អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ថា វិធាន​ការ​លើ​អ្នក​បង្កើត​ព័ត៌មាន​មិន​ពិត​គឺ​ដើម្បី​រក្សា​ស្ថិរភាព​សង្គម​

មន្ត្រីរដ្ឋាភិបាលចូលជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា​ វិធានការ​លើ​អ្នកបង្កើត​ព័ត៌មាន​មិន​ពិត ​គឺ​ដើម្បី​ការពារ​ស្ថិរភាព​សង្គម​ និង​ធានា​កុំឱ្យ​មានការ​បំផុសបំផុល​ធ្វើ​ឱ្យ​ជ្រួលច្របល់​តទៅទៀត​នា​ថ្ងៃ​អនាគត​។ 

ថ្លែង​ក្នុង​កិច្ចពិភាក្សា​ស្ដីពី​ សារព័ត៌មាន​ ចំពោះមុខ​កូ​វីដ​-១៩​ (COVID​-19​) និង​ព័ត៌មាន​ក្លែងក្លាយ​នៅ​ព្រឹក​ថ្ងៃទី១១​ ខែមីនា​ អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ លោក​ ផុស​ សុវណ្ណ​ មានប្រសាសន៍​ថា​ ជាទូទៅ​ក្រសួង​តែងតែ​ប្រកាន់​នូវ​គោលការណ៍​អប់រំ​ជាជាង​វិធានការ​ក្ដៅ​ដល់​អ្នក​សរសេរ​ ឬបង្ហោះ​លើ​អ៊ិ​នធឺណិ​ត តែ​លោក​ថា​ នៅពេល​ដែល​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​បង្កើត​កាន់តែ​ច្រើន​ គឺ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ខ្លះ​ហើយ ​ដើម្បី​កុំឱ្យ​មាន​ទំនោរ​នេះ​កើតឡើង​នា​ថ្ងៃ​អនាគត​ទៀត​។ 

កិច្ចពិភាក្សា ស្ដីពី "សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ"
អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ លោក​ ផុស​ សុវណ្ណ​ ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក​ ផុស​ សុវណ្ណ​ លើកឡើង​ថា​៖ «កន្លងទៅ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្លាប់ធ្វើ​ការ​អំពាវនាវ​ច្រើន​ជាមួយ​សារព័ត៌មាន​ ហើយក៏​ចាត់​ចំណាត់ថ្នាក់​អ្នក​ដែល​បំផុស​ព័ត៌មាន​ ឬដំណឹង​ក្លែងក្លាយ​ស្ទើ​រតែ​ជា​ភេរ​វករ​។ បើសិន​យើង​យោង​តែ​អនុសាសន៍​មួយ​នេះ ​គឺ​យើង​អាច​កៀរគរ​កម្លាំង​មក​ធ្វើ​បាន​ហើយ​ តាំងពី​អាវុធហត្ថ​ ឬក៏​ក្រសួង​យុត្តិធម៌​ចូលរួម​។ ថ្មី​ៗ ក៏​យើង​ឃើញ​ក្រសួង​យុត្តិធម៌​ចូលរួម​ធ្វើការងារ​ដែរ​ អ៊ីចឹង​ យើង​អាច​និយាយ​បាន​ថា​យើង​អាច​ចេញ​ជា​កម្លាំងសរុប​មួយ​ធ្វើ​ព្រមគ្នា​»។ 

ការ​លើកឡើង​របស់​លោក​ ផុស​ សុវណ្ណ​ នេះ​ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​ចាប់ផ្ដើម​មាន​វិធានការ​ជាបន្តបន្ទាប់​លើ​អ្នក​ចែកចាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​កូ​វីដ​-១៩​ (COVID​-19​) នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សបុ​ក។ 

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន​ បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​នេះ​ផង​ដែរ​ថា​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ (COVID​-19​) នៅ​កម្ពុជា​ភាគច្រើន ​គឺ​មាន​ប្រភព​ចេញពី​ក្រៅប្រទេស​ និង​បន្ត​ចែកចាយ​ដោយ​អ្នក​នៅក្នុង​ប្រទេស​។ លោកស្រី​ថា ​កាលណា​រដ្ឋ​មិន​ធ្វើការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​នេះ​ទាន់ពេល​វេលា​ វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​យល់ថា​ ជា​ព័ត៌មាន​ពិត​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោកស្រី​ ឱ វណ្ណ​ឌីន​ មានប្រសាសន៍​ថា​៖ «ហាក់បីដូចជា​មាន​ក្រុម​តូច​មួយ​នៅក្នុង​ប្រទេស​ហ្នឹង​ចាំ​ទទួល​បន្ត​ ហើយ​នៅពេល​ដែល​ក្រុម​នេះ​ទទួល​បន្ត​ នោះ​គាត់​ក៏​ប្រសាច​ភ្លាម​ ហើយ​នៅពេល​ដែលគាត់​ប្រសាច​ភ្លាម​ហ្នឹង​ ដូច​យើង​បាន​និយាយ​ខាងដើម​ ព័ត៌មាន​អ្នក Share ​[ចែករំលែក​] ហ្នឹង ​គឺ​ច្រើនជាង​អ្នក​មិន Share​។ អ៊ីចឹង​ការដែល Share​ ពី​មួយ​ទៅ​មួយ​ហ្នឹង ​នៅពេល​ដែល​យើង​ទប់ស្កាត់​អត់​ទាន់​ទេ​ ព័ត៌មាន​មិន​ពិត​ហ្នឹង​នឹង​ក្លាយជា​ព័ត៌មាន​ពិត​»។ 

អគ្គលេខាធិការ​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា​ លោក​ ពុយ​ គា​ មានប្រសាសន៍​ថា​ ពលរដ្ឋ​គួរតែ​មាន​ជំនាញ​ក្នុង​ការពិនិត្យ​លើ​ព័ត៌មាន​ ដើម្បី​ឱ្យ​ដឹង​ថា ​ព័ត៌មាន​នោះ​ពិត​ ឬមិន​ពិត ​ដើម្បី​កុំឱ្យ​ចែកចាយ​ទៅ​បង្ក​ជា​បញ្ហា​ដល់​សង្គម​។ លោក​បន្ថែម​ថា ​ព័ត​មាន​ពិត​គឺ​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ សំណេរ​គ្មាន​លំអៀង​ គ្មាន​ការ​បំផុសបំផុល​ ឬធ្វើ​ឱ្យ​ភ័យខ្លាច​ហួសហេតុ​ មានកាល​បរិច្ឆេទ​ និង​អ្នក​សរសេរ​ច្បាស់លាស់​។ 

កិច្ចពិភាក្សា ស្ដីពី "សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ"
អគ្គលេខាធិការ​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា​ លោក​ ពុយ​ គា ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោ​ក ពុយ​ គា​ និយាយ​ថា​៖ «បើ​យើង​ក្រឡេកមក​ព័ត៌មាន​ក្លែងក្លាយ​ហ្នឹង​ សួរ​ថា ​វា​ចេញ​មក​ពីណា​? បច្ចុប្បន្ន​នេះ​ ដោយសារ​បច្ចេកទេស​ទំនើប​ ដូច្នេះ ​អ្នកណា​ក៏​ធ្វើ​បាន​ដែរ​ព័ត៌មាន​ក្លែងក្លាយ​ ចង់​គាត់​នៅ​កន្លៀត​ណា​ ចាស់​ក្មេង​អី​ គឺ​អត់​បញ្ហា​ទេ​។ កន្លែងណា​ក៏អាច​សរសេរ​បាន​ដែរ​ តែ​បញ្ហា​ដែល​ធំ​ហ្នឹង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការផ្សាយ​ហ្នឹង​ វា​ធ្វើ​ឱ្យ​សង្គម​វា​ជ្រួលច្របល់ ​បើសិនជា​ព័ត៌មាន​រសើប​មែនទែន​ វា​ធ្វើ​ឱ្យ​សង្គម​វា​ជ្រួលច្របល់​»។ 

រហូតមកដល់​ពេលនេះ ​មាន​មនុស្ស​យ៉ាងហោចណាស់៥នាក់​ហើយដែល​ត្រូវ​ចាប់ខ្លួន​ និង​ធ្វើ​កិច្ចសន្យា​ពាក់ព័ន្ធ​នឹង​ការបង្កើត​ព័ត៌មាន​ពី​ជំងឺ​កូ​វីដ​-១៩​ (COVID​-19​)នេះ​ ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃច័ន្ទ​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទុកចិត្ត​លើ​រដ្ឋាភិបាល​របស់​លោក​ កុំ​ជឿ​លើ​ការ​បំផុសបំផុល​លើ​បណ្ដាញ​សង្គម​ ដោយ​ថា​ ការ​ជឿ​លើ​ព័ត៌មាន​មិន​ពិត​ នឹង​ធ្វើ​ឱ្យ​មានការ​ជ្រួលច្របល់​ក្នុង​សង្គម​កាន់តែ​ខ្លាំង​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​ ហ៊ុន​ សែន​ ថា​៖ «ដំបូង​ ជំនឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ខ្លួនឯង​តែម្ដង​។ ប្រាប់​ថា​ អញ​អត់​ឈឺ​អី​ទេ​ ដូច្នេះ​អាណា​ចង់​បំផុស​អី​បំផុស​ទៅ​ ទី​ចុងបំផុត ​អញ​អត់​ឈឺ​ អ្នកដទៃ​ទៀត​ដែលគេ​ថា ​ឈឺ​ក៏​អត់​ឈឺ​ដែរ​។ អា​ស្រវឹងស្រា​ដួល​ក៏​កូ​រ៉ូ​ណា​ តាមពិត​វា​ស្រវឹងស្រា​សោះ​ ដល់​វា​ដួល​ចំ​ពេល​ហ្នឹង​ វាយ​កទៅ​បំផុស​បណ្ដោយ​។ ជំនឿ​ទុកចិត្ត​ទីពីរ​ បើ​មានការ​សង្ស័យ​រត់​ទៅ​រក​ពេទ្យ​ ដើម្បី​សង្គ្រោះ​ខ្លួនឯង​ រត់​ទៅ​រក​ពេទ្យ​ទៅ​ ដើម្បី​ឱ្យ​ពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ​»។ 

រហូតមកដល់​ពេលនេះ ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩​ (COVID​-19​) ចំនួន៣នាក់​ហើយ​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​នៅ​ខេត្តសៀមរាប​ បន្ទាប់ពី​មានការ​រក​ឃើញ​នេះ​ ពលរដ្ឋខ្មែរ​មួយចំនួន​បាន​នាំគ្នា​ទៅ​រក​ទិញ​ស្បៀងអាហារ​ និង​ម៉ាស់​ស្តុក​ទុក​នៅផ្ទះ​រៀងខ្លួន​ ដែល​សកម្មភាព​នេះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ចាត់ទុកថា ​ជា​ការភ័យខ្លាច​ជ្រុល​ហួសហេតុ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ