សកម្មជន​ដី​ធ្លី​៣​នាក់​នៅ​កោះ​កុង ត្រូវ​តុលាការ​ហៅ​បំភ្លឺ​ជា​លើក​ទី​២​ ករណី​​ចោទ​អតីត​តំណាង​ខ្លួន​​ថា​​យក​ដី​រដ្ឋ​លក់​​

អ្នកស្រី ខន ផុន (ឆ្វេង) និងអ្នកស្រី ហេង លីន (ស្ដាំ) បង្ហាញដីកាកោះហៅពីសាលាដំបូងខេត្ត ពាក់ព័ន្ធសំណុំរឿងបរិហារកេរិ៍្តលើអតីតតំណាងខ្លួនគឺអ្នកស្រី ឆាយ វី ជុំវិញរឿងអ្នកស្រី ឆាយ វី ញុះញង់ឱ្យលក់ដីសហគមន៍។ (Phav Nheung/ មករា-កុម្ភៈ ២០២០)

សកម្មជនដីធ្លីចំនួន៣នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺជាលើកទី២ ក្រោយពួកគាត់​ចោទប្រកាន់អតីតតំណាងរបស់ខ្លួនថា ​លួចលក់ដីរដ្ឋឱ្យឈ្មួញ។

ក្នុងដីកាកោះលើកទី២ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ តំណាងអយ្យការនៃអយ្យការអមសាលាដំបូងខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី បានកោះហៅសកម្មជនដីធ្លីចំនួន៣នាក់ជាលើកទី២ មានអ្នកស្រី ផាវ ញ៉ឺង អ្នកស្រី សេង លីន និងអ្នកស្រី ខន ផុន ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ ពាក់ព័ន្ធសំណុំរឿងបរិហារកេរិ៍្តទៅតាមបណ្តឹងរបស់អ្នកស្រី ឆាយ វី ដែលជាអតីតតំណាងរបស់ពួកគាត់។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តុលាការបានកោះហៅសកម្មជនដីធ្លី៣នាក់នោះឱ្យចូលបំភ្លឺម្តងរួចមកហើយពាក់ព័ន្ធសំណុំរឿងបរិហារកេរិ៍្តនេះ ប៉ុន្តែ សកម្មជនដីធ្លីទាំងនោះដាក់ពាក្យ​សុំពន្យារពេលដោយសារពួកគាត់ជាប់រវល់។

អ្នកស្រី ផាវ ញ៉ឺង ប្រាប់វីអូឌីថា ករណីតុលាការកោះហៅលើកទី២នេះ អ្នកស្រីនឹងចូលទៅបំភ្លឺតាមពេលវេលាកំណត់របស់តុលាការ ដោយថា អ្នកស្រីពុំបាននិយាយបរិហារកេរិ៍្តអ្នកស្រី ឆាយ វី ដូចការចោទប្រកាន់នោះទេ។

សកម្មជនដីធ្លីរូបនេះ អះអាងថា អ្វីដែលអ្នកស្រីនិយាយនោះជារឿងពិត គឺអ្នកស្រី ឆាយ វី បានបំផុសឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ចាប់ដីដែលនៅសេសសល់ពីការវាស់វែងរបស់អាជ្ញាធរ លក់ឱ្យឈ្មួញពិតមែន។

អ្នកស្រី ផាវ ញឺង បង្ហាញដីកាកោះហៅពីសាលាដំបូងខេត្ត ពាក់ព័ន្ធសំណុំរឿងបរិហារកេរិ៍្តលើអតីតតំណាងខ្លួនគឺអ្នកស្រី ឆាយ វី ជុំវិញរឿងអ្នកស្រី ឆាយ វី ញុះញង់ឱ្យលក់ដីសហគមន៍។ (Phav Nheung/ មករា-កុម្ភៈ ២០២០)

អ្នកស្រីបន្ថែមថា៖ «អ្នកស្រី ឆាយ វី យកដីរដ្ឋលក់អស់ម្ល៉ឹងៗ ហើយពលរដ្ឋរាប់ពាន់នាក់បានប្តឹងគាត់ ហើយគាត់មកប្តឹងខ្ញុំម្នាក់។ អីចឹង ខ្ញុំអត់មានអីត្រូវខ្លាចទេ ព្រោះយើងមានសាក្សីជាច្រើនដែលគេចោទថា អ្នកស្រី ឆាយ វី បានប្រមូលប្រជាជនចាប់ដីរដ្ឋលក់»

អ្នកស្រី សេង លីន ដែលរងបណ្តឹងដែរនោះ បានស្នើទៅតុលាការចុះស្រាវជ្រាវ និងពិចារណា ដោយថា អ្វីដែលពួកនិយាយនោះ វាជារឿងពិត។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនបារម្ភទេ ព្រោះរឿងនេះជារឿងពិត មិនមែនជារឿងបរិហារកេរិ៍្តទេ។ យើងបានដឹងថា ដីកន្លែងហ្នឹងគេបានយកទៅលក់អស់ហើយ។ ខ្ញុំសុំឱ្យតុលាការចុះទៅមើលទីតាំងកន្លែងដីហ្នឹងផ្ទាល់ មិនត្រូវចេះតែកោះហៅខ្ញុំមកសួរនោះទេ»

កាលពីចុងឆ្នាំ២០១៩ អ្នកស្រី ឆាយ វី បានប្តឹងសកម្មជនដីធ្លីចំនួន៣នាក់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» ដោយអះអាងថា សកម្មជនដីធ្លីទាំងនោះបាននិយាយចោទប្រកាន់អ្នកស្រីថា ឃុបឃិតគ្នាលួចលក់ដី​រដ្ឋ ដែលថា ការលើកឡើងនេះខុសពីការពិត។

អតីតតំណាងពលរដ្ឋ១៧៥គ្រួសារ អ្នកស្រី ឆាយ វី មានប្រសាសន៍ថា ការចោទប្រកាន់របស់សកម្មជនដីធ្លីទាំង៣នាក់នោះ គឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តយរបស់អ្នកស្រី ដោយថា អ្នកស្រីមិនបានអូសទាញឱ្យពលរដ្ឋណាចាប់ដីរដ្ឋលក់ដូចការចោទប្រកាន់ឡើយ។

អតីតតំណាងពលរដ្ឋរូបនេះ បានប្តឹងទាមទារទៅតុលាការឱ្យចាត់វិធានតាមផ្លូវច្បាប់ និងផ្តល់ជំងឺចិត្តដល់អ្នកស្រីក្នុងម្នាក់២ម៉ឺនដុល្លារ។

អ្នកស្រីមន្ថែមថា៖ «ខ្ញុំលក់ដីរដ្ឋនៅចំណុចណា សូមយកភស្តុតាងមកបង្ហាញតុលាការ? ហើយរកឈ្មោះឧកញ៉ា​ណាអ្នកទិញ និងរកឈ្មោះបុគ្គល ក ខ ណាដែលទទួលសិទ្ធិពីខ្ញុំ សូមឱ្យពួកគេរកឱ្យឃើញ»

ពាក់ព័ន្ធករណីនេះ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា ស្នើទៅតុលាការឱ្យចុះស៊ើបអង្កេតស្រាវជ្រាវ និងធ្វើការដោយឯករាជ្យ​ មានតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ភាគីទាំងសងខាង។

លោកបន្ថែមថា៖ «តុលាការត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង។ អ្វីសំខាន់ ភាគីដែលរងបណ្តឹងនៅតុលាការនេះ តាមការអះអាង គឺពួកគាត់ចង់ការពារដីដែលនៅសល់ហ្នឹងជាទ្រព្យសម្បត្តិរួម។ វាមិនមែនជាការប្តឹងដើម្បីទាមទារជាប្រយោជន៍ផ្ទាល់ខ្លួនទេ។ អីចឹង តុលាការគួរតែពិចារណា និងធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ មុននឹងចាត់វិធានការផ្លូវច្បាប់ណាមួយ»

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមពលរដ្ឋ១៧៥គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយចោទប្រកាន់អ្នកស្រី ឆាយ វី អតីតតំណាងពួកគេថា បាន«ញុះញង់ឱ្យប្រជាពលរដ្ឋលក់ដីសេសសល់បំរុងទុករបស់សហគមន៍»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ