ក្រសួងទេសចរណ៍នឹងនៅតែធ្វើបុណ្យទន្លេក្នុង​ខេត្តបាត់ដំបងតាមការគ្រោងទុក

ពលរដ្ឋចូលរួម​បុណ្យទន្ល​នៅមាត់ទន្លេផ្សារក្រោម ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ (រូបភាព៖វីអូឌី)

ក្រសួងទេសចរណ៍បានឲ្យដឹងថាពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងនឹងធ្វើតាមការគ្រោងទុក ខណៈដែល​កម្មវិធីអង្គរសង្រ្កាន្តត្រូវបាន​រដ្ឋាភិបាលប្រកាសលុបចោលកាលពីម្សិលមិញ​​បន្ទាប់ពីរកឃើញថា​បុរសខ្មែម្នាក់នៅខេត្តសៀមរាប​ឆ្លងកូវីដ-១៩។                                                        

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ មានប្រសាសន៍ថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង នឹង​ចាប់​ផ្តើមនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ នៅមុនសាលាខេត្ត។ លោករំពឹងថាអ្នកចូល​រួម​កម្ម​វិធីដើរកំសាន្តក្នុងឆ្នាំនេះ មិនតិចជាង១លាននោះទេ។

លោកមានប្រសាសន៍ថា៖ «យើងអត់ទាន់ទទួលបានការណែនាំពីរាជរដ្ឋាភិបាលនៅឡើយទេ គឺយើងនៅ​រក្សាធ្វើ​​[ប្រារម្ភពិធីបុណ្យទន្លេដដែល តាមការគ្រោងទុក ប៉ុន្តែយើងបានត្រៀមខ្លួនទប់​ស្កាត់តាមការណែនាំ​របស់​រដ្ឋាភិ​បាល និងក្រសួងសុខាភិបាលដែលជាក្រសួងជំនាញផងដែរ»។

លើសពីនេះទៀត លោក សុភ័ក្រ អះអាងថា ក្រសួងបានរាយការណ៍និងផ្ញើសារអប់រំ ទៅអ្នកទេសចរណ៍ និង​អ្នក​​ប្រកបមុខរបរ ទាំងប្រយោល និងផ្ទាល់ ដើម្បីបង្រៀនពួកគេឲ្យត្រៀមខ្លួនទប់ស្កាត់ កុំឲ្យឆ្លង​មេរោគ​កូវីត​-១៩​ផងដែរ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង បង្ហាញការព្រួយបារម្ភថា បើរដ្ឋាភិបាលអនុញាតឲ្យអាជ្ញាធររៀបចំកម្មវិធីធំៗ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងឆ្លងដល់ពលរដ្ឋ ខណៈ​ជំងឺនេះ​កម្ពុជាមិនទាន់សិក្សាឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ អាចធ្វើឲ្យប្រជាពលរដ្ឋ​កាន់តែជួបបញ្ហា​ប្រឈម​​នឹងសុខភាពបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរគួរតែធ្វើការពិភាក្សាឲ្យបានច្បាស់លាស់ ម៉ត់ចត់មុន​យើង​ឈាន​ទៅរក​ការ​សម្រេច​ចិត្តឲ្យមានកម្មវិធីធំៗ ព្រោះថាការបង្ការគឺជាមធ្យោបាយមួយ ដែលពិភពលោក ឬប្រទេសកម្ពុជាផង គឺត្រូវ​យកចិត្តទុកដាក់ រិះរកវិធីបង្ការយ៉ាងណាឲ្យមានប្រសិទ្ធិភាព »។

ឆ្នាំនេះជាឆ្នាំទី៦ហើយដែល​កម្ពុជារៀបចំពិធីបុណ្យទន្លនេះ។ កាលពីឆ្នាំមុន​កម្ម​វិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើ​ឡើង​នៅខេត្ត​កំពង់​ឆ្នាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ