ក្រសួង នឹង​ស្វែង​រក​​អ្នក​ធ្លាប់​​ប្រាស្រ័យ​ទាក់​​ទង​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ដែល​​ផ្ទុក​​ COVID-19​

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

អ្នកនាំពាក្យក្រសួងសុខាភិបាល​ ឱ្យដឹងថា ក្រសួងនឹង​តាម​រក​អ្នកដែល​ធ្លាប់​បាន​ប្រាស្រ័យទាក់​ទង​ជាមួយ​ជន​ជាតិជប៉ុន​​ម្នាក់​ ដែលត្រូវបាន​​រកឃើញ​ថា​ មាន​ផ្ទុក​មេរោគកូវីដ១៩ (COVID-19)។

ការបញ្ជាក់​របស់អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​ធ្វើឡើង ក្រោយ​ពី​សារព័ត៌មាន​វៀតណាម​មួយបាន​ចុះ​ផ្សាយកាលពីម្សិលមិញ​​ថា ​ជនជាតិជប៉ុនម្នាក់បាន​ធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរវៀតណាម​ ចេញពី​​ព្រលានយន្តហោះសៀមរាប ត្រូវបានពិនិត្យឃើញថា មានផ្ទុកមេរោគកូវីដ១៩ (COVID-19) ពេលទៅដល់ព្រលានយន្តហោះ Nagoya របស់ប្រទេសជប៉ុន។

អ្នកនាំពាក្យក្រសួងសុខាភិបាល​ លោក លី​ សុវណ្ណ បាន​លើកឡើងថា ​ទោះបី​ជាការឆ្លងរបស់​បុរសជនជាតិជប៉ុន​រូបនោះមិនមែនកើតចេញ​ពី​ប្រទេសកម្ពុជា​ក៏ដោយ ក៏គាត់មានអាចមាន​ការប៉ះពាល់​ជាមួយអ្នក​ដទៃក្នុងកំឡុងពេល​ស្នាក់​នៅកម្ពុជា​ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់​ថ្ងៃទី៣ ខែមីនា។

លោក លី សុវណ្ណ បាន​បន្តថា៖ «ដូច្នេះ យើងនឹងតាម​រុក​រក​អ្នកដែល​ប៉ះពាល់​​ទាំងអស់ ដែលគាត់បានប្រាស្រ័យជាមួយ បាទ! ប៉ុន្តែ រហូតដល់ពេល​នេះ យើងអត់​ទាន់​រកឃើញ​អ្នកដែលមាន​វិជ្ជមាន​ ដែល​ប៉ះពាល់​គាត់នៅឡើយទេ ប៉ុន្តែ យើងត្រូវតាម​ដាន​១៤ថ្ងៃបន្តទៀតបាទ»។​

ក្នុង​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចុះ​ថ្ងៃ​ទី៥ ខែមីនា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ លោក អ៊ឹង រចនា បាន​បញ្ជាក់​ថា ​បុរស​ជនជាតិ​ជប៉ុនអាយុ​ជាង​៤០ឆ្នាំ​​រូប​នោះ​ បាន​ធ្វើ​ដំណើរ​ចេញ​ចូល​កម្ពុជា​ចំនួន​២​លើក គឺ​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ​ ហើយ​បាន​ចាក​ចេញ​ទៅ​ភីលីពីន​ថ្ងៃ​ទី​២១ និង​លើក​ទី​ពីរ​ នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ ហើយ​បាន​ចាក​ចេញ​ទៅ​ជប៉ុន​កាត់តាម​វៀតណាម​នៅ​ថ្ងៃ​ទី​៣ ខែមីនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ