កម្មការិនី​ជិត​៧០​នាក់​នៅ​កំពង់ស្ពឺ​ដួល​សន្លប់​ពេល​កំពុង​បំពេញ​ការងារ​

កម្មការិនីជិត៧០នាក់បម្រើការងារនៅរោងចក្រមួយនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយកើតហេតុដួលសន្លប់អំឡុងធ្វើការនៅរោងចក្រ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។ (សម្ព័ន្ធសហជីពចលនាកម្មករ)

កម្មការិនីជិត៧០នាក់បម្រើការងារនៅរោងចក្រមួយនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដួលសន្លប់ជាបន្តបន្ទាប់នៅថ្ងៃនេះ ខណៈដែលពួកគេកំពុងបំពេញការងារ។

ប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ លោក ចឹក បូរិន ប្រាប់វីអូឌីថា នៅម៉ោងប្រហែល៩ព្រឹកនេះ កម្មការិនី៦៩នាក់បម្រើការងារនៅរោងចក្រ វីងស្តារ ស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី បានដួលសន្លប់តាមគ្នាជាបន្តបន្ទាប់។

ប្រធានមន្ទីរការងាររូបនេះឱ្យដឹងថា ក្រោយមានការដួលសន្លប់របស់កម្មករ គឺមន្ទីរការងារខេត្តបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បញ្ជូនកម្មករដួលសន្លប់​ទាំងនោះទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្បែរៗនោះ ហើយថា រហូតមកដល់ម៉ោង៣រសៀលនេះ កម្មករភាគច្រើនបានចេញពីមន្ទីរពេទ្យទៅផ្ទះវិញហើយ។

លោក ចឹង បូរិន មិនអាចបញ្ជាក់ពីមូលហេតុនៃការដួលសន្លប់នេះច្បាស់លាស់នៅឡើយទេ ដោយថាគណៈកម្មការទប់ស្កាត់ករណីដួលសន្លប់ កំពុងចុះពិនិត្យកន្លែងកើតហេតុ។

ប៉ុន្តែ យ៉ាងណា លោកប្រាប់ថា ដើមហេតុដំបូងនៃការដួលសន្លប់នោះគឺមានស្ត្រីជាកម្មករម្នាក់ដែលមានជំងឺប្រចាំកាយបានដួលសន្លប់មុនគេ ក្រោយមកកម្មការិនីដែលឈរធ្វើការក្បែរនោះឃើញ បានទន់ដៃទន់ជើងហើយដួលសន្លប់តាមតៗគ្នារហូតមានគ្នា៦៩នាក់។

លោកបន្ថែមថា៖ «ហើយយើងបានធ្វើការងារជាមួយ ប.ស.ស ខេត្ត ដើម្បីចេញថ្លៃព្យាបាលឱ្យពួកគាត់ទាំងអស់។ ហើយឥលូវហ្នឹង គណៈកម្មការទប់ស្កាត់ករណីសន្លប់ កំពុងតែចុះមកពិនិត្យមើលរោងចក្រហ្នឹងជាក់ស្តែង»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់លើកឡើងថា តាមការស្រាវជ្រាវ កម្មករដួលសន្លប់គឺដោយសារបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេងៗ ធ្វើការហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម។

មេសហជីពរូបនេះ ស្នើទៅមន្ត្រីក្រសួងការងារចុះពិនិត្យរាល់រោងចក្រដែលមានករណីកម្មករដួលសន្លប់ និងជំរុញឱ្យភាគីរោងចក្រធ្វើការកែលម្អឡើងវិញនូវបញ្ហាផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់កម្មករ។

លោកបន្ថែមថា៖ «ដោយសារគាត់ធ្វើការក្នុងបរិយាកាសអាក្រក់ ដូចជា នៅក្នុងរោងចក្រនោះមានជាតិគីមី ធូលី កម្ដៅ ពន្លឺ និងអុកស៊ីសែននៅកន្លែងខ្លះមិនគ្រប់គ្រាន់ ហើយអគារខ្លះបិទជិត មិនឱ្យខ្យល់អុកស៊ីសែនចូលគ្រប់គ្រាន់ ធ្វើឱ្យកម្មករខ្សោយ។ ដល់អញ្ចឹង ពេលទៅជួបព្រឹត្តិការណ៍ ឬក្លិនអីថ្មីៗ ធ្វើឱ្យកម្មករសន្លប់តែម្តង»

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ បានឱ្យដឹងថា ការ​ដួលសន្លប់​របស់​កម្មការិនី បណ្ដាល​មកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិចស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ