សមត្ថកិច្ច​​​កំពុង​​កំណត់​​​​សញ្ជាតិ​​​កប៉ាល់​​មួយ​​ដែល​​​ចូល​​ដែន​​ទឹក​​កម្ពុជា​​​​ខុស​​ច្បាប់​​

កប៉ាល់​ដឹក​សាំង​ MT-COURAGEOUS ដែលបានចូល​ដែនទឹក​កម្ពុជា​ក្នុង​ចន្លោះ​កោះតាង និង​កោះ​ពូ​លូ​វ៉ៃ មិនមាន​ការអនុញ្ញាត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ច​កម្ពុជា​កំពុង​សួរ​ចម្លើយកសាង​សំណុំ​រឿង​កប៉ាល់​ដឹក​សាំង​ MT-COURAGEOUS ទៅ​តុលាការ​ក្រោយ​បំពាន​ចូល​ដែន​ទឹក​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​កន្លង​ទៅ​។

អគ្គស្នង​ការរ​ង​នគរបាល​ជាតិ ​លោកឧត្តមសេនីយឯក តេង សួន​ បាន​ឱ្យ​VOD ដឹង​ថា សមត្ថកិច្ច​​​កំពុង​សាក​សួរ​​ប្រមូល​ចម្លើយ​ពី​នាវិក​១៦​នាក់​នៃ​កប៉ាល់ MT-COURAGEOUS ដើម្បី​​កំណត់ឱ្យ​​ច្បាស់​ពីសញ្ជាតិ​នៃ​កប៉ាល់​នេះ​ ខណៈ​មាន​ការ​សង្ស័យ​ថា ​កប៉ាល់​បាន​​ល្មើស​នឹង​វិធាន​ការ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។ ទោះ​ជាយ៉ាងណា ​លោក​មិន​ទាន់​អាច​បញ្ជាក់​បន្ថែម​បាន​នៅ​ឡើយ​ទេ ដោយ​សារ​កំពុង​សាកសួរ​។

លោក​ថា៖ «កប៉ាល់​នេះ​ដូរ​សញ្ជាតិ​ច្រើន​ហើយ។ តាម​យើង​សន្និដ្ឋាន​ទៅ​ដូច​ជា​មាន​ការ​ពាក់ព័ន្ធ​ជា​មួយការហាម​ឃាត់របស់​​​អង្គការ​សហប្រជាជាតិដែល​គាត់​បានសាង​ការ​ដឹកទំនិញផ្សេង​ៗ​ ដូច​ជា​ប្រេង​ដូច​ជា​អី​អ៊ីចឹង​ ឥឡូវ​ប្រហែល [កប៉ាល់] មាន​ពាក់​ព័ន្ធ​ជា​មួយ​ខាង​ហ្នឹង​។ ដល់​អញ្ចឹង​វា​ដូច​សញ្ជាតិ ដូរ​សញ្ញា ​ដូរ​ឯកសារ​ពាក់ព័ន្ធ​ច្រើន​ណាស់​ ដល់​ឥឡូវ​យើង​កំពុង​តែ​ពិនិត្យ​លើឯកសារ ហើយ​សួរ​នាំ​ដើម្បី​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​ដើម្បីពិនិត្យ»។

យោង​តាម​គេ​ហទំព័រ ​Myshiptracking កប៉ាល់​ MT-COURAGEOUS ជា​ប្រភេទ​កប៉ាល់​ដឹក​សាំងដោយ​ប្រើ​ទង់ជាតិ​ប្រទេស​កាមេរ៉ូន កប៉ាល់​នេះ​បាន​ចូល​ដល់​ដែន​ទឹក​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​កន្លង​ទៅ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ លោក កុយ គួង បាន​ប្រាប់​VOD ថា ​ក្រសួង​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ ទោះ​ជា​យ៉ាងណា​ លោក​ថា​ ក្រសួង​នៅ​ចាំ​ពិនិត្យ​ព័ត៌មាន​លំអិត​បន្ថែម​សិន​។

លោក កុយ គួង៖ «ខ្ញុំ​មិន​ទាន់​អាច​និយាយ​យ៉ាង​ម៉េច​បាន​ទេ​! យើង​ឃើញ​ថា​ មហា​ផ្ទៃ​ថា​គេ​ឃាត់​បាន​ដោយ​សារ​កប៉ាល់​បាន​ចត​លើ​ដែន​ទឹក​កម្ពុជា​។ តែ​ចាំ​ខ្ញុំ​ពិនិត្យ​ព័ត៌មាន​ហ្នឹង​លំអិត​បន្ថែម​បន្ដិ​ច​សិន»។

អ្នកតាមដាននយោបាយកម្ពុជា លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ប្រទេសមួយមានសិទ្ធិចាប់កប៉ាល់ដែលចូលដែនទឹកខ្លួនដោយគ្មានការអនុញ្ញាត ហើយករណី MT-COURAGEOUS នេះអាចនឹងធ្វើឱ្យមានការមិនច្បាស់លាស់នៃការកំណត់សញ្ជាតិកប៉ាល់។

លោក ឯម សុវណ្ណរ៉ា៖ «វាពាក់ព័ន្ធនឹងរឿងកប៉ាល់ដែលសុំអាជ្ញាបណ្ណក្រុមហ៊ុនណាមួយ ប្រទេសណាមួយ រដ្ឋណាមួយដែលផ្ដល់សិទ្ធិដល់កប៉ាល់ ឬក៏ចុះឈ្មោះ។ ដូចកាលពីអតីតកាលកម្ពុជាបានផ្ដល់អាជ្ញាបណ្ណដល់កប៉ាល់បរទេសជាច្រើនបានចុះឈ្មោះដាក់ទង់ជាតិកម្ពុជា ហើយកប៉ាល់ទាំងអស់នោះកម្ពុជាគ្រប់គ្រងមិនបានច្រើនទេ ទៅធ្វើសកម្មភាពផ្ដេសផ្ដាសដែលអន្តរជាតិចាប់។ ករណីកប៉ាល់កាមេរ៉ូនអីនេះ អ្វីដែលធ្វើឱ្យមិនទាន់ច្បាល់នោះ ព្រោះជួនកាលកប៉ាល់កាន់ទង់ជាតិកាមេរ៉ូនអីអញ្ចឹង តែមិនដឹងថានៅក្នុងបញ្ជីក្រុមហ៊ុន ឬរបស់រដ្ឋកាមេរ៉ូនទេ! ដល់អ៊ីចឹងវាជាហេតុផលដែលយើងគួរពិចារណាថា វាមានភាពមិនច្បាស់លាស់»។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១​ ខែមីនា អគ្គស្នងការនគរបាលជាតិ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា​ កប៉ាល់​ MT-COURAGEOUS នេះ​មាន​ផ្ទុក​នាវិក​ចំនួន​១៦​នាក់ និង​បាន​ចាក​ចេញ​ពី​កំពង់​ផៃ​ KAO HSIUNG នៃ​កោះតៃវ៉ាន់​កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​កន្លង​ទៅ និង​បាន​បោះ​យុថ្កា​បំពាន​ដែន​ទឹក​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ។

បើតាម​សេចក្តី​ប្រកាស​នោះ​ នាវានេះ​ធ្លាប់​ធ្វើ​ការ​ផ្ទេរ​ទំនិញ​ពីនាវាទៅ​នាវា ឬ​ទៅ​ទូក​ដឹក​ទំនិញ​របស់​កូរ៉េខាង​ជើង​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​សកម្មភាព​បំពាន​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៧៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ