សាលារាជធានី​ជូន​អ្នកដំណើរ​ជិត​២០០​នាក់​ពីកប៉ាល់ Westerdam ដើរ​កម្សាន្ត​

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះទទួលស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ សម្រេចរៀបចំរថយន្តជូនអ្នកដំណើរជិត២០០នាក់មកពីកប៉ាល់ Westerdam ដើរកម្សាន្តក្នុងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ឱ្យដឹងថា សាលារាជធានីភ្នំពេញ នឹងរៀបចំរថយន្តដើម្បីជូនក្រុមអ្នកទេសចរពីនាវានោះដើរលេងជុំវិញក្រុងភ្នំពេញ។​ លោក​បន្តថា ដំណើរកម្សាន្តនោះនឹងធ្វើឡើងមួយល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយ​ចាប់​ផ្តើមចេញដំណើរពីសណ្ឋាគារសុខាភ្នំពេញ។

រថយន្តត្រៀមដឹកអ្នកដំណើរមកពីនាវា Westerdam ដើរកម្សាន្តជុំវីញក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក ម៉េត មាសភក្តី៖ «យើងរៀបចំឡានក្រុង១០ឡាន ដើម្បីដឹកពួកគាត់ជិត២០០នាក់។ គឺដឹកពួកគាត់ពីសុខាហូតែល ដើម្បីដើរមើលរាជធានីភ្នំពេញ មើលពីការរីកចម្រើនរបស់ស្រុកទេសយើង។ ការ​រៀបចំនេះតាមការចង្អុលបង្ហាញពីឯកឧត្តមអភិបាល និងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យដឹងថា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ គិតត្រឹមថ្ងៃនេះ នៅមាន​អ្នកដំណើរនៅសល់ ២៣៣នាក់ និងអ្នកបម្រើការលើនាវា នៅសល់ ៧៤៧នាក់​កំពុងស្ថិតនៅលើនាវា Ms Westerdam ចតនៅកំពង់ផែខេត្តព្រះសីហនុ។

នាវា MS Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។ នាវាមួយនេះ បានចំណាយពេល ២សប្ដាហ៍នៅលើផ្ទៃសមុទ្រ បន្ទាប់ពីវាត្រូវបានបដិសេធមិនឱ្យចូលចតពីសំណាក់ប្រទេស និងដែនដីកោះចំនួន៥ មានជប៉ុន តៃវ៉ាន់ កោះហ្គាំ ហ្វីលីពីន និងថៃ។ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ប្រទេសម៉ាឡេស៊ីរក​ឃើញ​ថា ស្ត្រីជនជាតិអាមេរិកកាំងម្នាក់ជាអ្នកដំណើរពីនាវា Ms Westerdam  អាយុ៨៣ឆ្នាំ បានឆ្លងមេរោគកូរ៉ូណាថ្មី បន្ទាប់ពីធ្វើតេស្តរកមេរោគនេះ២ដងរួចមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ