មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នៅមណ្ឌលគិរី ប្តឹងអាជ្ញាធរទៅតុលាការករណីកាប់រានព្រៃ

សកម្មភាពរុករានឈូសឆាយព្រៃសហគមន៍ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ឆ្នាំ២០២០។ (ផ្ដល់ឱ្យដោយប្រជាសហគមន៍)

មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ បានប្តឹងអាជ្ញាធរពាក់ព័ន្ធមួយចំនួននៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ទៅសាលាដំបូងខេត្ត ដោយចោទថា អាជ្ញាធរទាំងនោះបានកាប់រាន និងឈូសឆាយដីព្រៃខុសច្បាប់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ក្នុងបណ្តឹងចុះថ្ងៃទី៥ ខែកុម្ភៈនេះ មានស្នាមមេដៃដើមបណ្តឹងជាតំណាងប្រជាសហគមន៍នៅស្រុកអូររាំង ចំនួន​៧នាក់ និងមន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ ប៉ែន​ ប៊ុណ្ណារ៍។

បណ្តឹងនេះ បានលើកឡើងឈ្មោះមន្ត្រី៣រូប​ រួមមាន លោក សៀក មុន្នី អភិបាលស្រុក​អូររាំង លោក វុធ សារុំ ប្រធានដែនជម្រកសត្វព្រៃណាំលៀ និងលោក សម វ៉ាន្នី អតីតមេឃុំដាក់ដៃ។ ក្រៅពីមន្ត្រី និងអតីតមន្ត្រីទាំង៣រូបនេះ បណ្តឹងបានដាក់ឈ្មោះលោក អ៊ុត ស៊ីម៉ាត ដែលប្រជាសហគមន៍អះអាងថា ធ្លាប់ជាតំណាងរបស់ពួកគាត់ ក៏ជាប់ពាក់ព័ន្ធក្នុងការឃុបឃិតគ្នាកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនេះដែរ។​

ក្នុងបណ្តឹងដដែលនេះ បានចោទអ្នកពាក់ព័ន្ធទាំងនោះថា បានឈូសឆាយដីព្រៃខុសច្បាប់រាប់ពាន់ហិកតានៅត្រង់ចំណុចទួលស្វាយ ស្ថិតក្នុងភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ដោយបានបំផ្លាញរុក្ខជាតិកម្រ និងសត្វព្រៃនៅទីនោះ។

ជនជាតិពូនង លោក ស្រាំង សឿង ដែលចូលរួមផ្តិតមេដៃប្តឹងដែរនោះ និយាយថា បណ្តឹងបានដាក់ដល់សាលាដំបូងខេត្តមណ្ឌលគិរីហើយកាលពីម្សិលមិញនេះ។

ជនជាតិដើមភាគតិចពូនងរូបនេះបន្តថា ប្រជាសហគមន៍មានតម្រុយសម្រាប់បង្ហាញទៅតុលាការថា អាជ្ញាធរពាក់ព័ន្ធដែលអ្នកភូមិប្តឹងនោះ ពិតជាបានរុករានឈូសឆាយដីព្រៃខុសច្បាប់ពិតមែន។

លោកបន្ថែមថា៖ «វាបានឈូស វាបានកាប់ ពួកយើងចុះទប់ស្កាត់ប៉ុន្មានដងហើយ តែវាមិនគោរព វាមិនស្តាប់យើង។ វានៅតែបំពានរុករានដីព្រៃស្រោង ព្រៃអរក្ខអ្នកតារបស់យើង ជនជាតិដើមភាគតិចផង។ ម្យ៉ាងដីរដ្ឋផង។ ការរុករាននេះ យូរទៅ វាធ្វើឱ្យបាត់បង់ធនធានធម្មជាតិដែលរក្សាទុកសម្រាប់ជាតិយើងទាំងមូល។ ហើយវាប៉ះពាល់ដីសហគមន៍របស់យើង វាធ្វើឱ្យបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិចផង»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ ប៉ែន​ ប៊ុណ្ណារ៍ ដែលចូលរួមផ្តិតមេដៃប្តឹងជាមួយប្រជាសហគមន៍ ​មានប្រសាសន៍ថា នៅទូទាំងខេត្តមណ្ឌលគិរី គឺមានបទឧក្រិដ្ឋរុករានដីព្រៃជាច្រើនករណី និងមានការរំលោភយកដីព្រៃរបស់រដ្ឋខុសច្បាប់រាប់ពាន់ហិកតា ពីសំណាក់អ្នកមានលុយមានអំណាច។

លោក ប៉ែន ប៊ុណ្ណារ៍ បន្តថា ជុំវិញបទឧក្រិដ្ឋរុករានដីព្រៃខុសច្បាប់នៅខេត្តមណ្ឌគិរីនេះ គឺរូបលោក និងប្រជាសហគមន៍ បានដាក់បណ្តឹងបរិហារទៅតុលាការចំនួន៥ករណីហើយរហូតមកដល់ពេលនេះ ហើយថា នឹងបន្តប្តឹងរាប់សិបបណ្តឹងទៀត ដើម្បីឱ្យតុលាការចាត់វិធានការផ្លូវច្បាប់ទៅលើជនរំលោភដីព្រៃខុសច្បាប់ទាំងនោះ។

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះ អះអាងថា នៅខេត្តមណ្ឌលគិរីមានភាពមិនប្រក្រតី​ជាច្រើនពាក់ព័ន្ធអាជ្ញាធរចេញកម្មសិទ្ធិលើដីព្រៃ ដែលលោកថា តាមផ្លូវច្បាប់ គឺគ្មានបុគ្គលណាម្នាក់អាចចេញបណ្ណកម្មសិទ្ធលើដីព្រៃបានឡើយ។

លោកបន្ថែមថា៖ «រាល់ថ្ងៃ យើងឃើញការចូលទៅកាន់កាប់ហ្នឹងវាខុសច្បាប់ច្រើន ដោយសារមានភាពស៊ុមគ្រលុំរវាងអាជ្ញាធរមូលដ្ឋាន រវាងមន្ត្រីជំនាញ ក្នុងនោះក៏មានអាជ្ញាធរស្រុកដែរ បានជាសកម្មភាពចូលទៅកាប់រានដីព្រៃទាំងអស់ហ្នឹងសម្រេចបានជោគជ័យ។ អីចឹង យើងសង្ឃឹម១០០ភាគរយថា សាលាដំបូងខេត្តមណ្ឌលគិរី នឹងស្វែងរកយុត្តិធម៌ជូនបងប្អូនជនជាតិដើមភាគតិចពូនង ដែលកំពុងរងគ្រោះដ៏គំហុកនៃព្រៃឈើនៅមណ្ឌលគិរី»

អភិបាលស្រុកអូររាំង លោក សៀក មន្នី បានច្រានចោលការចោទប្រកាន់នេះ ដោយថា លោកមិនបានឃុបឃិតគ្នាទៅរុករានដីព្រៃរបស់រដ្ឋដូចការចោទប្រកាន់ឡើយ។ លោកថា លោកនឹងចូលទៅបំភ្លឺ ប្រសិនបើមានការកោះហៅពីតុលាការទៅតាមបណ្តឹងរបស់មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នេះ។

លោកបន្ថែមថា៖ «ខ្ញុំសរុបសេចក្តីជូនបងថា អត់មានមេធាវីតតាំងអីទេ។ គ្រាន់តែពេលដែលតុលាការកោះអញ្ជើញខ្ញុំទៅបំភ្លឺថ្ងៃណា ខ្ញុំនឹងទៅបំភ្លឺតាមអ្វីដែលខ្ញុំដឹង។ ខ្ញុំដឹងប៉ុណ្ណា ខ្ញុំឆ្លើយប៉ុណ្ណឹង»

ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស មានប្រសាសន៍ថា តុលាការទទួលបានបណ្តឹងហើយកាលពីម្សិលមិញនេះ។ លោកថា តុលាការនឹងកោះហៅចុងចោទមកឆ្លើយបំភ្លឺជុំវិការចោទប្រកាន់នោះ ប៉ុន្តែ មិនទាន់ដឹងច្បាស់ពីពេលវេលានៃការកោះហៅនោះទេ។

លោកបន្ថែមថា៖ « តែមានពាក្យគេដាក់មក គេកោះហៅទៅបំភ្លឺហើយ។ ឥលូវអត់ទាន់បានកោះហៅ ព្រោះព្រះរាជអាជ្ញាអត់បានចាត់ឱ្យទៅអ្នកណាជាអ្នកកាន់នៅឡើយ ព្រោះគេទើបដាក់មកអីចឹង»

ក្នុងបណ្តឹងដាក់ទៅសាលាដំបូងខេត្តមណ្ឌលគិរីកាលពីម្សិលមិញ បានលើកឡើងថា តំបន់ទួលស្វាយ គឺជាចំណុចស្នូលនៃព្រៃស្រោង និងជាតំបន់រុក្ខជាតិកម្រ ស្ថិតក្នុងដែនជម្រកសត្វព្រៃណាំលៀ ដែលតំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ក្នុងបណ្តឹងដដែលបានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៣ គឺមានចលនាចូលទៅទន្ទ្រានយកដីនៅក្នុងដែនជម្រកសត្វព្រៃណាំលៀនោះរាប់ពាន់ហិកតា ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ