​សមាជិក​អាស៊ាន​៨ ​ផ្អាកចេញ​ទិដ្ឋាការ​ដល់​ទេសចរមក​ពី​ចិន​​ចំ​ពេល​​បារម្ភពីការរាលដាលវីរុស​កូរ៉ូណាថ្មី

បុគ្គលិកពេទ្យបាញ់ថ្នាំសម្លាប់មេរោគលើពលរដ្ឋឥណ្ឌូណេស៊ី ពេលពួកគេត្រលប់ពីប្រទេសចិន មកដល់អាកាសយានដ្ឋានអន្តរជាតិ Hang Nadim ក្នុងក្រុង Batam កាលពីថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។ (Jakarta Post)

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសអាស៊ាន៨ បានសម្រេចផ្អាកទទួលភ្ញៀវទេសចរធ្វើដំណើរពីប្រទេសចិន បន្ទាប់ពីការរាត​ត្បា​តនៃមេរោគកូរ៉ូណាថ្មី​បន្តកើនឡើងក្នុងប្រទេស និងរាលដាលទៅជុំវិញពិភពលោក។

ប្រ​ទេ​សអាស៊ាននោះរួមមាន​ វៀតណាម ឡាវ ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ឯប្រទេ​សដែលមិនប្រកាសផ្អាករួមមាន កម្ពុជា និងថៃ។

ឥណ្ឌូណេស៊ី បានប្រកាសចាប់ផ្តើមពន្យារពេលចេញទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសចិនចូលទឹកដីរបស់ខ្លួនចាប់ពីថ្ងៃចន្ទ​នេះ បន្ទាប់ពីឥណ្ឌូណេស៊ីជម្លៀសពលរដ្ឋខ្លួនចំនួន២៣៨នាក់ពីក្រុងអ៊ូហាន និងទីក្រុងផ្សេងទៀតរបស់ប្រទេសចិន ដើម្បី​បញ្ចៀសហានិភ័យពីការរាតត្បាតនៃមេរោគ​នេះ។ នេះបើយោងតាមកាសែត The Jakarta Post ចុះផ្សាយនៅថ្ងៃនេះ។

ជាមួយគ្នានេះ យោងតាម ASEAN Briefing រដ្ឋាភិបាលរដ្ឋឥណ្ឌូណេស៊ី ក៏បានចាប់ផ្តើមរឹតបន្តឹងដោយការដាក់ឧបករណ៍ស្កេនកម្តៅ និងប៉ុស្តិ៍ឆែកសុខភាពតាមច្រកព្រំដែន ហើយបានដាក់កម្មករអណ្តូងរ៉ែចិន ៣​ម៉ឺន ៤​ពាន់​នាក់នៅកោះមួយឱ្យនៅក្រោមការតាមដាន ក្រោយមានការបារម្ភថា ការរកមិនឃើញករណីឆ្លងក្នុងប្រទេស គឺដោយសារកង្វះវិធានការត្រួតពិនិត្យ។

ប្រ៊ុយណេ បានចាប់ផ្តើមហាមអ្នកដំណើរមកពីខេត្តហ៊ឺប៉ីរបស់ចិន ចូលមកប្រទេសខ្លួនពីថ្ងៃ៣០ ខែ​មករា​កន្លង​មក​នេះ និងបាន​ពន្យារពេលជើ​ងហោះហើរទៅកាន់ខេត្តមួយចំនួនទៀតរបស់ប្រទេសចិន រហូតដល់ចុងខែកុម្ភៈនេះ ជាផ្នែកមួយក្នុងការទប់ស្កាត់វីរុសឆ្លង។

យោងតាមសារព័ត៌មាន The Scoop រដ្ឋមន្រ្តីសុខាភិបាលប្រទេសនេះ ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍​សប្តាហ៍មុនថា ប្រ៊ុយណេចាត់ទុកហានិភ័យពីមេរោគនូវែលកូរ៉ូណាក្នុងកម្រិតខ្ពស់ បើទោះជាមិនទាន់រកឃើញករណីណាមួយក្តី និងថា អ្នកដំណើរដែលទៅកាន់តំបន់ផ្ទុះការរាតត្បាតអំឡុង ២សប្តាហ៍ចុងក្រោយ​នេះ ត្រូវស្នាក់នៅដាច់ដោយឡែកដោយខ្លួនឯង។

ហ្វីលីពីន​ បានប្រកាសហាមមិនឱ្យអ្នកដំណើរគ្រប់ជាតិសាសន៍មកពីប្រទេសចិន ហុងកុង និងម៉ាកាវ និងអ្នកដែលធ្លាប់ទៅទីនោះអំឡុង ១៤ថ្ងៃចុងក្រោយ ចូលក្នុងប្រទេសខ្លួន​តាមជើងយន្តហោះ។ ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីកើតមានករណីទេសចរចិនម្នាក់ក្នុងចំណោម២នាក់ ដែលរកឃើញផ្ទុកមេរោគនូវែលកូរ៉ូណា បានស្លាប់ក្នុងទឹកដីរបស់ខ្លួននៅថ្ងៃសៅរ៍ទី១ ខែមករា។

អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ប្រទេសនេះ គឺលោក Dana Sandoval ត្រូវបានកាសែត Rappler ស្រង់សម្តីរបស់លោ​​​កថ្លែងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលក្រុងម៉ានីលមិនអនុញ្ញាតឱ្យជនបរទេសណាដែលធ្វើដំណើរមកពីប្រទេសចិនដីគោក និ​ង​ដែនរដ្ឋបាលពិសេសរបស់ប្រទេសនេះនៅអំឡុង១៤ថ្ងៃចុងក្រោយ ចូលមកហ្វីលីពីននោះទេ លើកលែងតែពលរដ្ឋខ្លួន និងអ្នកកាន់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍។

មីយ៉ាន់ម៉ា បានសម្រេចផ្អាកការផ្តល់ទិដ្ឋាការដល់ទេសចរចិនចូលទឹកដីរបស់ខ្លួននៅពីរ​ចុងសប្តាហ៍មុន គឺក្រោយពីខ្លួនរកឃើញទេសចរជនជាតិចិនម្នាក់មកពីខេត្តក្វាងចូវ មានអាការៈសង្ស័យឆ្លងមេរោគ និងការប្រកាសដាក់ពិភពលោកក្នុងគ្រាអាសន្ននៃការរីករាលដាលវីរុសកូរ៉ូណាថ្មីរបស់អង្គការសុខភាពពិភពលោក។

បើ​តាម​សារព័ត៌មាន Myanmar-Now ក្រសួងការបរទេសមីយ៉ាន់ម៉ា​សម្រេចពន្យារពេលផ្តល់ទិដ្ឋាការដល់ទេសចរចិនទាំងអស់ ដើម្បីការពារសុខភាពពលរដ្ឋមីយ៉ាន់ម៉ា ហើយនឹងបញ្ចៀសការរាលដាលនៃវីរុសថ្មី។

ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម រួមទាំងប្រទេសឡាវ ដែលមិនទាន់រកឃើញករណីឆ្លងចូលដល់ទឹកដីខ្លួន បាននាំមុខរដ្ឋអាស៊ាន ៤ខាងលើ ក្នុងការផ្អាកទទួលទេសចរមកពីប្រទេសចិន ពិសេសពីតំបន់ផ្ទុះមេរោគរាតត្បាតនៃខេត្តហ៊ឺប៉ី​ ក្រោមហេតុផលស្រដៀងគ្នា។ នេះបើតាមប្រភពពីសារព័ត៌មាន Bloomberg

ប្រទេសថៃបានបង្កើនវិធានការបង្កា និងទប់ស្កាត់ការរីករាលដាល ដោយការបាញ់ថ្នាំសម្លាប់មេរោគលើគ្រប់យន្តហោះមកពីប្រ​ទេសចិន។

យ៉ាងណា បើតាមកាសែត Thai Examiner ថ្វីត្បិតរដ្ឋាភិបាលក្រុងបាងកកមិនបានបិទជើងហោះហើរពីប្រទេសចិ​នក្តី ក៏ក្រុមហ៊ុនអាកាសចរណ៍​ក្នុងស្រុក Thai Airways គ្រោងនឹងកាត់បន្ថយជើងហោះហើរទៅមករវាងប្រទេសមួយនេះចាប់ពីថ្ងៃទី៦ ដល់២៩ ខែកុម្ភៈ។

ដោយឡែក​កម្ពុជា​វិញ មិនមានគម្រោងចាត់វិធានការហាមឃាត់​អ្នកដំណើរមក​ពីប្រទេសចិនចូលមកប្រទេសខ្លួននោះទេរហូតមកទល់ពេ​លនេះ។ ការរក្សាជំហរនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងកាលពីសប្តាហ៍មុនថា ដើម្បីការរក្សាទំនាក់ទំនងជាមិត្តភាព និងពាណិជ្ជកម្មល្អជាមួយចិន។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានប្រាប់វីអូឌី​បន្ថែម​នៅថ្ងៃនេះថា ក្រសួងមិនមានវិធានការអ្វីបន្ថែមពីលើសេចក្តីណែនាំរបស់អង្គការ​សុខភាព​ពិភព​លោក (WHO) ក្រោយពីអង្គការមួយនេះប្រកាសដាក់ពិភពលោកក្នុងគ្រាអាសន្នពីការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនោះទេ។

លោក លី សូវ៉ាន់ មាន​ប្រសាសន៍​ថា៖ «វិធានការយើងធ្វើហ្នឹង គឺធ្វើតាមអនុសាសន៍អង្គការសុខភាពពិភពលោកទាំងអស់ ហើយយើងនឹងមិនធ្វើតាមប្រទេសដទៃ ដែលធ្វើឱ្យខុសពីការណែនាំរបស់អង្គការសុខភាពពិភពលោក ដូចជា ការបិទមិនឱ្យមានការធ្វើដំណើរ បិទមិនឱ្យធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនប្រជាពលរដ្ឋចេញពីកន្លែងផ្ទុះហ្នឹង គឺជាការធ្វើមួយខុសពីការណែនាំរបស់អង្គការសុខភាពពិភពលោក»

មេរោគកូរ៉ូណាថ្មី បានសម្លាប់មនុស្សចំនួន ៣៦១នាក់ និងឆ្លងលើមនុស្ស ១៧ ២០៥នាក់ក្នុងប្រទេសចិន ហើយបានរាលដាលចូលប្រទេស និងតំបន់ ២៧​ផ្សេងទៀត ចំនួន ១៨០ករណី​ ក្នុងនោះមានស្លាប់មួយករណីនៅប្រទេសហ្វីលីពីន។ នេះបើយោងតួលេខពី​សា​រព័ត៌មាន South China Morning Post នៅវេលាម៉ោង១២ និង៣០នាទីរសៀល។

កាលពីចុងខែមករា អង្គការសុខភាពពិភពលោក WHO បានប្រកាសអាសន្នជាសកលអំពីហានិភ័យនៃការរីករាលដាលរបស់មេរោគដែលមានប្រភពពីផ្សារលក់គ្រឿងសមុទ្រមួយកន្លែងក្នុងក្រុងអ៊ូហាន​ បន្ទាប់ពីខ្លួនមើលឃើញសន្ទុះនៃការរាតត្បាតក្នុងតំបន់ និងវិសាលភាពនៃការរីករាលដាលរបស់មេរោគ។

ក្នុងសន្និសីទសារព័ត៌មាននាទីក្រុងហ្សឺណែវ កាលពីយប់ថ្ងៃសុក្រកន្លងទៅ អង្គការអន្តរជាតិមួយនេះ បានសម្តែងក្តីបារម្ភពីលទ្ធភាពនៃការរាតត្បាតរបស់មេរោគបង្កជំងឺរលាកសួតថ្មីកើតឡើងនៅប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ ហើយមិនបា​នត្រៀមខ្លួនល្អក្នុងការបង្ការ និងទប់ស្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ