កម្ពុជា​នឹងបន្តធ្វើ​តេស្ត​អ្នកដំណើរនាវាវេស្ទើដាម​ក្រោយ​ម៉ាឡេស៊ីរកឃើញស្ត្រីម្នាក់ផ្ទុកកូរ៉ូណា

អ្នកទេសចរចម្រុះ៤១ជាតិសាសន៍ដែលស្នាក់នៅលើនាវាកម្សាន្តវេស្ទើដាម ឈរលើកដៃនៅលើនាវា ក្រោយពេលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រសួងសុខាភិបាលថា នឹងបន្តធ្វើការពិនិត្យតាមដានសុខភាពអ្នកដំណើរនាវាទេសចរណ៍ Westerdam បន្ទាប់ពីម៉ាឡេស៊ីបានរកឃើញស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលចេញពីនាវា​នោះ​កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាល ឱ្យដឹងថា ក្រសួងនឹងតាមដានពិនិត្យសុខភាពអ្នកដំណើរលើនាវា​ខ្នាតធំវេស្ទើដាមទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបន្តទៀត ដើម្បីរកមើលមេរោគកូរ៉ូណាថ្មី។

ក្រៅពីធ្វើការតាមដាន ក្រសួងនឹងធ្វើតេស្តអ្នកដំណើរនាវាវេស្ទើដាមដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រផងដែរ។

ក្រសួងបញ្ជាក់ថា គិតមកដល់ពេលនេះមិនទាន់មានប្រជាពលរដ្ឋកម្ពុជាណាម្នាក់មានផ្ទុកវីរុស COVID-19 នោះទេ។

វិធានការរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋ​មន្ត្រី​​ក្រសួង​កិច្ចការ​នារី​​ម៉ាឡេស៊ី អ្នកស្រី​ Wan Azizah Wan Ismail បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ​ដោយ​បញ្ជាក់​ថា ម៉ាឡេស៊ី​​បាន​​​ធ្វើ​តេស្តចំនួនពីរ​ដង​លើ​អ្នក​ដំណើរលើស្ត្រីជនជាតិ​​អាមេរិកាំង ​ហើយ​លទ្ធ​ផលបង្ហាញថា ស្ត្រីជនជាតិអាមេកាំងពិតជាមាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មីពិត​ប្រាកដ​មែន។

នាវា Westerdam ដែល​ផ្ទុក​ទៅ​ដោយ​អ្នក​ដំណើរ ១ ៤៥៥​នាក់ និង​បុគ្គលិក​បម្រើការ​លើ​នាវា ៨០២​នាក់ ត្រូវ​បាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​អនុញ្ញាត​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

នាវា​មួយ​នេះបាន​ចំណាយ​ពេល ២​សប្ដាហ៍​នៅ​លើ​ផ្ទៃ​សមុទ្រ បន្ទាប់​ពី​វា​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ចត​ពី​សំណាក់​ប្រទេស និង​ដែន​ដី​កោះ​ចំនួន ៥ រួមមាន​ជប៉ុន តៃវ៉ាន់ កោះ​ហ្គាំ ហ្វីលីពីន និង​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ