លោក ហ៊ុន សែន ស្នើ​ឱ្យ​​ធនាគារ​លើក​លែង​ការ​ប្រាក់​ដល់​កម្មករ​​ដែលត្រូវបាន​​ព្យួរ​ការងារ

ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ 7NG ជាង៨០០នាក់បានផ្ទុះការតវ៉ា ក្រោយពីរោងចក្រសម្រេចមិនបញ្ចប់​កិច្ចសន្យារការងារ​តាម​ការព្រម​ព្រៀងជាមួយកម្មករ។ (ផ្ដល់ឱ្យដោយកម្មកររោងចក្រ 7NG)

ប្រមុខរដ្ឋាភិបាល អំពាវនាវឱ្យបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ លើកលែងការប្រាក់ដល់កម្មករ-កម្មការិនី អំឡុងពេលដែល​ការងាររបស់ពួកគេត្រូវបាន​ព្យួរ។

កាលពីខែមុន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រកាសថា បញ្ហាឥទ្ធិពលនៃវីរុសកូរ៉ូណា ឬ​ កូវីដ-១៩ ​នឹងធ្វើឱ្យរោងចក្រកាត់ដេរ​ប្រមាណ ២០០​រោងចក្រ​ ប្រឈមនឹងកង្វះខាត​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យ​ការ​ផលិត​ និងអាចប៉ះពាល់ដល់ការងារកម្មករ-កម្មការិនី​ប្រមាណ ១៦ម៉ឺននាក់នៅត្រឹមខែមីនា និងមេសាខាងមុខ។

ថ្លែងក្នុងពិធីសម្ពាធផ្លូវជាតិលេខ៥៥ នៅខេត្តពោធិសាត់ នាថ្ងៃទី៩ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ លើកលែងការប្រាក់ដល់កម្មករដែលបានប្រើប្រាស់កម្ចី ដោយពន្យារពេលសង ឬមិនយកការប្រាក់ពេលកម្មករទាំងនោះកំពុងព្យួរការងារ។

លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ ឱ្យបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីដោះស្រាយរឿងនេះ។

លោកបន្ថែមថា៖ «ចំពោះមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ ត្រូវលើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារ។ នៅថ្ងៃនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ជា ចាន់តូ នឹងដឹកនាំប្រជុំ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រាប់ទៅម្ចាស់បុរី និងម្ចាស់ផ្ទះល្វែងនានា ដែលលក់ផ្ទះឱ្យកម្មករត្រូវពន្យារពេលបង់ការប្រាក់ ឬបង់រំលស់ ខណៈកម្មករទាំងនោះកំពុងព្យួរការងារ។

កម្មការិនីម្នាក់បម្រើការងារនៅរោងចក្រ គ្រីស្តាល់ម៉ាទីន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG អ្នកស្រី លាភ សុធារី ដែលត្រូវបានរោងចក្រព្យួរការងារពីរខែ និងត្រូវបង់ការប្រាក់ជូនធនាគារ១ខែ ៣០០ដុល្លារផងនោះ បានគាំទ្រប្រសាសន៍លោក ហ៊ុន សែន ប៉ុន្តែ អ្នកស្រីហាក់មិនមានជំនឿថា ខាងធនាគារគេយល់ព្រមអនុវត្តតាមនោះទេ។

អ្នកស្រីបន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំក៏ជំពាក់លុយធនាគារដែរ។ អីចឹង ខ្ញុំគាំទ្រប្រសាសន៍សម្តេច ប៉ុន្តែ ខ្ញុំដូចជាមិនមានសង្ឃឹមទេ ព្រោះមិនទាន់មានព័ត៌មានអីច្បាស់លាស់អំពីបញ្ហានេះ។ ប្រហែលខាងធនាគារគេមិនព្រមទេ»

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា គាំទ្រប្រសាសន៍ និងវិធានការរបស់ប្រមុខរដ្ឋាភិបាលដែលមានបំណងជួយសម្រួលដល់កម្មករដែលត្រូវដោះស្រាយបំណុលអំឡុងពេលព្យួរការងារនេះ។ ទោះយ៉ាងណាក៏ដោយ លោកស្នើឱ្យខាងធនាគារជាតិត្រូវចេញសេចក្តីណែនាំ រួមទាំងដាក់លក្ខខណ្ឌឱ្យជាក់លាក់ដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់អនុវត្ត ដោយថា ដើម្បីធានានូវការដោះស្រាយបំណុលរបស់កម្មករនោះមានប្រសិទ្ធភាព។

លោកបន្ថែមថា៖ «អ្វីដែលជាផលប៉ះពាល់ចំពោះមុខនៅពេលនេះ គឺបំណុលរបស់បងប្អូនកម្មករ។ ដូច្នេះ អ្វីដែលលោកប្រកាសពេលព្រឹកមិញនេះ វាគឺជាវិធានការល្អមួយសម្រាប់ជួយដល់កម្មករ។ ប៉ុន្តែ យើងចង់ឱ្យខាងធនាគារជាតិហ្នឹង ធ្វើយ៉ាងម៉េចចេញសេចក្តីណែនាំជាក់លាក់ណាមួយ ឬក៏លក្ខខណ្ឌតម្រូវរបៀបម៉េចដើម្បីណែនាំមកដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ហ្នឹង អនុវត្តទៅតាមខ្លឹមសាររបស់ខ្លួន ដើម្បីឱ្យមានប្រសិទ្ធភាពដល់ប្រជាជន ឬបងប្អូនកម្មករដែលកំពុងជំពាក់បំណុលហ្នឹង»

ក្នុងសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី៩ ខែមីនានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសគាំទ្រនូវវិធានការការពារ ដែលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្តដល់សមា​ជិករបស់ខ្លួន ​ឱ្យបន្តផ្តល់ឥណទានដល់វិស័យអាទិភាព ជាពិសេសចំពោះអាជីវកម្មផ្នែកសណ្ឋាគារផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងជាដើម ដើម្បីធានានិរន្តរភាពអាជីវកម្មទាំងនោះ។

សមាគមមួយនេះ ក៏បានរំលឹកទៅសមាជិករបស់ខ្លួនឱ្យរក្សាភាពទន់ភ្លន់ និងពិនិត្យតាមលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយបំណុលយឺតយ៉ាវដែលបណ្តាលមកពីផលប៉ះពាល់នៃវីរុសកូវីដ-១៩នេះផងដែរ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ប្រកាសថា នៅពេលដែលរោងចក្រព្យួរការងារ​ កម្មករនិយោជិតដែលត្រូវបានព្យួរការងារនឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយ ​នៃប្រាក់ឈ្នួលគោលរបស់ពួកគេ​ ក្នុង​នោះ​ថៅកែរោងចក្រត្រូវទទួល​បន្ទុក​បើក​ឱ្យកម្មករ ៤០ភាគរយ និងរាជរដ្ឋាភិបាលចូល​រួម​ចំណែក២០ភាគរយ។

ប៉ុន្តែ មេសហជីពលើកឡើងថា ចំនួននេះមិនអាចជួយដោះស្រាយដល់ការចំណាយរបស់កម្មករបានគ្រប់គ្រាន់ ឡើយ។

ទិន្នន័យដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម​កាល​ពី​ពាក់​ខែ​កុម្ភៈ​នេះ ឱ្យដឹងថា គិតត្រឹមពាក់កណ្ដាល​ឆ្នាំ២០១៩ កម្ពុជាមានរោងចក្រ​សរុបប្រមាណជាង១,៥០០​រោងចក្រនៅទូទាំងប្រទេស ដោយ​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង ៨០ម៉ឺននាក់ ដែលភាគច្រើនលើស​លប់​ជាស្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ