កម្ពុជា​ហៅការសម្រេចរបស់​ EU ជុំវិញបញ្ហា EBA ថាអយុត្តិធម៌ និង​ជាការអនុវត្តស្តង់​ដារ​ពីរ​

បុរសម្នាក់ដើរកាត់ក្រសួងការបរទេសកម្ពុជា។ (ហួត វុទ្ធី)

ក្រសួងការបរទេសកម្ពុជា ​ហៅ​សេចក្តីសម្រេច​របស់សហភាពអឺរ៉ុប​ដែល​ដកហូតផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ» ជាបណ្តោះអាសន្ន​ថា ​ជា​រឿង​ដ៏​អយុត្តិធម៌ និងបង្ហាញពីការ​​អនុវត្តស្តង់​ដារ​ពីរ​។

ភ្លាម​ៗបន្ទាប់​ពីការប្រកាសព្យួរផ្នែក​ខ្លះនៃ EBA ក្រសួងការបរទេសកម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថា ​ជា​រឿងដ៏អយុត្តិធម៌ដែលផ្តើម​ចេញពីការភាន់ច្រលំ និងការយល់ខុសពីតថភាព​ជាក់​ស្តែងនៅកម្ពុជា។ ក្រសួងការបរទេសកម្ពុជា ក៏បាន​ហៅសេចក្តីសម្រេចរបស់​សហភាព​អឺរ៉ុបនេះថា ធ្វើឡើងក្រោមហេតុផល​នយោបាយ​ និងជាការអនុវត្តស្តង់​ដារពីរផងដែរ។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជាចេញផ្សាយនាយប់ថ្ងៃទី​១២ ខែកុម្ភៈ សរសេរថា៖

«​សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់វឌ្ឍនភាពជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។

ទោះយ៉ាងណាក៏ដោយ ក្នុងសេចក្តីថ្លែងការណ៍ដដែល​ កម្ពុជាបញ្ជាក់​ជំហរថា ​នឹងនៅតែប្តេជ្ញាពង្រឹង​ទំនាក់​ទំនងជាមួយសហភាពអឺរ៉ុបដោយឈរ​លើ​ស្មារតីគោរព និងការទទួល​ផលប្រយោជន៍គ្នា​ទៅវិញ​ទៅមក និងបន្ត​អនុវត្តន៍តាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។

សហភាពអឺរ៉ុបនៅថ្ងៃទី​១២ ខែកុម្ភៈ បាន​សម្រេចដកហូត​ផ្នែក​ខ្លះនៃប្រព័​ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខទំនិញ​លើក លែង​សព្វាវុធ» ឬហៅកាត់​ថា EBA ជាបណ្តោះអាសន្ន ដោយលើកហេតុផលថា ​កម្ពុជាបាន​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែល​ផ្ទុយទៅនឹង​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុកកិច្ចការ​បរទេស​របស់ EU លោក Josep Borrel បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញនៅថ្ងៃពុធ​ ថា៖

«សហភាព​អឺរ៉ុប នឹង​មិន​ឈរ​មើល​នោះ​ឡើយ នៅ​ពេល​ដែល​ប្រជាធិបតេយ្យ ត្រូវ​បាន​ផាត់​ចោល ការ​គោរព​សិទ្ធិ​មនុស្ស ត្រូវ​បាន​រឹត​ត្បិត ហើយ​សេរីភាព​នៃ​ការ​ជជែក​ពិភាក្សា ត្រូវ​បាន​បំបាត់»។

តាមសេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈកម្មការអឺរ៉ុបដដែល ការដកហូតផ្នែកខ្លះនៃ EBA នេះ នឹងប៉ះពាល់​ដល់​ការនាំចេញរបស់កម្ពុជាទៅកាន់សហភាព​អឺរ៉ុបជារៀងរាល់​ឆ្នាំ​ ក្នុងទំហំទឹកប្រាក់​ប្រហែល ​១១០០លានដុល្លារសហរដ្ឋអាមេរិក។ ប្រភពដដែល​ឱ្យដឹងថា ​សេចក្តីសម្រេចនេះនឹងប៉ះពាល់ដល់ផលិតផលស្បែក​ជើង​ និង​សម្លៀកបំពាក់​ខ្លះ ខណៈផលិត​ផល​សម្រាប់​ធ្វើដំណើរ ក៏ដូចជា ស្ករ​សត្រូវបាន​ដកហូតទាំងអស់​។ ប្រសិនបើ​មិន​មាន​ការជំទាស់ពីសភា និងក្រុមប្រឹក្សា​អឺរ៉ុបនោះទេ សេចក្តីសម្រេច​ពីការដកហូតផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន​នេះ នឹងចូលជាធរមាន​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០។

ស្របពេល​ដែល​កម្ពុជា​កំពុងបាត់បង់​ផ្នែក​ខ្លះ​នៃប្រព័ន្ធអនុគ្រោះពន្ធ គណៈកម្មការអឺរ៉ុបនៅថ្ងៃជាមួយគ្នាបាន​ស្វាគមន៍ការសម្រេចរបស់សភាខ្លួន​ក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម និងសាទរចំពោះ​ការប្រឹងប្រែងរបស់​វៀតណាម​ក្នុងការធ្វើ​ឱ្យប្រសើរឡើង​នូវសិទ្ធិការងារ​​។ គណៈកម្មការអឺរ៉ុបថា ​កិច្ចព្រម​ព្រៀងនឹងត្រូវ​ចូលជាធរមាន​នៅឆ្នាំ២០២០នេះ បន្ទាប់ពី​សភាវៀតណាមផ្តល់សច្ចាប័ន។

របាយការណ៍របស់ធនាគារពិភពលោក​ ចេញកាលពីឆ្នាំ២០១៩ ព្យាករថា ​បន្ទាប់ពីការដកផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជាអាចនឹងតម្រូវឱ្យបង់ពន្ធប្រហែល១២ភាគរយលើផលិត​ផល​សម្លៀកបំពាក់ និង ១៦ភាគរយ​លើស្បែកជើង សម្រាប់ការនាំចេញទៅអឺរ៉ុប។

អតីតប្រធានគណបក្សប្រឆាំងដែល​កំពុងរស់នៅនិរទេសខ្លួន​នៅបរទេស លោក សម រង្ស៊ី បាន​ថ្លែងប្រាប់​វីអូឌីតាម​អ៊ីមែល​ថា​ លោកគាំទ្រទាំងស្រុងទៅនឹង​លក្ខខណ្ឌរបស់​សហភាព​អឺរ៉ុបដែល​រដ្ឋាភិបាល​កម្ពុជាត្រូវតែគោរព​ ដើម្បី​ចៀសវាងពីការដកហូតផលប្រយោជន៍ពាណិជ្ជកម្ម។

មេដឹកនាំអតីតបក្សប្រឆាំងរូបនេះបន្តថា​៖ «យើង (អតីតគណបក្សសង្រ្គោះជាតិ) បានបំពេញ​តួនាទីរបស់​យើង ដើម្បីប្រជាជនកម្ពុជា​ ដោយឈរយ៉ាងរឹងមាំជាមួយសហភាព​អឺរ៉ុបក្នុងការការពារសិទ្ធិមនុស្ស​ សិទ្ធិការងារ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការ​ស្តារប្រជាធិបតេយ្យឡើងវិញ»។

លោក សម រង្ស៊ី បន្ថែមថា ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ នឹង​ប៉ះពាល់​ដល់​ជីវភាពរស់នៅប្រចាំថ្ងៃរបស់​កម្មករ​ និងអាជីវកម្ម​ជាច្រើនទៀតដែល​ទទួលប្រាក់ចំណូលពីកម្មកររោងចក្រ។

​របាយការណ៍​របស់​សហភាព​អឺរ៉ុប បង្ហាញ​ថា ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨​ មាន​ទំហំ​ប្រមាណ ​៥,៨៨ពាន់​លាន​ដុល្លារ ដែល​ក្នុងនោះធ្វើឡើងក្រោមប្រព័ន្ធអនុគ្រោះពន្ធមានរហូតដល់​ជិត៩៦ភាគរយ ឬក្នុងទំហំ​ទឹកប្រាក់ ៥,៦៦ពាន់លានដុល្លារ។ របាយការណ៍របស់​សហភាព​អឺរ៉ុបដដែល​ឱ្យដឹងថា ទំនិញ​ដែល​កម្ពុជានាំចេញ​ទៅទីផ្សារអឺរ៉ុប​រួមមាន​សម្លៀកបំពាក់ ​៧៤,២ភាគរយ ស្បែកជើង ១២,៦ភាគរយ កង់ ​៥,៧ភាគរយ និងអង្ករ ៣ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ