លោក ហ៊ុន សែន ថ្លែងថា យន្តហោះបី​គ្រឿងនឹង​ដឹក​អ្នកដំណើរនាវាវេស្ទើដាមចេញពីកម្ពុជាថ្ងៃនេះ

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អាជ្ញាធរ​កម្ពុជា​នឹង​ប្រើ​យន្តហោះ ៣គ្រឿងសម្រាប់​ដឹកអ្នកដំណើរនៃ​នាវា MS Westerdam ចេញពីកម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅថ្ងៃនេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងថា អ្នកដំណើរនៃ​នាវា MS Westerdam ​ប្រមាណ ៥០០​នាក់ ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ នឹងចាកចេញកម្ពុជា តាមជើងយន្តហោះ៧៧៧មួយគ្រឿង ដែលអាចដឹកមនុស្សបានជាង ៣០០នាក់ ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​ឌូប៉ៃ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យន្តហោះ ១​គ្រឿង ដែលដឹកបានជាង ៣០០​នាក់ពីទីក្រុងភ្នំពេញទៅឌូប៉ៃ។ អាហ្នឹងតាមព័ត៌មាន​​ពីខាងនាវា។ យន្ត(យន្តហោះ)មួយគ្រឿងទៀត ​​នឹងដឹកពីទីក្រុងភ្នំពេញទៅជប៉ុន ចេញពីហ្នឹង ហើយអាចមានយន្ត(យន្តហោះ)មួយគ្រឿងទៀត ​​ចេញពីក្រុងព្រះសីហនុ ​ទៅរដ្ឋធានី​ប្រទេសណាមួយនៅក្នុងតំបន់របស់យើងនេះ»

លោក ហ៊ុន សែន បន្តថា ប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យនាវា MS Westerdam ចូលសំចតទេ វានឹងក្លាយទៅជាវិបត្តិមនុស្សធម៌ក្នុងសកលលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យនាវា MS Westerdam បានចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី១៣ ខែកុម្ភៈ។ នាវាទេសចរណ៍អាមេរិកឈ្មោះ MS Westerdam មានផ្ទុកអ្នកដំណើរ ​​និង​បុគ្គលិក​បម្រើ​ការ​លើ​នាវា​ចំនួន ២ ២៥៧នាក់ មកពី ៤១ជាតិសាសន៍ បានចេញធ្វើដំណើរពីទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែកុម្ភៈ។

នាវា​វេស្ទើដាម ត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ និងប្រទេសថៃ បដិសេធ​មិនឱ្យចូលចត ដោយពួកគេបារម្ភថា ​អ្នកនៅលើ​នាវានោះអាច​មាន​ផ្ទុកវីរុសកូរ៉ូណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ