លោក​ ហ៊ុន សែន​ ប្រកាស​​ជប់​​លៀង​​​​​​ឱ្យ​​អ្នក​​ដំណើរ​​នៃ​​នាវា​ MS Westerdam​

អ្នកទេសចរនាវាវេស្ទើដាម មកស្នាក់នៅសណ្ឋាគារសុខាក្រុងភ្នំពេញ ក្រោយដំណើរកម្សាន្តនៅទីក្រុងភ្នំពេញ ក្រោមការរៀបចំសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសរៀបចំពិធីជប់លៀងឱ្យភ្ញៀវទេសចរដែលជាប់ក្នុងនាវាទេសចរណ៍ដ៏ធំមួយឈ្មោះ WS Westerdam ដែលលោកថា ដើម្បីបង្ហាញពីបេះដូងមនុស្សធម៌របស់កម្ពុជា។

សរសេរផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញ លោក ហ៊ុន សែន មានប្រសាសន៍ថា ការអាណិតអាសូរ និងសង្វេគខ្លាំងពេកចំពោះអ្នកដំណើរប្រមាណ ២២០០នាក់ ដែលជាប់ក្នុងនាវា WS Westerdam លោកនឹងរៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរទាំងនោះ។

លោក ហ៊ុន សែន បន្តថា លោកក៏មានគម្រោងអញ្ជើញមន្រ្តីតំណាងទូតនៃប្រទេសនីមួយៗដែលមានពលរដ្ឋរបស់ពួកគេកំពុងជាប់នៅក្នុងនាវាទេសចរណ៍នោះ មានឱកាសបានមកជួបសួរសុខទុក្ខ និងចូលរួមរកមធ្យោបាយផ្សេងៗ ដើម្បីជួយពលរដ្ឋរបស់ពួកគេឆាប់បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញផងដែរ។

លោកនាយករដ្ឋមន្ត្រីឱ្យដឹងថា ក្រោយបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើអ្នកទេសចរមួយចំនួនដោយគ្មានសញ្ញាវិជ្ជមាននៃមេរោគកូរ៉ូណា Covid-19 រួចមក គឺរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតអោយអ្នកទេសចរចំនួន ៥០០នាក់ដែលស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាក្នុងក្រុងភ្នំពេញ បានរៀបចំសំបុត្រយន្តហោះឱ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញផងដែរ។

លោក ហ៊ុន សែន បញ្ជាក់ថា អ្នកដំណើរដែលមកដល់កម្ពុជាដោយសុវត្ថិភាពហើយ ប៉ុន្តែ បើសាម៉ីប្រទេសមិនព្រមទទួលខុសត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

កាលពីម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធរៀបចំរថយន្តដឹកអ្នកទេសចរដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញបានដើរទស្សនារាជធានីភ្នំពេញ ដើម្បី​ឱ្យពួកគេបានស្គាល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៀតផង។

កាលពីទី១៣ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍អាមេរិក វេស្ទើដាម ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយលោកថា ការអនុញ្ញាតឱ្យនាវានោះចូលចត គឺដើម្បីចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ និងបង្ហាញថា កម្ពុជាមិនរើសអើងជាតិសាសន៍ណាមួយឡើយ។ ខណៈដែលប្រទេស​ចំនួន​ប្រាំ​មួយដែល​រួមមាន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន តៃវ៉ាន់ និង​ ហ្គាម (Guam) បានបដិសេធមិនឱ្យកប៉ាល់នេះចូលចត ដោយបារម្ភខ្លាចអ្នកទេសចរនៅលើកប៉ាល់មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ COVID-19៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ