សហជីព និង​អង្គការ​សមាគម​ជាង​២០​ស្ថាប័ន​ស្នើ​រដ្ឋាភិបាល​កែប្រែ​បន្ថែម​លើ​ច្បាប់​សហជីព

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែងប្រាប់អ្នកសារព័ត៌មានពីការដាក់ញត្តិទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់ នៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នា២០២០។ (ហ៊ី ឆាយ)

សហជីព និងអង្គការសមាគមជាង២០ស្ថាប័ន បានស្នើទៅរដ្ឋាភិបាលឱ្យធ្វើវិសោធនកម្មបន្ថែមទៀតលើច្បាប់សហជីព ក្រោយពួកគេមើលឃើញថា ច្បាប់មួយនេះនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព និងបង្កផលលំបាកដល់សហជីព។

តំណាងសហជីព និងតំណាងអង្គការសមាគមប្រមាណ២០នាក់ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងថ្ងៃនេះដើម្បីស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បើកកិច្ចប្រជុំបន្ទាន់មួយជាមួយតំណាងសហជីព តំណាងអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត ពិភាក្សាជាថ្មីអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព។

សហជីព និងអង្គការសមាគមជាង២០នោះ មានសហភាពចលនាកម្មករកម្ពុជា សហភាពការងារកម្ពុជា សម្ព័ន្ធសហជីពស៊ីខៅឌូ សហព័ន្ធសហជីពកម្ពុជា អង្គការ​សម្ព័ន្ធ​ភាព​ការ​​ងារ និងសិទ្ធិ​មនុស្ស សមាគមប្រជាធិបតេយ្យកម្ពុជា និងស្ថាប័នផ្សេងៗទៀត។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលចូលរួមដាក់ញត្តិនៅក្រសួងការងារនៅព្រឹកនេះបានប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាកន្លងមក រដ្ឋាភិបាលបានធ្វើការកែប្រែច្បាប់សហជីពនេះខ្លះក៏ដោយ ប៉ុន្តែ លោកនៅតែមើលឃើញថា ច្បាប់មួយនេះនៅតែមានចរិតរឹតត្បិតសិទ្ធិ និងបង្កផលលំបាកដល់អង្គការវិជ្ជាជីវៈធ្ងន់ធ្ងរដដែល។

ប្រធានសហភាពចលនាកម្មករកម្ពុជារូបនេះ ឱ្យដឹងថា ក្រុមសហជីពធ្លាប់បានស្នើទៅក្រសួងការងារឱ្យកែប្រែច្បាប់សហជីពជាច្រើនដងហើយ ប៉ុន្តែ លោកថា ចំណុចមួយចំនួនដែលពួកគាត់ស្នើនោះ មិនត្រូវកែប្រែឡើយ។

លោក ប៉ាវ ស៊ីណា៖ «យើងមើលឃើញថា​ ការធ្វើវិសោធនកម្មនេះមានការកែប្រែតិចតួចប៉ុណ្ណោះ។ វាមិនចំនូវអ្វីដែលសហជីពយើងចង់បានទេ។ ហើយយើងមើលឃើញថា ច្បាប់នេះវានៅតែជាឧបសគ្គនៅក្នុងដំណើរការនៃការប្រព្រឹត្តទៅនៃអង្គការ សហជីពដើរតួនាទីយ៉ាងសំខាន់ ក្នុងការតំណាងឱ្យសមាជិក ក៏ដូចជាកម្មករក្នុងការដោះស្រាយបញ្ហាវិវាទផ្សេងៗដែលកើតមានឡើងក្នុងរោងចក្រសហគ្រាស។ យើងឃើញច្បាប់នេះបង្កប់ដោយភាពមិនល្អ ទាក់ទង់ការរឹតត្បិតសិទ្ធិសេរីភាពសហជីព»

លោក ប៉ាវ ស៊ីណា បន្តថា ចំណុចដែលបង្កផលលំបាក និងរឹតត្បិតខ្លាំងបំផុតនៃច្បាប់សហជីពនេះ គឺដំណើរការចុះបញ្ជីសហជីព។ លោកថា ត្រង់ចំណុចនេះ ច្បាប់បានតម្រូវឱ្យកម្មករ និងសហជីពត្រូវមានសមាជិកច្រើន ទើបអាចចុះបញ្ជីការបាន ដែលកម្មករក្នុងវិស័យសំណង់ សេវាកម្ម កម្មករបម្រើតាមផ្ទះជាដើម ពិបាកក្នុងការបង្កើតសហជីព។

អនុប្រធានសហជីពសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ មានប្រសាសន៍ថា កម្មករក្នុងវិស័យសំណង់ បានកំពុងជួបបញ្ហាពិបាកក្នុងការចងក្រងបង្កើតសហជីព ដោយសារតែច្បាប់តម្រូវឱ្យកម្មករត្រូវមានសមាជិកច្រើនចាប់ពី១០នាក់ឡើងទៅ ទើបអាចបង្កើតសហជីពបាន។ លោកថា ម្យ៉ាងទៀតនោះ គឺច្បាប់តម្រូវឱ្យធ្វើរបាយការណ៍សកម្មភាព រួមទាំងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកម្មករសំណង់ពិបាកក្នុងការអនុវត្ត។

លោក សួ ឆ្លូញ៖ «នៅក្នុងវិស័យសំណង់ គឺជាផ្នែកមួយមានភាពលំបាកខ្លាំងជាងវិស័យនានាទាំងអស់ ព្រោះពួកគាត់មិនមែនធ្វើការក្នុងបណ្តុំតែមួយកន្លែងវិស័យកាត់ដេរ និងវិស័យផ្សេងទៀតទេ។ អីចឹងហើយការចង់បង្កើតសហជីពរបស់ពួកគាត់ ក៏ជួបផលលំបាកខ្លាំងដែរ។ បើយើងពិនិត្យមើលលើច្បាប់សហជីព ទាល់តែគ្នា១០នាក់ទៅ ទើបអាចបង្កើតសហជីពបាន ដែលនេះជាបញ្ហារឹតត្បិតមួយសម្រាប់កម្មករសំណង់ក្នុងការចងក្រងសហជីព»

ក្នុងញត្តិដាក់ទៅក្រសួងការងារនៅថ្ងៃនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ក្រសួងការងារបានធ្វើវិសោធនកម្មច្បាប់សហជីពចំនួន១០មាត្រា មានមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ ប៉ុន្តែ សហជីព និងអង្គការសមាគមមើលឃើញថា ការធ្វើវិសោធនកម្មមាត្រាទាំងនេះ បានកែប្រែតែបន្តិចបន្តួចប៉ុណ្ណោះ។

ក្នុងញត្តិដដែលនេះ បានស្នើទៅក្រសួងការងារឱ្យធ្វើការកែប្រែមាត្រា២៥ និងកែប្រែលើ១០មាត្រានោះបន្ថែមទៀត រួមទាំងជំពួកទី១៥ នៃច្បាប់សហជីព ដែលចំណុចទាំងនេះនៅបន្តរឹតត្បិតសិទ្ធិសេរីភាពលើអង្គការវិជ្ជាជីវៈខ្លាំង។

វីអូឌីបានព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ តាមប្រព័ន្ធតេលេក្រាម (Telegram) ដែរ ប៉ុន្តែ លោកមិនឆ្លើយតប។ ប៉ុន្តែ ការដាក់ញត្តិរបស់សហជីព និងអង្គការសមាគមវិញ គឺមន្ត្រីរដ្ឋបាលក្រសួងការងារដែលមិនប្រាប់ឈ្មោះបានទទួល និងបានសន្យាបញ្ជូនញត្តិនោះទៅថ្នាក់លើពិនិត្យ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ សហភាពអឺរ៉ុប បានសម្រេចដកហូតជាបណ្តោះ​អាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ» ហៅកាត់​ថា​ EBA ពីកម្ពុជា លើ​ផលិតផ​លនាំចេញ​ជាង​៤​​០មុ​ខមានសម្លៀកបំពាក់កាត់ដេរ សម្ភារធ្វើ​ដំណើរ វ៉ាលី កាបូបស្ពាយ ស្បែកជើង និង​ស្ករ​សផងនោះ ​ត្រូវបង់ពន្ធឡើងវិញ​ក្នុង​ចំណែក ២០​ភាគរយ​។

​កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រុមហ៊ុន​សម្លៀកបំពាក់ ​H&M បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​មួយគាំទ្រចំណាត់ការរបស់សហភាពអឺរ៉ុប ដែលបានដកហូតជាបណ្តោះ​អាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានេះ។

ការសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធដែលសហភាពអឺរ៉ុបផ្តល់ឱ្យកម្ពុជាតាំងពីឆ្នាំ២០០១មកនេះ ធ្វើឡើងក្រោយពីរកឃើញថា កម្ពុជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនបញ្ជាទិញធំៗនៅលើពិភពលោកមួយចំនួនបានផ្ញើលិខិតមួយទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយទទូចអោយរដ្ឋាភិបាលកម្ពុជា ពិនិត្យមើល និងកែលម្អបញ្ហាសិទ្ធិមនុស្ស ដើម្បីរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិក។

ក្រុមហ៊ុនបញ្ជា​ទិញធំៗ​ទាំងនោះ បានទាមទារឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បង្ហាញពីដំណោះស្រាយនិង​យន្ដការ​ពហុភាគីថ្នាក់ជាតិរបស់ខ្លួន ដាក់ចេញនូវវិធានការជាក់លាក់គោរពទៅតាមស្ដង់ដារនៃច្បាប់អន្ដរជាតិស្ដីពី​បញ្ហាសិទ្ធិការងារ និង​សិទ្ធិមនុស្ស ដោយ​ធ្វើការកែប្រែ ឬធ្វើវិសោធនកម្មច្បាប់​ស្តីពី​សហជីព​ទ្បើងវិញ និង​លុបចោលបណ្តឹងនានា​ដែល​ប្រឆាំង​មេដឹកនាំ រួមទាំងសកម្មជន​សហជីព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ