បុរស​ម្នាក់​រង​ការ​ចោទ​ពី​បទ​ញុះញង់​ករណី​រិះគន់​លើ​វិធាន​ការ​ទប់​ស្កាត់​កូវីដ​១៩​

បុរសម្នាក់ឈ្មោះ កូយ សំអាត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោយបង្ហោះវីឌីអូឃ្លីបតាមបណ្ដាញសង្គមហ្វេសប៊ុកអំពីការឆ្លងជំងឺកូវីត១៩។ (ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

បុរសម្នាក់រងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម ហើយបញ្ជូនទៅតុលាការនៅថ្ងៃនេះ​​ ពាក់ព័ន្ធការបង្ហោះសារវាយប្រហាររដ្ឋាភិបាលលើចំណាត់ការទប់ស្កាត់មេរោគកូរ៉ូណា។ ​នេះបើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បុរសម្នាក់ឈ្មោះ កូយ សំអាត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ក្រោយរូបគាត់ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ដោយបង្ហោះវីឌីអូឃ្លីបតាមបណ្ដាញសង្គមហ្វេសប៊ុកអំពីការឆ្លងជំងឺកូវីត១៩។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ឱ្យដឹងថា បុរសឈ្មោះ កូយ សំអាត ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» តាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុង​វីឌីអូ​ឃ្លីបមួយដែលត្រូវបានចែកចាយតាមបណ្តាញសង្គមកាលពីថ្ងៃទី៦ ខែមីនា លោក កូយ សំអាត បាន​និយាយ អរគុណ​វៀតណាម​ដែល​រក​ឃើញ​ករណី​ជន​ជាតិ​ជប៉ុន​ផ្ទុក​មេរោគ​កូរ៉ូណា បន្ទាប់​ពី​បុរស​រូប​នោះ​ចេញ​ពី​កម្ពុជា។

លោកមានប្រសាសន៍ថា៖ «បាទ​! ជម្រាបសួរ​បង​ប្អូន​ទាំង​អស់​គ្នា យើង​ទាំង​អស់​គ្នា ​គួរតែ​អរគុណ​យួន​ទៅ​។​កុំ​តែ​បាន​យួន​ស្រែក​ថា​ នៅ​ប្រទេស​កម្ពុជា​មាន​កូវីត​១៩​ ឬក៏​វីរុស​កូរ៉ូណា​ទេ កុំ​អី​ប្រជាជន​នៅ​ទូទាំង​ប្រទេស​អត់​ដឹង​ថា ​ប្រទេស​កម្ពុជា​មាន​កូវីត​១៩​ ឬ កូរ៉ូណា​ទេ។ អ៊ីចឹង​ យើង​គួរតែ​អរគុណ​ យួន​។​ នេះ​សំណាង​ហើយ​ដែល​យួន​ស្រែក​ថា ​ប្រទេស​កម្ពុជា​មាន​កូវីត​១៩​ ឬក៏​កូរ៉ូណា​ហ្នឹង​ បើ​ប្រជាជន​ធម្មតា​ស្រែក​វិញ​ប្រហែល​ជា​តាម​ចាប់​ទៀត​ហើយ»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា លើកឡើងថា អ្វីដែលលោក កូយ សំអាត និយាយ គឺជាព័ត៌មានពិតដែលវៀតណាមបានផ្សព្វផ្សាយពីជនជាតិជប៉ុនម្នាក់ឆ្លងពីប្រទេសកម្ពុជា មានផ្ទុកមេរោគកូរ៉ូណាប៉ុណ្ណោះ មិនគួរណាចោទប្រកាន់គាត់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»នោះទេ។

លោកបន្តថា ការចោទប្រកាន់គាត់បែបនេះគឺមិនស៊ីគ្នាជាមួយអង្គហេតុនោះទេ។ លោកបន្ថែមទៀតថា អ្វីដែល កូយ សំអាត និយាយនោះ ជាសេរីភាពបញ្ចេញមតិប៉ុណ្ណោះ ហើយថា ប្រសិនអាជ្ញាធរចោទប្រកាន់គាត់បែបនេះ គឺជាការរំលោភទៅលើសេរីភាពបញ្ចេញមតិ។

លោកបន្ថែមថា៖ «គ្រាន់តែធ្វើការណែនាំអប់រំគាត់ទៅ។ ហើយដោះលែងគាត់ឱ្យមានសេរីភាពវិញទៅ។ ព្រោះអាហ្នឹង បើយើងនិយាយពីសេរីភាពបញ្ចេញមតិ ឬញុះញង់អីហ្នឹង វាមិនមែនជាអំពើឆ្លើយតបទៅហ្នឹងអង្គហេតុដែលកើតឡើងចំពោះរូបគាត់ទេ។ គាត់គ្រាន់តែធ្វើការបញ្ចេញមតិរបស់ខ្លួនតាមបណ្តាញសង្គមប៉ុណ្ណោះ»

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បុរស​ឈ្មោះ កូយ សំអាត មានអាយុ ៣៥ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ដែលមាន​មុខ​របរ​ជា​អ្នក​លក់​ទំនិញ​តាម Online។

គួរបញ្ជាក់ថា ករណីសមត្ថកិច្ចចាប់ខ្លួនលោក កូយ សំអាត នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនបុរសរូបនេះ​ ក្រោយលោកបង្ហោះវីដេអូឃ្លីបតាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធការឆ្លងជំងឺ​កូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ