បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ត្រូវតុលាការកោះហៅ ក្រោយ​អាន​សារ​និយាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង

លោក គង់ ប៊ុនរិទ្ធិ បេក្ខជន​ប្រឡង​ចូល​សាលា​ចៅក្រម​នៃ​រាជ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​តុលាការ ថត​នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០។ (ផ្ដល់​ឱ្យ​ដោយ​លោក គង់ ប៊ុនរិទ្ធិ)

បេក្ខជន​ម្នាក់​ដែល​ប្រឡង​ចូល​រាជ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​តុលាការ​មិន​បាន​ជោគ​ជ័យ​នោះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ចូលបំភ្លឺ បន្ទាប់ពីយុវជន​រូប​នោះ បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូប​គេ​បាន​អានសារ​ ដែល​បង្ហាញ​ពី​ភាពមិនប្រក្រតីនៃការប្រឡងជ្រើសរើសសិស្សចៅក្រម។

ក្នុង​​ដីកា​កោះ​ហៅ​របស់​តំណាង​អយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា​កន្លង​មក​នេះ លោក គង់ ប៊ុនរិទ្ធិ អាយុ ២៩​ឆ្នាំ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​ជុំ​វិញ​បណ្ដឹង ៣​ផ្សេង​គ្នា។

បើ​តាម​ដី​កា​ដដដែល​នោះ លោក គង់ ប៊ុនរិទ្ធិ ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ទៅ​តាម​​បណ្ដឹង​ចោទពីបទ​​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​បរិហារ​បង្កាច់​កេរ្តិ៍» និង​បណ្ដឹង​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង» បន្ទាប់​ពី​លោក​បាន​បង្ហោះ​វីដេអូ និង​ចែក​ចាយ​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​កន្លង​មក។

លោក គង់ ប៊ុនរិទ្ធិ បាន​ប្រាប់​ថា លោក​បាន​ចូលរួម​ប្រឡងចូល​សាលា​ចៅក្រមពីរ​ឆ្នាំ​ជាប់​គ្នា​នៅ​ឆ្នាំ​២០១៨ និង​២០១៩​កន្លង​មក សម្រាប់​ជំនាន់​ទី​៩ និង​ជំនាន់ទី១០ នៃ​រាជ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​តុលាការ​ ​ហើយ​លោក​ប្រាប់​ថា លោក​បាន​ប្រឡង​ជាប់​វិញ្ញាសារ​សំណេរ​ ប៉ុន្តែ ធ្លាក់​វគ្គ​សម្ភាស​ផ្ទាល់​មាត់​។

លោក ប៊ុនរិទ្ធិ បាន​ប្រាប់​ថា លោក​បានតវ៉ា​ចំពោះលទ្ធផលជ្រើសរើសសិស្សចៅក្រមលើកនេះ បន្ទាប់​ពី​លោកទទួលបានតម្រុយ​បង្ហាញ​ពី​ភាព​មិនប្រក្រតីនៃដំណើរការប្រឡងជ្រើសរើសសិស្សចៅក្រម។

កាលពីថ្ងៃទី២៦ ខែមករា លោក គង់ ប៊ុនរិទ្ធ អានសារមួយដើម្បីផ្សាយក្នុងគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Bun​rith Kong

តាមរយៈ​វីដេអូអានសារជាង ៧នាទីនោះ លោក គង់ ប៊ុនរិទ្ធ បានរៀបរាប់ថា លោក​ទទួលបានសារមួយពីប្រភពដែលផ្តល់ឱ្យក្រុមលោក ហើយសូមអានចែករំលែកដើម្បីឱ្យសាធារណជនជួយពិចារណា និងសុំចម្លើយឆ្លើយតប។

លោកអានសារនោះដែល​សរសេរថា៖ «រដ្ឋ​មន្ត្រីក្រសួងយុត្តិធម៌ [អង្គ វង្សវឌ្ឍនា]​ បានដាក់ផែនការ​ក្នុងការប្រឡងជ្រើសរើសចៅក្រមជំនាន់ទី១០ ត្រូវប្រមូលប្រាក់ពីការប្រឡង​នេះឱ្យបាន ៣​លាន​​ដុល្លារ ហាងឆេងមធ្យម ៦ម៉ឺនដុល្លារក្នុងម្នាក់ សរុប៥០នាក់បាន ៣លាន​ដុល្លារ។ បេសកកម្មនេះ ឯកឧត្តមបានប្រគល់សិទ្ធិឱ្យឯកឧត្តម ផូវ សំភី អគ្គនាយកនៃអគ្គ​នា​យក​ដ្ឋាន​រដ្ឋបាលកិច្ចការតុលាការ និងឯកឧត្តម ប៊ុន យ៉ៃណារិន [នាយខុទ្ទកាល័យរដ្ឋមន្ត្រី] ជាអ្នក​អនុម័ត (ទំនងជាអនុវត្ដ)»

វីដេអូនោះ ក៏បានលើកឡើងលម្អិត​ពីវិធីប្រមូលប្រាក់ពីបេក្ខជន​ប្រលង និងរបៀបទទួល​សំណូក ​និង​ឈ្មោះបេក្ខភាពដែលសូកលុយ ដើម្បីប្រឡង​ជាប់បាន​ឱកាស​ចូលរៀនជាសិស្សចៅក្រមផងដែរ។

លោក គង់ ប៊ុនរិទ្ធិ បានថ្លែងប្រាប់វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោកផ្សាយវីឌីអូតាមហ្វេសប៊ុក​ គឺ​ចង់បង្ហាញពីតម្រុយមួយ​ដែលសុំឱ្យសាធារណជនពិចារណា ព្រមទាំងស្នើ​ឱ្យមន្ត្រីជំនាញ​ស៊ើបអង្កេត​ ​និងបកស្រាយប៉ុណ្ណោះ។

លោក ប៊ុនរិទ្ធិ ប្រាប់ថា៖ «ប្រាប់យ៉ាងច្បាស់នៅពេលដែលខ្ញុំអានចប់ហ្នឹងណា! ខ្ញុំបានប្រាប់យ៉ាងច្បាស់​ថា ​សារនេះ ខ្ញុំមិនបានដឹងថា វាជាការពិត ឬប្រឌិតនោះទេ ខ្ញុំសុំឱ្យសាធារណជន​ពិចារណាតែ​ប៉ុណ្ណឹង។ ខ្ញុំមិនបានអះអាងថា រឿងនេះជារឿងពិត ជារឿងដែលត្រូវតែជឿ ដើម្បីឱ្យខូចឈ្មោះអ្នក​ទាំងប៉ុន្មាននាក់ដែលខ្ញុំអានឈ្មោះហ្នឹងទេ?»

វីអូឌី​បាន​ព្យាយាម​ស្វែង​រក​ការ​បក​ស្រាយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ដឹកនាំ​ដោយ​លោក ឱម យិនទៀង ផង​ដែរ​​ ប៉ុន្តែ មិនទាន់អាចទាក់ទងបាន​ទេ​នៅ​ថ្ងៃ​នេះ។

លោក គង់ ប៊ុន​រិទ្ធ បន្ថែមថា លោកមិនបានដឹងថា អ្នកណាជាដើមបណ្ដឹងក្នុងសំណុំរឿងនេះទេ ហើយរូបលោកក៏បារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន និងដំណើរការតវ៉ារឿងក្តីនេះដែរ។

លោក ប៊ុនរិទ្ធ៖ «ខ្ញុំបារម្ភនៅត្រង់ថា ការអនុវត្តច្បាប់ទៅតាមស្តង់ដារ​ និង​គោលគំនិត​ច្បាប់។ បើអនុវត្តទៅតាមខ្លឹមសារ និងតាមទស្សនៈនៃច្បាប់ ខ្ញុំ​មិនមានការ​បារម្ភ​ពីការចាប់​ខ្លួន ឬអ្វីឡើយ»

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក គុច គឹមឡុង ថ្លែងប្រាប់វីអូឌីកាល​ពី​ថ្ងៃ​ម្សិល​មិញថា លោកមិនទាន់បានទទួលព័ត៌មានពីដើមបណ្ដឹងក្នុង​សំណុំ​រឿងនេះទេ ​ហើយក៏មិន​អាចប្រាប់ព័ត៌មានលម្អិតពីបញ្ហានេះដែរ ដោយសារព្រះរាជអាជ្ញាកាន់​សំណុំ​រឿង​នេះមានធុរៈ​សំខាន់ក្នុងគ្រួសារ។

វីអូឌីមិនទាន់អាចទាក់ទងសុំការបំភ្លឺរដ្ឋមន្ត្រី លោក អង្គ វង្ស​​វឌ្ឍនា បានទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ករណីបណ្ដឹង​នេះជាដំណើរការ​នីតិវិធីច្បាប់ប៉ុណ្ណោះ។

លោក ជិន ម៉ាលីន៖ «ជាដំណើរការនីតិវិធីធម្មតារបស់តុលាការទេ ព្រោះមានតម្រុយនៃ​ការ​​ប្រព្រឹត្តិ​បទល្មើស​ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍អ្នករាជការសាធារណៈ។ ព្រះរាជអាជ្ញាគាត់ហៅ​ដើម្បីសាកសួរព័ត៌មានបន្ថែម ឈានទៅអនុវត្តនីតិវិធីបន្តទៀត»

ទោះជាយ៉ាងណា ក្រសួងយុត្តិធម៌​បាន​អះ​អាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា​ ថា ដំណើរការ​ប្រឡង​ជ្រើស​រើស​​សិស្ស​ចៅ​ក្រម​នេះ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​តម្លាភាព និង​ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត បន្ទាប់​ពី​មាន​ការ​ចូល​រួម​សង្កេតការណ៍​«ពេញ​លេញ»​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ក្រសួង​នេះបានរៀបរាប់​ថា៖ «បេក្ខជនដែលបានប្រទ្បងធ្លាក់ឈ្មោះ គង់ ប៊ុនរិទ្ធ បានជ្រើសរើសវិធីដើរចេញពីជំនួបជាមួយគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយលើពាក្យសុំតវ៉ារបស់ខ្លួន ដែលខុសគេពីបេក្ខជនដទៃទៀត ហើយជ្រើសរើសវិធីផ្សេង តាមរយៈ​ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សារព័ត៌មាន និងយន្តការនយោបាយ​ទៅវិញ»

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រសួង​នោះ លោក គង់ ប៊ុនរិទ្ធិ បាន​ប្រាប់​ថា លោក​ទាមទារ​ទៅ​ក្រសួង​ឱ្យ​បង្ហាញ​ពិន្ទុ​ប្រឡង​បិទ​ផ្សាយ​ជា​សាធារណៈ ដើម្បី​បញ្ជាក់​ពី​តម្លាភាព​នៃ​ការ​ប្រឡង​នោះ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​ថា ក្រសួង​មិន​អាច​ឆ្លើយ​តប​ទៅ​​នឹង​ការ​​ទាមទារ​ឱ្យ​បង្ហាញ​ពិន្ទុ​នៃ​វិញ្ញាសារ​សំណេរ​របស់​គ្រប់​បេក្ខជន​ប្រឡង​បាន​នោះ​ឡើយ ដោយ​លោក​ថា ក្រសួង​ចង់​លើក​ទឹក​ចិត្ត​គ្រប់​បេក្ខជន​ទាំង​អស់។

លោក ជិន ម៉ាលីន ប្រាប់​ថា៖ «ជា​នីតិវិធី គឺ​ពិន្ទុ​ [វិញ្ញាសារ​សរសេរ​] គ្រប់​បេក្ខជន​ទាំង​អស់ មិន​ត្រូវ​បាន​បិទ​ផ្សាយ​ទេ ពីព្រោះ​មូល​ហេតុ​របស់​យើង គឺ​មិន​ឱ្យ​បេក្ខជន​បាក់​ទឹក​ចិត្ត ដើម្បី​បេក្ខជន​ឈាន​ទៅ​ការ​ប្រឡង​វគ្គ​ផ្ទាល់​មាត់​ទៀត»

នាយករងអង្គការលីកាដូ លោកអំ សំអាត មានប្រសាសន៍ថា ករណីដីកាកោះចោទប្រកាន់​យុវជន គង់ ប៊ុនរិទ្ធនេះ ជាករណីដែលមហាជនចាប់អារម្មណ៍។ លោកបន្តថា អាជ្ញាធរមាន​សម​ត្ថកិច្ចគួរណាស់តែស៊ើបអង្កេត និងបង្ហាញលទ្ធផលស៊ើបអង្កេតឱ្យបានច្បាស់ជាមុនសិន មុននឹង​មានចំណាត់ការផ្លូវច្បាប់ ដើម្បី​បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើ​ប្រព័ន្ធតុលាការនៅ​កម្ពុជា។

លោក អំ សំអាត មាន​ប្រសាសន៍​ថា៖ «អ្វីដែលគាត់លើកឡើងហ្នឹង ចង់ឱ្យមានការកែលម្អ ឬធ្វើម៉េចឱ្យមាន​តម្លា​ភាព ឬយុត្តិធម៌ក្នុងការប្រឡងអីហ្នឹង [មន្ត្រីជំនាញ] គួរតែត្រិះរិះ​ពិចារណអ៊ីចឹងទៅ កុំគិតថា ​បទល្មើសៗ ​ហើយធ្វើការប្ដឹង ហើយចាប់ទោសគាត់នោះ។ យើងក៏គួរលើកទឹកចិត្តដែរ ​អ្នកដែលស្វែងរកយុត្តិធម៌ក្នុងសង្គមនោះ»

លោក​ សំអាត បន្ថែមថា យុវជនរូបនោះចាំបាច់ត្រូវស្វែងរកមេធាវីការពារ​ក្ដីរបស់ខ្លួន ដើម្បី​តតាំង​នៅតុលាការតាមច្បាប់ជាធរមាន។

ទាក់ទងនឹងការតតាំងតាមផ្លូវតុលាការនេះ​ យុវជន គង់ ប៊ុនរិទ្ធ ប្រាប់វីអូឌីថា ខ្លួនមិនទាន់មាន​មេធាវីការពារក្តីនៅឡើយទេ។

លោក គង់ ប៊ុនរិទ្ធ ប្រាប់​ថា៖ «ខ្ញុំសូមអំពាវនាវ​ឱ្យស្ថាប័នណាមួយអាចជួយ​ផ្តល់មេធាវីឱ្យ​ខ្ញុំផង។ ​ខ្ញុំ​ស្វាគមន៍​ចំពោះការជួយពីស្ថាប័នពាក់ព័ន្ធចំពោះរឿងនេះ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ