លោក ហ៊ុន សែន៖ បើខ្វះសាលសវនាការ ជួលបន្ទប់សណ្ឋាគារកាត់ក្តីទៅ

នៅព្រឹកទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនបើកសវនាការលើអ្នកជាប់ឃុំជាស្ត្រី ហើយលោកបញ្ជាក់ថា បើសិនតុលាការមិនមានបន្ទប់គ្រប់គ្រាន់សម្រាប់បើកសវនាការនោះ អាចជួលសណ្ឋាគារទៅ។​

ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារី សហការជាមួយក្រសួងមហាផ្ទៃ តាមដានរឿងស្ត្រីជាប់ឃុំ ដើម្បីពន្លឿនការកាត់ទោសឱ្យបានឆាប់។​

ស្ដ្រីដែលជាប់ក្នុងពន្ធនាគារ ជាមួយនឹងកូនតូចៗរបស់ពួកគេ។ (រូបភាព៖ របាយការណ៍សង្ខេបចេញផ្សាយ ខែតុលា ឆ្នាំ២០១៨ របស់អង្គការលីកាដូ)

ក្នុងឱកាសនោះ លោកជំរុញឱ្យជួលសណ្ឋាគារសម្រាប់កាត់ក្តី បើសិនជាខ្វះកន្លែងសម្រាប់បើកសវនាការ។​

លើហ្វេសប៊ុកលោកសរសេរថា៖ «សុំអោយក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះ ដែលបច្ចុប្បន្ននេះលឺថាមានជាង២ម៉ឺនសំណុំរឿងដែលមិនទាន់បានកាត់ក្តី ដូច្នេះត្រូវពន្លឿនសំណុំរឿងនេះអោយបានឆាប់ ហើយបើខ្វះសាលសវនាការកាត់ក្តី សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ»

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក ស្ត្រីម្នាក់រងការចោទថា ប្រើប្រាស់គ្រឿងញៀន លោកថា សំណុំរឿងនេះអាចឱ្យនៅក្រៅឃុំបណ្តោះអាសន្នបាន។ ប៉ុន្តែ ដោយសារភាពយឺតយ៉ាវក្នុងការកាត់ក្តី ធ្វើឱ្យកូនមិនទាន់គ្រប់មួយខួបរបស់ស្ត្រីរូបនោះ ស្លាប់បាត់បង់ជីវិតនៅក្នុងពន្ធនាគារ។

ករណីនេះ លោក អំ សំអាត ​ជំរុញទៅតុលាការគួរតែអនុវត្តតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាជាងទុកឱ្យស្ត្រីដែលមានផ្ទៃពោះ ឬមានកូនតូចៗជាប់ក្នុងឃុំ ធ្វើឱ្យពួកគេជួបបញ្ហាប្រឈមផ្សេងៗជាដើម។

លោកមានប្រសាសន៍ថា៖ «យោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី តុលាការគួរតែពន្លឿននីតិវិធីក្នុងការជំនុំជំរះ​​រឿងហ្នឹង ហើយទីពីរ រឿងខ្លះបើមិនចាត់ក្នុងការឃុំខ្លួនបណ្តោះអាសន្នទេ គួរតែអនុញាតឱ្យស្ត្រី ជាពិសេសស្ត្រីដែលមានផ្ទៃពោះ ស្ត្រីដែលមានកូនតាមម្តាយ នៅក្រៅឃុំបណ្តោះអាសន្នជាការល្អ ជាងការឃុំខ្លួន អ្នកដែលបានឃុំខ្លួនហើយ គួរតែពន្លឿននីតិវិធីជំនុំជំរះឱ្យបានលឿន»។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារក្រសួង​មហាផ្ទៃ លោក​ បេ ទាឡេង ថាចាប់ពីថ្ងៃទី១ ខែមករាមក ពន្ធនាគារព្រៃស មិនទទួលដាក់អ្នកជាប់ឃុំទៀតទេ ព្រោះមានស្ថានភាពចង្អៀត មានអ្នកជាប់ឃុំ ជាង១ម៉ឺននាក់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ