនេសាទ បញ្ជាក់ថា លោក​នឹង​ចាត់មន្រ្តីជំនាញ​​ពិនិត្យមើលបញ្ហារបស់​កសិករនៅឃុំ​ព្រែកស្តីនេះ។

អ្នកនាង​ កែវ ចាន់រ៉ា ជាអគ្គលេខាធិការនៃសមាគម​សម្ព័ន្ធសហគមន៍​កសិករកម្ពុជា​ បានលើកឡើងថា កសិករ​ភាគច្រើនបាន​បោះបង់​ការធ្វើស្រែតាមវិធី​ស្ទូ​ង ដោយចាប់យក​ការព្រួសទៅវិញ​ ហើយ​កសិករទាំងនោះ​ពុំសូវបាន​យល់ដឹងអំពីបញ្ហា​ប៉ះពាល់​របស់ថ្នាំសម្លាប់ស្មៅនោះ​ឡើយ ។

អ្នកនាង​ កែវ ចាន់រ៉ា៖ «បើសិនជា​ថ្នាំហ្នឹង​អត់បានប្រើប្រាស់​ទៅ​​តាមការណែនាំ ហើយអត់​បានត្រឹម​ត្រូវ​ គឺវា​ប្រាកដថា ​វាប៉ះពាល់ទៅនឹងជីវចម្រុះ​នៅក្នុង​តំបន់​។ នៅពេលដែល​គាត់បាញ់ថ្នាំ​ សត្វដែលនៅ​ក្នុងស្រែ​ដូចជា​ ខ្យង ក្តាម​ សត្វមាន​ប្រយោជន៍​ដែលនៅក្នុងហ្នឹងវា​ពុល​ហើយ​ ជាពិសេស​ទៅលើដី​មានជន្លេន​មានមីក្រូ​សារពាង្គកាយដែលនៅក្នុង​ដីហ្នឹង​វាក៏ប៉ះពាល់​ដែរ​។ អញ្ចឹង​នៅពេលសត្វទាំងអស់ហ្នឹងបាត់បង់​ ប្រព័ន្ធ បាន​ន័យថា វាត្រូវខូចជាប្រព័ន្ធ​ អញ្ចឹងដើម្បីជំនួសមកវិញ​ គឺ​កសិករគាត់​ត្រូវបង្កើន​ បានន័យថា​ ការប្រើ​ប្រាស់​ជីដាក់លើស្រែ​ និងដំណាំរបស់គាត់​ ដើម្បីដំណាំរបស់គាត់ហ្នឹងបានផល»។

អ្នកនាង ចាន់រ៉ា បានសង្កេតឃើញថា បញ្ហាថ្នាំដែលប្រើប្រាស់​ដំបូងមានប្រសិទ្ធភាព ប៉ុន្ដែ ក្រោយមក វា​បែរ​ជាគ្មាន​​ប្រសិទ្ធភាពទៅវិញ នេះក៏ដោយសារបញ្ហាការប្រែប្រួលគុណភាពថ្នាំ។ អ្នកនាងក៏បានបន្ដទៀតថា បើកសិករប្រើថ្នាំប្រភេទណាមួយមានប្រសិទ្ធភាព ហើយពួកគេបន្ដប្រើឆ្នាំបន្ទាប់ទៀតនោះ ថ្នាំនោះនឹងពុំអាចមានប្រសិទ្ធភាពដូចដើមឡើយ៕


អត្ថបទនេះត្រូវបាន​សរសេរដោយសិក្ខាកាម​ Newsroom Cambodia លោក កង ថា និង ម៉ុម សាអឿន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ