សហជីព​ទាមទារ​ទៅ​អាជ្ញាធរឱ្យ​ស្វែង​រក​ចាប់ខ្លួន​ក្រុម​បុរស​ប្រើហិង្សាលើមន្ត្រីរបស់ខ្លួន

លោក អាត់ ធន់ ទៅសួរសុខទុក្ខអនុប្រធានសហជីពស៊ីខៅឌូ ប្រចាំរោងចក្រ W&D លោក សឿន ប្រុស ដែលត្រូវបានជនមិនស្គាល់មុខមួយក្រុម វាយបែកក្បាល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១ មុខរោងចក្រ ខណៈពេលចេញមកក្រៅហូបបាយ។ (CLC Cambodia)

សម័្ពន្ធសហជីពស៊ីខៅឌូ បានថ្កោលទោស និងទាមទារ​ទៅអាជ្ញាធរពាក់ព័ន្ធ ឱ្យ​ស្រាវជ្រាវចាប់ជនមួយក្រុម​(បុរស ៥​នាក់) ដែលបានប្រើអំពើហិង្សាលើមន្ត្រីសហជីពស៊ីខៅឌូ កាលពីម្សិលមិញ។

ក្នុងសេចក្តីថ្លែងការណ៍នៅ​ថ្ងៃ​នេះ សម្ព័ន្ធសហជីពស៊ីខៅឌូ ឱ្យដឹងថា លោក សឿង ប្រុស អនុប្រធានសហជីពស៊ីខៅឌូ ប្រចាំរោងចក្រ W&D ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខមួយក្រុម​ប្រើហិង្សាបណ្តាលឱ្យរងរបួសបែកក្បាល។

ស៊ីខៅឌូ​ បាន​អះ​អាង​ថា ជនបង្កហេតុម្នាក់បានប្រើខ្សែក្រវ៉ាត់ និងម្នាក់ទៀតកាន់ដែកថ្នាំងអំពៅ ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពីក្រោយ បណ្តាលឱ្យបែកក្បាលហូរឈាមចំនួន ៣ថ្នេរ និងដេកដួលលើថ្នល់។

សម័្ពន្ធសហជីពស៊ីខៅឌូ ឱ្យដឹងថា អំពើហិង្សានេះកើត​ឡើងអំឡុង​ពេល​ដែល​លោក សឿង ប្រុស កំពុងទិញបាយថ្ងៃត្រង់ញ៉ាំ នៅមុខរោងចក្រ កាលពី​ថ្ងៃ​ម្សិល​មិញ​នេះ។

បច្ចុប្បន្ន លោក សឿង ប្រុស កំពុងសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

សម័្ពន្ធសហជីពស៊ីខៅឌូ បានថ្កោលទោសចំពោះជនបង្កហេតុ និងស្នើទៅអាជ្ញាធរពាក់ព័ន្ធ រួមទាំងតុលាការស៊ើបអង្កេតចាប់ក្រុមជនបង្កមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

អនុប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រ W&D លោក សឿង ប្រុស ប្រាប់វីអូឌីថា លោកកំពុងរៀបចំបណ្តឹងដាក់ទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ នៅថ្ងៃនេះ ដើម្បីសុំឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

លោក សឿង ប្រុស ប្រាប់ថា៖ «ខ្ញុំអត់ដឹងត្រូវសន្និដ្ឋានម៉េចដែរ ព្រោះអី ខ្ញុំគ្រាន់តែជាតំណាងកម្មករ។ បើថា ជម្លោះនៅខាងក្រៅ ខ្ញុំអត់ដែលមានជម្លោះជាមួយអ្នកណាទេ អត់ដែលពាក់ព័ន្ធរឿងអីជាមួយអ្នកណាដែរ»

នាយប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ លោក ឯម ភារី ប្រាប់ថា លោកទើបទទួលបានព័ត៌មានពាក់ព័ន្ធករណីអំពើហិង្សានោះនៅថ្ងៃនេះទេ។ លោកថា ពេលកើតហេតុភ្លាមៗ គឺជនរងគ្រោះមិនបានប្តឹងទៅសមត្ថកិច្ចឡើយ ប៉ុន្តែ លោកថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះ។

លោក ឯម ភារី ប្រាប់ថា៖ «សមត្ថកិច្ចត្រូវការស្រាវជ្រាវ ដើម្បីមើលទីតាំងថា តើមានកាម៉េរ៉ាឬអត់។ យើងត្រូវឱ្យជនរងគ្រោះឆ្លើយបំភ្លឺឱ្យច្បាស់ ងាយសមត្ថកិច្ចស្រាវជ្រាវ។ បើយើងក្តាប់អត់ជុំ ឱ្យយើងស្រាវជ្រាវដូចម្តេច»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានចាត់ទុកករណីនេះថា ជាការគំរាមកំហែងមួយទៀតទៅលើ​មន្ត្រីសហជីព​មូលដ្ឋាន បន្ទាប់ពីការគំរាមកំហែងផ្សេងៗទៀត ដែលជនរងគ្រោះបានធ្វើការងារយ៉ាងសកម្មតវ៉ាដើម្បីការពារសិទ្ធកម្មករនៅក្នុងរោងចក្រ។

លោក អាត់ ធន់ ប្រាប់ថា៖ «វាជាអំពើមួយដែលអយុត្តិធម៌មួយដែរនៅពេលនេះ។ ប្រសិនបើមានអំពើហិង្សាកើតឡើង គឺវាប៉ះពាល់ទៅដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើង​នូវស្ថានភាពសិទ្ធការងារនៅក្នុងប្រទេសកម្ពុជា»

ប្រធានសហភាពការងាររូបនេះ បន្តថា កន្លងមក សកម្មជនសហជីពតែងតែរងការគំរាមកំហែង និងរងអំពើហិង្សាបន្តបន្ទាប់ ដូចជាការវាយតប់ ការប្តឹងទៅតុលការ និងការចាប់ដាក់ពន្ធនាគារជាដើម។ លោកថា ពេលដែលសកម្មជនសហជីពរងអំពើហិង្សា​បង្ក​ឡើង​ដោយភាគីក្រុមហ៊ុន គឺសមត្ថកិច្ចមិនដែលចាប់ជនបង្កមកដាក់ទោសបាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ