លោក ស ខេង៖ ប៉ូលិស​​ធ្វើ​​តាម​​វិជ្ជា​ជីវៈ​គឺ​​អត់​​មាន​​ខ្លាច​​នរណា​​ទេ​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​ថ្លែង​ថា ​វិជ្ជាជីវៈ​ប៉ូលិស​គឺ​ត្រូវ​អនុវត្តច្បាប់​ដោយ​មិន​ត្រូវ​ខ្លាច​ការ​អនុវត្តប៉ះលើ​អ្នក​​ណា​នោះ​ទេ ខណៈ​លោក​ចាត់ទុក​អ្នក​មានបុណ្យ​​សក្តិធំតែ​មិន​គោរព​ច្បាប់ ​គឺ​ជា​មនុស្ស​ភ្លើ​ផង​ដែរ​​។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែមីនានេះ លោក ស ខេង បានថ្លែងថា ប៉ូលិស​កម្ពុជា​មាន​ការ​គោរព​ពលរដ្ឋណាស់ ដែល​ថា ​ពេល​ខ្លះ​គោរព​រហូត​ដល់​ថ្នាក់​ខុស​វិជ្ជាជីវៈ​របស់​ខ្លួន។ លោក​បាន​បន្ថែម​ទៀតថា ពេល​ខ្លះ​ប៉ូលិស​បុណ្យ​សក្តិ​តូចមិន​ត្រូវ​បាន​អ្នក​មាន​បុណ្យសក្តិធំ​គោរព​សោះ​ បើ​ទោះ​បី​អ្នក​មាន​បុណ្យ​សក្តិធំ​នោះ​ខុស​ច្បាប់​ក៏​ដោយ​។

លោក ​ស ខេង៖ «អ្នក​ខ្លះ​គេថា​​ អេ!ខ្ញុំ​ផ្កាយ​បី​ ទៅ​ឱ្យ​ព្រិន្ទបាល​ទោ ព្រិន្ទបាល​ត្រី​ ឆែក​ឆេរ​ម៉េច​ហ្នឹង​ត្រឹមត្រូវ។ អ្នក​ខ្លះ​មក​ដល់​ថ្ងៃ​ហ្នឹង​ នៅ​តែ​គិត​បែប​ហ្នឹង​ទៀត អ៊ីចឹង​ខ្ញុំ​ថា​ អ្នក​ផ្កាយ​៣​ ផ្កាយ​៤​ហ្នឹង គឺ​ភ្លើ​តែ​ម្ដង។ ភ្លើ​ជាង​ប្រជាជន​ទៀត! ថាអ្នក​ហ្នឹង​សក្តិតូច​ មិន​អាច​ទៅ​ផាក [ពិន័យ]​ សក្តិធំ​បាន​ទេ អ្នក​ហ្នឹង​ជា​ប៉ូលិស​មិន​អាច​ទៅ​ផាក​យោធា​បាន​ទេ។ វា​អត់​ត្រូវ​និយាយ​អ៊ីចឹង ​វា​ខុស​ច្បាប់។ ច្បាប់​គេ​និយាយ​មួយ​ម៉ាត់ ​គេ​ថា អ្នក​ទាំងអស់គ្នា​ស្មើភាព​ចំពោះ​មុខ​ច្បាប់! មាន​ន័យ​ថា​ម៉េច​? មាន​ន័យ​ថា ​អ្នក​ទាំង​អស់​គ្នា​ដែល​ដើរ​លើ​ផ្លូវ​ ច្បាប់​ចរាចរណ៍​គេ​និយាយ​ថា​ម៉េច​ គោរព​តាម​ហ្នឹង​ទៅ»។ ​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ លោក សន​ ជ័យ មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​បណ្ដាល​មក​ពីវប្បធម៌នៃ​ការ​រួច​ទោស​​របស់​អ្នក​មាន​អំណាច​ក្នុង​សង្គម ដែល​បណ្ដាល​ឱ្យ​មន្ត្រី​ថ្នាក់​តូច​តាច​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​អ្នក​មាន​បុណ្យ​សក្តិ​ធំ ឬ​ក្រុម​គ្រួសារ​អ្នក​ធំ​ទាំង​នោះ តែ​ហ៊ាន​អនុវត្ត​លើ​ប្រជាជន​ទន់​ខ្សោយ។ លោក​បន្ថែម​ថា បញ្ហា​នេះ​នឹង​បង្ក​ឱ្យ​មាន​អយុត្តិធម៌ក្នុង​សង្គម ​ការ​គាបសង្កត់ និង​អំពើជិះជាន់​ក្នុង​សង្គម​កាន់​តែ​ខ្លាំង។

លោក​ សន ជ័យ៖ «វា​មិន​មែន​រឿង​ដែល​ចម្លែក​ទេ​ក្នុង​សង្គម​ខ្មែរ ហើយ​ថ្នាក់​ដឹក​នាំ​ខាង​លើ​ចេះ​តែ​ថា តែ​នៅ​ថ្នាក់​ក្រោម​មាន​រឿង​កើត​ឡើង​ពេញ​ទី។ ហើយ​វា​មាន​រឿង​ឆ្លុះ​បញ្ចាំ​ងគ្នា​ទៅ​វិញ​ទៅ​មក​ដែរ សព្វថ្ងៃ​នេះ​យើង​ពិបាក​នឹង​រក​ភាព​ជា​គំរូ​ណាស់​! នៅពេល​ដែល​និយាយ​អំពី​ការ​ប្រើប្រាស់​ឥទ្ធិពល​ អំណាច​ ឬ​ក៏​តួនាទីដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​​​ក្នុង​សង្គម​នោះ»។

លោក សន ជ័យ ឱ្យ​ជា​យោបល់​ថា​ រដ្ឋ​គួរ​តែ​មាន​ច្បាប់ ឬ​វិធាន​ការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ពិនិត្យ​ទៅ​លើ​ទំនាស់​ផល​ប្រយោជន៍​របស់​មន្ត្រី​រដ្ឋ ដើម្បី​ការ​ពារ​កុំ​ឱ្យ​មាន​រឿង​បែប​នេះ​កើត​ឡើងតទៅទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ