លោក​ ស ខេង​ ថា​បដិវត្តន៍​អាច​កើត​ចេញ​ពី​ផ្ទៃ​ក្នុង​បើ​មន្ត្រី​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ និង​ផល​ប្រយោជន៍​ពលរដ្ឋ​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានលើកឡើងថា ពេលខ្លះចលនាបដិវត្តន៍ពណ៌អាចកើតចេញពីភាពអសកម្មរបស់​មន្រ្តី​ ក្នុងការ​ដោះស្រាយបញ្ហា និងសំណូមពររបស់ពលរដ្ឋ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប​ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបងនៅព្រឹកនេះ លោក ស ខេង មានប្រសាសន៍ថា​ ពេលខ្លះចលនាបដិវត្តន៍ពណ៌​កើតចេញពីមជ្ឈដ្ឋានខាងក្រៅ​រដ្ឋាភិបាល ដូចដែលរដ្ឋាភិបាល​បានទប់ស្កាត់​​ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ មក។  ​

យ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ទទួលស្គាល់ថា​ ពេលខ្លះ​ចលនាបដិវត្តន៍ពណ៌​គឺកើតចេញពីផ្ទៃក្នុងរដ្ឋាភិបាលខ្លួនឯងតែម្តង ដែលមានមន្ត្រីអសកម្ម មិនយកចិត្តទុកដាក់បម្រើរាស្ត្រ ហើយធ្វើឱ្យប៉ះពាល់​សិទ្ធិសេរីភាព និងប្រយោជន៍ពលរដ្ឋ​តែម្តង។

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែ ពេលខ្លះ បដិវត្តន៍ពណ៌នេះ វាកើតចេញពី​ផ្ទៃក្នុងយើង [រដ្ឋាភិបាល] ឬជួរយើង ដោយមិនដឹងខ្លួន ឬដោយអចេតនា តាមរយៈការមិនយកចិត្តទុកដាក់អើពើ​នូវសំណូមពរ​ សំណើ និង​​​កង្វល់​របស់ពលរដ្ឋ។ ហើយបង្កើតឡើងជាភាពអសកម្មនានា​នៅតាមមូលដ្ឋាន​ ហើយ​ប៉ះពាល់​ដល់សិទ្ធិ និងផលប្រយោជន៍​របស់ប្រជាពលរដ្ឋ។ នោះជាមូលហេតុ​នាំឱ្យ​កកើត​នូវ​ចលនា​បដិវត្តន៍ពណ៌នោះដែរ​»។

លោក ស ខេង ជំរុញឱ្យមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន​ទាំងអស់​ ខិតខំដោះស្រាយ​បញ្ហានានា ពាក់ព័ន្ធសិទ្ធិសេរីភាព និងផលប្រយោជន៍ពលរដ្ឋ ដោយថា ​ជាគន្លឹះដ៏សំខាន់មួយ​ទប់ស្កាត់​មិនឱ្យចលនាបដិវត្តន៍ពណ៌​កើតឡើង​នៅកម្ពុជា។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ឯកភាព​ចំពោះការលើកឡើង​របស់លោក ស ខេង នេះ។ លោកបន្តថា ​​ជាបទពិសោធន៍ ​ប្រទេសជាច្រើន​នៅលើពិភពលោក​ ភាព​អសកម្មរបស់មន្ត្រីរដ្ឋាភិបាល ការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងភាពអយុត្តិធម៌សង្គម​កាន់តែច្រើន ជាមូលហេតុនាំឱ្យកើតមានបាតុភាពសង្គម ព្រមទាំងប្រែក្លាយជាចលនាបដិវត្តន៍​ផងដែរ​។

លោកមានប្រសាសន៍ថា៖ «ការកើត [បដិវត្តន៍] ដោយសារភាពអសកម្ម និងភាពអយុត្តិធម៌ ដែលកើតឡើងសម្រាប់ប្រជាពលរដ្ឋ ឬការបំបិទសេរីភាពធ្ងន់ធ្ងរ​សម្រាប់ប្រជាពលរដ្ឋ។ អីចឹង វាអាចនឹងផ្ទុះឡើង»។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ​លោក សម រង្ស៊ី និងលោក កឹម សុខា ​បានដឹកនាំកម្លាំងអ្នកគាំទ្ររបស់ខ្លួនរាប់ម៉ឺននាក់ ​ដើម្បីតវ៉ាប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត​ពេលនោះ ដោយថា មានភាពមិនប្រក្រតី និងអយុត្តិធម៌ជាច្រើន​។ ​​

ក្រុមអ្នកតវ៉ាពេលនោះ ទាមទារឱ្យគ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ ឬទាមទារឱ្យបោះឆ្នោតឡើងវិញ​ រហូតដល់​ទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែងទៀតផង​ ប្រសិនបើដោះស្រាយតាមការទាមទាររបស់ពួកគេមិនបាន ប៉ុន្តែ ការតវ៉ានោះ ត្រូវបានរដ្ឋាភិបាល​ចាត់ទុកថា​ជា​ចលនា​ឈានទៅធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។ 

អ្នកវិភាគនយោបាយ​ដែលកំពុងរស់នៅក្រៅប្រទេស លោក គឹម សុខ បានបង្ហាញការយល់ឃើញថា ​តាំងពីដើមមកទល់ពេលបច្ចុប្បន្ន​ គ្មានឡើយស្រមោលបដិវត្តន៍ពណ៌នៅកម្ពុជា​ ដោយថា ពាក្យបដិវត្តន៍ពណ៌នេះ គ្រាន់តែភាសានយោបាយ​បង្កើតឡើង​ដោយក្រុម​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ ​

លោកថា ទៅថ្ងៃមុខក៏គ្មានដែរទម្រង់ជាបដិវត្តន៍ពណ៌នៅកម្ពុជា ប៉ុន្តែ នឹងមានការតវ៉ាទ្រង់ទ្រាយធំកើតឡើងពីសំណាក់​ពលរដ្ឋ​ដោយប្រើសិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីផ្លាស់ប្តូរ​អ្នកបម្រើប្រជាពលរដ្ឋ នៅពេលពួកគេ​ធ្វើរឿងអាក្រក់ច្រើនដល់ជាតិ និងរាស្ត្រ។ 

លោកមានប្រសាសន៍ថា៖ «ហើយអ្នកបម្រើពលរដ្ឋ គឺពួកអ្នកដឹកនាំប្រទេសហ្នឹងហើយ។ នៅពេលពលរដ្ឋ​មើលឃើញថា ​ពួកអស់នេះកំពុងធ្វើឱ្យប្រទេសកម្ពុជា​ធ្លាក់ទៅក្នុង​វិនាសកម្ម​នៃអំពើពុករលួយ ធ្វើបាបប្រជាជាតិឯង និងប្រព្រឹត្តតែឧក្រិដ្ឋកម្មនោះ។ ពលរដ្ឋអាចនឹងធ្វើការតវ៉ា​ក្នុងទ្រង់ទ្រាយធំជាសិទ្ធិ ជាម្ចាស់ប្រទេស​របស់ពួកគាត់»។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពីខែកុម្ភៈ បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍នីតិរដ្ឋសម្រាប់ឆ្នាំ២០១៩» ដោយបន្តចាត់ថ្នាក់កម្ពុជា​ ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ទន់ខ្សោយបំផុតក្នុងលោក។ ក្នុងចំ​ណោមប្រទេស១២៦ ​កម្ពុជាជាប់លេខ១២៥ ពោលគឺនៅលើតែប្រទេសវេណេស៊ុយអេឡាមួយប៉ុណ្ណោះ។

ដោយឡែក សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ ដែលចេញផ្សាយ​កាលពីថ្ងៃទី២៣ ខែមករា ដោយអង្គការតម្លាភាពអន្តរជាតិបង្ហាញថា ប្រទេសកម្ពុជាទទួលបាន ២០ពិន្ទុ លើពិន្ទុអតិបរមា ១០០ គឺជាពិន្ទុបង្ហាញថា មានកម្រិតអំពើពុករលួយអាក្រក់ដដែលបើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមប្រទេស១៨០ កម្ពុជាទទួលបានចំណាត់ថ្នាក់​១៦២ ។

ពិន្ទុ និងចំណាត់ថ្នាក់នេះ បង្ហាញថា ​កម្ពុជា ជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ជាងគេបំផុត​​ក្នុងចំណោមប្រទេស​ក្នុងតំបន់អាស៊ាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ