បទយកការណ៍៖កម្មកររោងចក្រមួយចំនួន​បារម្ភខ្លាច​​បាត់បង់​ការងារ​ប្រសិនបើEBAត្រូវព្យួរ

កម្មការនីរោងចក្រម្នាក់កំពុងទិញចេកអាំងនៅខាងមុខរោងចក្រមួយក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខ័ណ្ឌមានជ័យភ្នំពេញ កាលពីថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២០។ (រូបភាព៖វណ្ណ វិចារ)

គណៈកម្មការអឺរ៉ុប នឹងបិទបញ្ចប់របាយការ​ណ៍ស៊ើបអង្កេតរបស់ខ្លួន​ហើយ​ធ្វើការសម្រេចចិត្តនៅថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០ ថាតើ​គួរក្សា ឬព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)សម្រាប់កម្ពុជា​។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បញ្ជាក់ក្នុងសេចក្ដី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ទី១២ សីហា​ថា ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ និង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។ ក្រុមនិយោជកនេះ អះអាងថា ការ​ដក​​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ៣លាន​នាក់​ទៀត ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​កាត់​ដេរ។

ខណៈដែល​ការសម្រចចិត្ត​របស់​​សហភាព​អឺរ៉ុប​កាន់​តែខិតជិត​ចូល​មកដល់​ កម្មករកម្មការិនីមួយចំនួនដែល​ធ្វើការងារ​រោងចក្រនៅរាជធានីភ្នំពេញបារម្ភថាជីវភាពរស់នៅរបស់ពួក​គាត់​អាចកាន់តែយ៉ាប់យ៉ឺន ដោយសារពួក​គាត់​​ខ្លាចបាត់​បង់ការងារ​ ប្រសិនបើសហភាព​អឺរ៉ុបព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)មែន​នោះ ។

នៅល្ងាចម៉ោង៦និង៣០នាទីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២០​​ ក្នុងបរិវេណបន្ទប់ជួលជាប់​រោង​ចក្រ​នាភូមិត្រពាំងថ្លឹង ​សង្កាត់​​ចោមចៅ ខ័ណ្ឌមាន​ជ័យ​ រាជធានី​ភ្នំពេញមានស្ត្រីកម្មករ៥នាក់កំពុងជជែកគ្នា។ ពួកគាត់ប្រាប់អ្នកសារព័ត៌​មាន​​ថាកំពុងនិយាយគ្នាពីស្ថានភាពនៅកន្លែងធ្វើការ​និងស្ថានភាព​ជីវភាព​របស់ពួកគាត់ ។

អ្នកស្រី វ៉ន ចាន់នីន ជាកម្មការនីរោងចក្រកាត់ដេរក្នុងរោងចក្រអស់រយៈពេលជាង៥ឆ្នាំមក​ហើយ។អ្នកស្រីមាន​ប្ដីជា​ជាងសំណង់និងមានកូនស្រីមួយនៅក្នុងបន្ទុក។ គ្រួសារអ្នកស្រីរស់​នៅជុំគ្នាក្នុងបន្ទប់ជួលមួយទំហំ៣ម៉ែត្រ​គុណ៣ម៉ែត្រកន្លះ ជាប់រោងចក្រក្នុងភូមិត្រពាំងថ្លឹង។ អ្នកស្រីលើកឡើងថា ទំនិញជាប់រោងចក្រចាប់ផ្តើមឡើង​ថ្លៃនៅដើមឆ្នាំ​២០២០នេះ  ជាហេតុធ្វើឱ្យចំណាយប្រចាំថ្ងៃរបស់​គាត់កាន់​តែកើន​ឡើង។

អ្នកស្រី វ៉ន ចាន់នីន និយាយថា​៖ «កាលឆ្នាំមុនខ្ញុំមានលុយ៥រយ(រៀល) អាចទិញជីរ សម្លបានមួយសម្ល​ប៉ុន្តែ​ឥលូវ​នេះ​ទាល់តែ​១ពាន់(រៀល)ទើបគេលក់ឱ្យ។ បងអើយ ត្រីសាច់ ម្ហូបចំណីក៏ឡើង​ថ្លៃ​ដែរ​សាច់ជ្រូកឡើង​ពី​១៩០០០(រៀល)ឆ្នាំមុន ដល់២២០០០ក្នុងមួយគីឡូ។ ខាងបន្ទប់ជួល​ខ្ញុំ​គេអត់​ឡើងថ្លៃទេ តែនៅ​កន្លែង​ផ្សេង​ទៀត​​អ្នកធ្វើការជាមួយខ្ញុំគាត់នៅ គេឡើងថ្លៃពី។ លុយឡើង៨ដុល្លារ​(ប្រាក់ខែ​គោល)នេះ គឺ​គ្រាន់​ជាង​អត់​ប៉ុណ្ណឹង បើគិតទៅអត់មាននាំឱ្យធូរស្រាលអីប៉ុន្មានទេ»។

អ្នកស្រី ចាន់នីន ឱ្យដឹងថា រូបគាត់ដេរខោអាវគិតបុងដោយ​អាចចំណូលបានចន្លោះ​ពីបីរយ​ទៅ​បួនរយដុល្លារ​ក្នុង​មួយខែ។ នៅពេលដែលសួរថា តើគាត់មានដឹងព័ត៌មានពីEBAឬទេ? ​អ្នកស្រី​ចាន់នីន ឆ្លើយថាគាត់បានលឺ​ព័ត៌មាន​EBA​នេះពីស្វាមីជាប្រចាំ ប៉ុន្តែគាត់មិនសូវជា​យល់ច្រើន​ប៉ុន្មានទេ។

លោក​ វេង យ៉ន ជាស្វាមីរបស់អ្នកស្រីចាន់នីន។លោករៀបរាប់ថា គាត់បានតាមដាន​ព័ត៌​មាន​ជាប្រចាំពិសេស​គឺព័ត៌មានស្តីពីEBA។ លោកវេង យ៉ន មានប្រសាសន៍ថាបញ្ហាEBAជាអាយុ​ជីវិតកម្មកររោងចក្រ។

លោក វ៉េង យ៉ន ប្រាប់ថា៖« ខ្ញុំពិតជាបារម្ភណាស់បង បញ្ហាEBAហ្នឹង។ ខ្ញុំខំប្រឹងតាមដានព័ត៌មាន​នេះ​រហូត។ ខ្ញុំគិតថាបើបាត់វាទៅ ការងារប្រពន្ធខ្ញុំក៏អាចមានបញ្ហា អាចអត់ការងារធ្វើអីអ៊ីចឹង។ បើអត់ការងារធ្វើចំណូល​ក្នុងផ្ទះរកតែខ្ញុំម្នាក់ឯងគឺទប់មិនរួចទេ​ កូនរៀនផងម្ហូបចំណីផង​ ម្យ៉ាងត្រូវសងបំណុល​ធនាគារទៀតផង។ ខ្ញុំជំពាក់ធនាគារជាង២ពាន់(ដុល្លារ)​កំពុងសង​រាល់ខែ។»

កម្មការនីរោងចក្រម្នាក់ផ្សេងទៀត អ្នកស្រី សេង មុំ ធ្វើការនៅក្នុងរោងចក្រ​មួយក្នុង​សួន​កា​ណាឌីយ៉ា តាម​បណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខ័ណ្ឌមានជ័យ រាជធានី​ភ្នំ​ពេញ។ អ្នកស្រីឱ្យដឹងថា សព្វថ្ងៃ​ខ្លួនរស់នៅបន្ទប់ជួលមួយទំហំ៤ម៉ែត្រគុណនិង៤ម៉ែត្រ ​ជា​មួយ​កម្មការនី៤នាក់​ផ្សេង​ទៀត។ ​អ្នកស្រីបន្ថែមថា ការរស់នៅរបស់​គាត់កាន់តែ​យ៉ាប់​ដោយ​សារចំណាយប្រចាំថ្ងៃ​កាន់តែកើន រីឯសុខភាពវិញកាន់តែទ្រុឌទ្រោម។

អ្នកស្រី សេង មុំ មានប្រសាសន៍ថា ៖« កាលឆ្នាំមុន​បន្ទប់ខ្ញុំនៅហ្នឹងតម្លៃតែ៤០ដុល្លារទេ។ ​ខ្ញុំនៅ​៤នាក់ល្មមនៅ តែដល់ដើមឆ្នាំម្ចាស់ផ្ទះឡើងដល់៥០ដុល្លារទៅ ពួកខ្ញុំត្រូវរកអ្នកស្នាក់នៅ​ម្នាក់ទៀត ដើម្បីបានជួយចេញ​លុយ​គ្នា។ ចង្អៀតចេះតែចង្អៀតតែយើងចេះតែទ្រាំទៅ។  ខ្ញុំត្រូវផ្ញើលុយទៅស្រុកឱ្យម្ដាយខ្ញុំ និងកូនរៀន(កូន២នាក់) និង ទុកសងធនាគារ ខ្ញុំខ្ចីគេកាលពីម្ដាយឈឺឆ្នាំមុននៅជំពាក់ ជាង៣លានទៀត។ ខ្ញុំចេះតែបារម្ភដែរ បើគេផ្តាច់​អាស្អីប៊ីអេ(EBA)នោះមិនដឹងជាការងារខ្ញុំយ៉ាងណាយ៉ាងណីទេ»។

ទាក់ទងនឹងប្រាក់ឈ្នួលកម្មករ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា បានបញ្ចាក់ក្នុងសេចក្ដីប្រកាសព័ត៌​មាន​របស់​ខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៩ថា ការកំណត់ប្រាក់ឈ្នួលឆ្នាំ២០២០នេះគឺធ្វើឡើងបន្ទាប់ពីមានការពិភាក្សា​ពិ​គ្រោះ​យោបល់ពីភាគីពាក់ព័ន្ធគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពីភាគីនិយោជក សហជីព​និងតំណាង​ក្រសួង​ការងារ។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ សម្រេចផ្តល់ប្រាក់​ឈ្នួល​អ​ប្បរមា​ឆ្នាំ​២០២០សម្រាប់​កម្មករ​វិស័យ​កាត់ដេរនិងដេរស្បែកជើងចំនួន១៩០​ដុល្លារ​​នេះ គឺ​បាន​កើន​ចំនួន​៨ដុល្លារ បន្ថែម​លើ​ប្រាក់​ឈ្នួល​ឆ្នាំចាស់។

នាយករដ្ឋមន្ត្រីលោកហ៊ុន សែនបានថ្លែងកាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០១៩ ដោយស្នើឱ្យកម្មករមាន​ការយោគ​យល់​​ចំពោះតម្លៃប្រាក់ខែគោលនោះ។ លោកព្រមានថា  កម្ពុជាមានការព្រួយបារម្ភថារោងចក្រ នឹងផ្លាស់ទៅ​ប្រទេស​ដែល​មាន​ប្រាក់ឈ្នួលទាបជាងខ្លួន ដូចយ៉ាង បង់ក្លាដែស  ប្រទេសឡាវ និងភូមា ជាដើម។

លោកបន្ថែម៖ «យើងមានការព្រួយបារម្ភថារោងចក្ររបស់យើងនឹងផ្លាស់​ទៅប្រទេសទាំងនោះពីព្រោះប្រាក់​ឈ្នួល​អប្បបរមារបស់គេនៅទាបជាងយើង។ សូមក្មួយៗជាកម្មករ យល់ពីបញ្ហានេះផង»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា កម្មកររោងចក្រមិនអាច​មាន​ចំណូលលើស​ឆ្នាំ​ចាស់​បានទេ ​បើទោះបីជាប្រាក់ខែគោលរបស់​កម្មករ​ឡើង​ចំនួន៨ដុល្លារ​ក៏ដោយ។

​លោកបន្ថែមថា ៖ «តាមពិតឆ្នាំនេះ កម្មករឡើងប្រាក់ខែបាន៨ដុល្លារទេ។ តែអតិផរណា​(ទំនិញ​កើន​​ថ្លៃ)៣% បើតាមការ​សិក្សា​របស់​ក្រសួងសេដ្ឋកិច្ច។  កម្មករត្រូវកាត់ថ្ងៃឈប់​សម្រាក​៦ថ្ងៃ​១ឆ្នាំ  កម្មកររោងចក្រត្រូវបន្ថែម​បរិមាណផលិត  លែងឱ្យកម្មករឈប់សង និងគម្រោងដ៏​ព្រួយ​បារម្ភមួយទៀតនោះការកែប្រែប្រាក់ឈ្នួលវេន​យប់របស់កម្មករ។ ចំណុចទាំងនេះគឺមិនអាច​អោយកម្មករងើបមុខរួចទេ»។

ប្រធានសហជីពរូបនេះ ព្យាករណ៍ថា ប្រសិនបើការអនុគ្រោះពន្ធEBAត្រូវផ្អាកឬផ្ដាច់មែននោះ កម្មករ​ កម្មការិនីរោងចក្រ​និងក្រុមគ្រួសារពួកគេនឹងត្រូវប្រឈមការលំបាកថ្មីៗទៀតដោយមិនអាច​ជៀសផុត។

ទោះជាបែបណាក្ដី អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន​កាល​ពី​ថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០២ ដោយស្នើប្រជាពលរដ្ឋកម្ពុជា កុំមានការភ័យខ្លាចការបាត់ប្រព័ន្ធអនុគ្រោះពន្ធអ្វី​គ្រប់​យ៉ាង​លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប។

លោកផៃ ស៊ីផាន បញ្ជាក់ថា៖« យើងនៅតែធ្វើការជាមួយគ្នា(កម្ពុជានិងEU) ព្រោះយើងជាដៃគូគ្នា។ EBAមិនមែន​ជាមូលដ្ឋានគ្រឹះនិងជាចំណុំសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាទេ។យើងបានត្រៀម​លក្ខណៈ​ក្នុងការបាត់ទាំងអស់ ឬបាត់ផ្នែកណាមួយរួចទៅហើយ។ បើបាត់EBAក្នុងផ្នែកណាមួយឬបាត់​ទាំងអស់វាជាឱកាសមួយសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពខ្លួនឯង»។

ប្រទេសកម្ពុជារំពឹងច្រើនលើប្រទេសចិន ដើម្បីដោះទាល់ចំពោះបញ្ហាEBAនេះ។ កាលពីថ្ងៃ៥  ខែកុម្ភៈ ​លោក​នាយក​​រដ្ឋមន្ត្រីហ៊ុន សែន ទើបតែបញ្ចប់ទស្សនកិច្ចរយៈពេល​មិនដល់មូយថ្ងៃផង​ទៅចិនដើម្បីផ្ដល់​កម្លាំងចិត្តដល់​ចិនក្នុងការប្រយុទ្ធនឹងមេរោគកូរ៉ូណា ព្រមទាំងឆ្លៀតស្នើចិន​​ឱ្យ ជួយកម្ពុជាបើ​សិនជាអ៊ឺរ៉ុប​ព្យួរ​EBAផងដែរ។

អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរ លោក កាំង ម៉ូនីកា ថ្លែងប្រាប់វីអូឌីថា  EBA គឺជាការផ្តល់អោយដោយ​ឯកតោ​ភាគីពីEU ដូច្នេះការដកទាំងស្រុង ដកដោយផ្នែក ឫមិនដក ជាសិទ្ធិផ្តាច់មុខរបស់ EU ស្របតាមច្បា​ប់​និងនីតិវិធីរបស់EU ក្រោយការត្រួតពិនិត្យ និងវាយតំលៃដោយត្រឹមត្រូវនិងយុត្តិធម៌។ 

លោកសរសេរថា ៖ «អ្វីដែលនិយោជកក្នុងវិស័យឯកជនយើងអាចនឹងធ្វើគឺការសម្តែងនូវការមិនពេញចិត្ត និង​សូមអោយ EU ធ្វើការពិចារណាឡើងវិញ។ បើសិនជាយើងមើលឃើញថាការត្រួតពិនិត្យ វាយតម្លៃ និងការ​សម្រេច​ចិត្តរបស់ EU មិនមានភាពត្រឹមត្រូវនិងយុត្តិធម៌។ តាមពត៌មានពីរោងចក្រមក(ក្នុងខែមករាឆ្នាំនេះ) ការកម្មង់សម្រាប់ទិសដៅEU មិនមានការកើនឡើងទេ តែទិសដៅផ្សេងៗដូចជា អាមេរិក ជប៉ុន អាស៊ាន មានស្ថានភាពល្អប្រសើរ។

របាយការណ៍លទ្ធផលនៃការពិគ្រោះយោបល់រវាង IMF និងកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ២០១៩បានព្រមានពីការធ្លាក់ចុះផ្ទួនៗនៃសេដ្ឋកិច្ចកម្ពុជា បើអឺរ៉ុបដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA ពី​ប្រទេស​កម្ពុជា​នោះ។

របាយការណ៍នោះ ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថមថយប្រមាណ ៣​ភាគរយ​នៅត្រឹមឆ្នាំដំបូង បើ​សិន​អ៊ឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា កំណើន​សេដ្ឋ​កិច្ច​កម្ពុជាមានចំនួន ៦.៨ភាគរយនៅឆ្នាំ២០២០។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បន្ថែមថា៖  «ការព្យួរ EBA នឹងបន្ថែមចំណាយសម្រាប់នាំចេញរបស់​កម្ពុជា​លើ​ពន្ធគយ​នាំចូលអ៊ឺរ៉ុបចន្លោះពី ០.១​ភាគរយ ដល់ ១២​ភាគរយ​ក្នុងឆ្នាំដំបូង ឬបន្ថែម​ពន្ធគយ​ក្នុងរហូតដល់ជាង ៦០០​លានដុល្លារ។ ការយកពន្ធនេះនឹងអាចនាំឱ្យការនាំចេញពីកម្ពុជា ទៅអ៊ឺរ៉ុបធ្លាក់ចុះប្រមាណ ១៣​ភាគ​រយ​ទៀត​​ផង។ សេដ្ឋកិច្ចកម្ពុជាក៏នឹងរងផលប៉ះពាល់ដែរនៅពេលដែលកំណើនសេដ្ឋកិច្ចចិនកំពុងដាំក្បាលចុះ នេះនៅមិនទាន់គិតពីនិន្នាការផ្លាស់ប្ដូរទីតាំងរោងចក្រចេញពីកម្ពុជានៅពេលដែលគ្មានEBAផង»។

សហគមន៍អ៊ឺរ៉ុបបានចាប់ផ្តើមនីតិវិធីដែលអាចឈានទៅដល់ការដកហូត EBA កាលពីថ្ងៃទី ១២ ខែកុម្ភះឆ្នាំ ២០១៩ បន្ទាប់ពីបានលើកឡើងពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅ​ក្នុងប្រទេស​កម្ពុជា។ សេចក្ដីសម្រេចពីការព្យួរឬផ្អាកការអនុគ្រោះពន្ធនោះ នឹងត្រូវចូលជាធរមាននៅ៦ខែខាងមុខ ឬចាប់​ពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០។

កម្មកររោងចក្រនិងក្រុមគ្រួសារពួកគេមួយចំនួន កំពុងទន្ទឹងរង់ចាំលទ្ធផលសម្រេចលើ​បញ្ហា​EBAនេះដែរ។ 

អ្នកស្រី វ៉ន ចាន់នីន និយាយថា ៖ «កម្មករដូចជាខ្ញុំ និង បងប្អូនខ្ញុំជាច្រើននាក់ទៀតអាចលំបាកវេទនា ខ្ញុំសំណូមពរឱ្យថ្នាក់លើៗ(រាជរដ្ឋាភិបាល)រក្សាEBAនោះ ដើម្បី ពួកខ្ញុំមានការងារធ្វើមាន និងបាយហូបគ្រប់គ្រាន់ផង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ