លោក​ ហ៊ុន​ សែន​ ចោទ​លោក​ មាស​ នី​ ថា​ជា​អាយ៉ង​បរទេស​ក្រោយពី​វិភាគ​រឿង​ EBA​

(ឆ្វេង) លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot) និង (ស្ដាំ) លោក មាស នី អ្នកវិភាគបញ្ហាសង្គម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទអ្នកវិភាគបញ្ហាសង្គមមួយរូបថា ជាអាយ៉ងបរទេស ទាក់ទងនឹងការវិភាគជុំវិញសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលធ្វើឱ្យកម្ពុជាប៉ះពាល់សេដ្ឋកិច្ចកម្ពុជា។

លោក ហ៊ុន សែន បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃនេះ ដោយថា រដ្ឋាភិបាលកម្ពុជាមិនយកអធិបតេយ្យកម្ពុជាដោះដូរជាមួយបរទេសជុំវិញការស្នើសុំឱ្យរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដូចការវិភាគរបស់លោក មាស នី នោះទេ ដោយលោកចោទលោក មាស នី ថាជា«អាយ៉ងបរទេស»

លោកថ្លែងបែបនេះថា៖ «ខ្ញុំផ្តាំទៅ មាស នី គឺ មាស នី ឯងកុំជ្រុលហួស ការវិភាគរបស់ មាស នី ឯងមិនមែនជាខ្មែរទេ គួរតែជាជនជាតិបរទេសវាត្រឹមត្រូវជាង ខ្ញុំហ៊ានវាយតម្លៃ អ្នកឯងគឺជាអាយ៉ងបរទេសពិតប្រាកដ មិនមែនជាខ្មែរទេ»។

​​លោក មាស នី មានប្រសាសន៍ថា លោកគ្រាន់តែជាអ្នកវិភាគបញ្ហាសង្គម បែបជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយថា មិនមានបំណងអាក្រក់លើមេដឹកនាំណានោះទេ។

ចំណែកទាក់ទងនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចោទលោកថា ជាអាយ៉ងបរទេស មិនត្រឹមត្រូវទេ ពីព្រោះលោកមិនបានធ្វើការងារជាមួយបរទេស និងយកប្រាក់ខែពីបរទេសនោះទេ។

លោកមានប្រសាសន៍ថា៖ «កាលណាអាយ៉ង ទាល់តែខ្ញុំបម្រើបរទេស ដើម្បីផលប្រយោជន៍អ្វីមួយ ផ្តួលរំលំរដ្ឋាភិបាលផ្សេងៗ បានជាអាយ៉ង ប៉ុន្តែ បើខ្ញុំគ្រាន់តែជាអ្នកវិភាគ ហើយខ្ញុំមិនមានឥទ្ធិពល ហើយខ្ញុំក៏មិនមែនជាបុគ្គលិករបស់សហគមន៍អឺរ៉ុបដែរ»។

បើគ្មានអ្វី​ប្រែ​ប្រួលទេ ៦​ខែទៀត ​ផលិតផ​លនាំចេញ​របស់ក​ម្ពុជាប្រមាណជាជាង​ ៤​​០មុ​ខ មាន​សម្លៀកបំពាក់កាត់ដេរ សម្ភារធ្វើ​ដំណើរ វ៉ាលី កាបូបស្ពាយ ស្បែកជើង និង​ស្ករ​សផងនោះ ​ត្រូវបង់ពន្ធឡើងវិញ​ក្នុង​ចំណែក ២០​ភាគរយ​នោះ។

របាយការណ៍របស់សហភាពអឺរ៉ុប បង្ហាញថា ការនាំចេញទំនិញកម្ពុជាទៅអឺរ៉ុបក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ ៥,៨៨ពាន់លានដុល្លារ ដែលក្នុងនោះធ្វើឡើងក្រោមប្រព័ន្ធអនុគ្រោះពន្ធមានរហូតដល់ជិត ៩៦ភាគរយ ឬក្នុងទំហំទឹកប្រាក់ ៥,៦៦ពាន់លានដុល្លារ។

របាយការណ៍របស់សហភាពអឺរ៉ុបដដែលឱ្យដឹងថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបរួមមាន សម្លៀកបំពាក់ ៧៤,២ភាគរយ ស្បែកជើង ១២,៦ភាគរយ កង់ ៥,៧ភាគរយ និងអង្ករ ៣ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ