មន្ត្រី​សុខាភិបាល​​ថា បុរស​ជន​ជាតិ​ចិន​មាន​សុខភាព​ធម្មតា តែ​នៅ​បន្ត​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​នៅ​ឡើយ

អ្នកជំងឺជាជនជាតិចិន អាយុ៦០ឆ្នាំ​ ដែលឆ្លងមេរោគកូរ៉ូណា ត្រូវបានដាក់ឱ្យស្នាក់នៅក្នុងបន្ទប់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC/ ៣ កុម្ភៈ ២០២០)

ក្រសួង​សុខាភិបាល​កម្ពុជា​អះអាង​នៅ​ថ្ងៃ​នេះ​ថា បុរស​ជន​ជាតិ​ចិន​ដែល​ត្រូវ​បាន​​រក​ឃើញ​ថា​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នោះ មាន​សុខភាព​ល្អ​ធម្មតា ហើយ​ករណី​ថ្មី​នៃ​ការ​ឆ្លង​វីរុស​ថ្មី​នេះ ក៏​មិន​ត្រូវ​បាន​រក​ឃើញ​បន្ថែម​ទៀត​ដែរ​នៅ​កម្ពុជា។

បុរស​ជន​ជាតិ​ចិន​ម្នាក់​វ័យ ៦០​ឆ្នាំ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​កន្លង​មក ៥​ថ្ងៃ​ក្រោយ​ពី​លោក និង​សមាជិក​ក្រុម​គ្រួសារ​លោក ៣​រូប​ទៀត បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ពី​ទីក្រុង​អ៊ូហាន មក​ដល់​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា​។

បុរស​ជន​ជាតិ​ចិន​រូប​នោះ ដែល​មាន​​​ឈ្មោះ ចា ជិនហួ (Ja Jianhua) ត្រូវ​បាន​​ត្រូវ​បាន​មន្ត្រី​កម្ពុជា​បញ្ជាក់​ថា ត្រូវ​បាន​ដាក់​ឱ្យស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ក្នុង​បន្ទប់​​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃម្សិលមិញ​ថា បុរស​ជន​ជាតិ​ចិន​រូប​នោះ មាន​សុខភាព​ល្អ និង​គ្មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​​«គួរឱ្យ​កត់​សម្គាល់​»ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​វេជ្ជ​បណ្ឌិត លី សូវ៉ាន់ ប្រាប់​ឱ្យ​ដឹង​បន្ថែម​កាល​ពី​ថ្ងៃ​ម្សិលមិញ​​ថា បុរស​ជន​ជាតិ​ចិន​រូប​នោះ មាន​សុខភាព​ធម្មតា ប៉ុន្តែ លោក​ថា បុរស​រូប​នោះ​នៅ​ពុំ​ទាន់​ជា​សះ​ស្បើយ​ទាំង​ស្រុង​នោះ​ឡើយ។

លោក លី សូវ៉ាន់ ប្រាប់​ថា​៖ «គាត់​មិន​ទាន់​ជា​សះ​ស្បើយ​ទេ ដោយសារ​វត្តមាន​នៃ​មេរោគ​នៅ​ក្នុង​ខ្លួន​របស់​គាត់។ ដូច្នេះ យើង​បន្ត​តាម​ដាន​សុខភាព​របស់​គាត់​ត​ទៅ​ទៀត ហើយ​និង​ព្យាបាល​ជូន​គាត់​បន្ត​ទៀត​ជា​រៀង​រាល់​ថ្ងៃ»

ខណៈ​ដែល​គ្មាន​ឱសថ​ណា​ត្រូវ​បាន​រក​ឃើញ​សម្រាប់​កម្ចាត់​វីរុស​កូរ៉ូណា​ថ្មី​នេះ​នៅ​ឡើយ​នោះ លោក​វេជ្ជ​បណ្ឌិត លី សូវ៉ាន់ បាន​បញ្ជាក់​ថា បុរស​ជន​ជាតិ​ចិន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នោះ ត្រូវ​បាន​ព្យាបាល​ទៅ​តាម​រោគ​សញ្ញា​នានា​នៅ​លើ​រាង​កាយ​របស់​លោក ដើម្បី​ជួយ​ពង្រឹង​​សុខភាព​របស់​គាត់។

លោក លី សូវ៉ាន់ បន្ត​ថា​៖ «បើទោះ​ណា​យើងមិន​ទាន់​មាន​ឱសថ​ព្យាបាល​សម្លាប់​វីរុស​កូរ៉ូណា​ហ្នឹង​ក៏​ដោយ ក៏​ប៉ុន្តែ​ យើង​មាន​វិធី​ព្យាបាល​របៀប​គាំ​ទ្រ​វេជ្ជសាស្ត្រ​​ ឬ​យើង​ព្យាបាល​តាម​រោគ​សញ្ញា ដើម្បីរុញ​ឱ្យ​សុខភាព​យើង​រឹង​មាំ ហើយ​ខ្លួន​យើង​ហ្នឹង​មាន​កម្លាំង​ខ្លាំង​ក្លា​អាច​សម្លាប់​​មេរោគ​ហ្នឹង​បាន»

ក្រសួង​សុខាភិបាល​ក៏​បាន​អះ​អាង​បន្ថែម​ទៀត​ថា គ្មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​បន្ថែម​ទៀត​ ត្រូវ​បាន​រក​ឃើញ​នោះ​ឡើយ​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​ឡាយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ចិន​រូប​នោះ។

លោក លី សូវ៉ាន់ បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ទៅ​ដល់​មន្ត្រី​សុខាភិបាល​អំពី​វិធី​តាម​ដាន​មនុស្ស​ទាំង​ឡាយ​ដែល​ត្រូវ​បាន​សង្ស័យ​ថា មាន​អាការៈ​ ឬ​សញ្ញា​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ និង​ទទួល​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ទូរសព្ទ​ទាន់​ហេតុការណ៍។

លោក លី សូវ៉ាន់ ប្រាប់​ថា​៖ «ហើយ​ដោយ​ឡែក​​ទាក់​ទង​ទៅ​នឹង​វីធី​សាស្ត្រ​ ការពិត យើង​បាន​បណ្ដុះ​បណ្ដាល​មន្ត្រី​ជំនាញ​របស់​យើង​​នូវវិធាន របៀប​អង្កេត​ស្រាវ​ជ្រាវ តាម​រុក​រក​អ្នក​ប៉ះ​ពាល់​យ៉ាង​ម៉េច ត្រូវ​ធ្វើ​យ៉ាង​ម៉េចក្នុង​ការ​រុក​រក ហើយ​ក៏​យើង​មាន​ប្រព័ន្ធ​ដ៏​ខ្លាំង​មួយ​ទៀត គឺ​លេខ ១១៥ ដែល​បង​ប្អូន​មួយ​ចំនួន​គាត់​​យើង​ឮ​យើង​ប្រកាស​ហ្នឹង គាត់​រាយការណ៍​ប្រាប់​យើង​តែ​ម្ដង»

វីរុស​កូរ៉ូណា​ថ្មី បាន​ផ្ទុះ​ឡើង​លើក​ដំបូង​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន​ នៅ​ទីក្រុង​អ៊ូហាន ខេត្ត​ហ៊ឺប៉ី ប្រទេស​ចិន ហើយ​​វា​បាន​ឆ្លង​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​ចំនួន ២៣​ផ្សេង​ទៀត​ក្រៅ​ពី​ចិន។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា មនុស្ស ៣០៤​នាក់​ហើយ បាន​ស្លាប់​ដោយសារ​តែ​ការ​ឆ្លង​វីរុស​នេះ​គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​ ខណៈ​ការ​ឆ្លង​វីរុស​នេះ បាន​កើន​ឡើង​ជិត ១៥,០០០​ករណី​ហើយ។

ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​តួលេខ​របស់​គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​កើន​ឡើង​ដល់​ចំនួន ៣៦១​នាក់​ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ​នេះ ហើយ​ចំនួន​ឆ្លង​វីរុស​នេះ បាន​កើន​ឡើង​ដល់ ១៧,២០០​ករណី​នៅ​ទូទាំង​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ