ក្រសួងព័ត៌មានស្នើសមត្ថកិច្ចចាត់ការលើអ្នកបង្ហោះព័ត៌មានមិនពិតជុំវិញបញ្ហាវីរុសកូរ៉ូណាថ្មី

ទីស្នាក់ការក្រសួងព័ត៌មាន ស្ថិតនៅ​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (VOD)

ក្រសួងព័ត៌មាន អំពាវនាវដល់សមត្ថកិច្ចចាត់វិធានការម្ចាស់គណនី និងទំព័រហ្វេសប៊ុកមួយ​ចំនួនដែល​បង្ហោះ​ព័ត៌មាន​​ក្លែងក្លាយទាក់ទងនឹងជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ឬ COVID-19។

ការស្នើរបស់ក្រសួងព័ត៌មាននេះធ្វើឡើងក្រោយពីមានគណនី និងទំព័រហ្វេសប៊ុក​មួយចំនួនបានបង្ហោះ​ថាមាន​ជន​​បរទេសស្លាប់នៅក្នុងប្រទេសកម្ពុជាព្រោះតែពួកគេឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានចេះផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០នេះ បានព្រ​មានផ្លូវ​ច្បាប់ និងច្រានចោលព័ត៌មានដែលបង្ហោះលើហ្វេសប៊ុកចំនួន៧ ថា មានជនបរទេសឆ្លង​ជំងឺផ្លូវដង្ហើម បង្កឡើងដោយ​វីរុសកូរ៉ូណាថ្មី ឬ COVID-19​ បណ្តាលឲ្យស្លាប់។

ហ្វេសប៊ុកទាំងនោះរួមមាន Sdam Husen , Sovannara Som, កូននាគ អហិង្សា ស្វ.រ , សំឡេងពលករចង់​បានការផ្លាស់ប្តូរ, សឹម សុភា Some Sophea, Ah Song Ha និងហ្វេសបុកឈ្មោះ រិទ្ធីវង្ស ឡុង ជាដើម។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា លោកគាំទ្រ​និង​វិធាន​ការ​ច្បាប់​របស់ក្រសួងព័ត៌មាន ប៉ុន្តែលោកបង្ហាញការព្រួយបារម្ភថា បើអ្នកប្រើបណ្តាញហ្វេស​ប៊ុករិះគន់​ត្រង់​ចំណុច​អវិជ្ជមានត្រឹមត្រូវ ហើយត្រូវបានចាត់វិធានការច្បាប់ នោះនឹង​ធ្វើឲ្យសេរីភាព​ការបញ្ចេញ​មតិ​រួម​តូច​។

លោកមានប្រសាសន៍ថា៖ «បើសិនជាចាត់វិធានការទៅលើការបំពុលព័ត៌មាន មិនមែនជារឿងខុសទាស់អ្វីទេ។ ប៉ុន្តែយើង​ព្រួយបារម្ភថា ការបញ្ចេញព័ត៌មានពិតអ្វីមួយមានប្រភពច្បាស់លាស់ ហើយបែរជាមាន​ចំណាត់​ការ​ទៅ​វិញ យើងយល់ថាជាការរឹតត្បិតសេរីភាពបញ្ចេញមតិ»។

គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ កម្ពុជារកឃើញ​អ្នកឆ្លងCOVID-19​ ចំនួន​តែមួយរូបប៉ុណ្ណោះ ហើយបុរសជនជាតិចិន​រូប​នោះក៏បាន​ជាសះស្បើយផងដែរ។ ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​កន្លង​ទៅ ​បាន​ថ្លែង​ថា កម្ពុជា​នឹង​គ្មាន​ជំងឺ​រលាក​សួត​Covid-19 នោះ​ទេ ដោយ​ថាទាល់​តែ​ខែកុម្ភៈ​មាន​ថ្ងៃទី​៣១ទើប​ខ្មែរមាន​​ឆ្លង​ជំងឺនេះ។

ទោះយ៉ាងក៏ដោយកាលពីថ្ងៃទី២៧ ខែកុម្ភៈ នាយក​អង្គការ​សុខភាព​ពិភព លោក Tedros Adhanom Ghebreyesus បាន​លើក​ឡើង​ថា​ ករណី​ឆ្លង​នៃ​ជំងឺ​រលាក​សួត​ថ្មី Covid-19 បាន​ឈាន​ដល់​ចំណុច​ដែល​ត្រូវ​ឆ្លើយ​តប​ឱ្យ​លឿន​បំផុត ដោយ​ថា​ការ​គិត​ថា​ប្រទេស​ខ្លួន​នឹង​គ្មាន​វីរុស​កូរ៉ូណា​នោះ ​គឺ​ជា​កំហុស​ឆ្គង​ដ៏​គ្រោះថ្នាក់​។

តាម​ការចុះ​ផ្សាយរបស់​សារព័ត៌មាន​South China Morning Post គិតត្រឹមម៉ោង៤​រសៀល​ថ្ងៃអាទិត្យនេះ អ្នកឆ្លងCOVID-19 មាន​៨៦៩០៦នាក់​ អ្នកស្លាប់២៩៨១នាក់ និងជាសះស្បើយចំនួន៤១៩៥៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ