ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ UDG តវ៉ាមុខសាលាខេត្តកោះកុងជាថ្មីទៀត

ប្រជាពលរដ្ឋជិត១០០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ​ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) ក្នុងខេត្តកោះកុង បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាខេត្ត ដើម្បីជំរុញឱ្យមានដំណោះស្រាយវិវាទដីធ្លី ខណៈជម្លោះនោះអូសបន្លាយជាង១០ឆ្នាំ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ (អាដហុកខេត្តកោះកុង)

ប្រជាពលរដ្ឋជិត១០០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ​ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) ក្នុងខេត្តកោះកុង បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាខេត្តនៅថ្ងៃនេះ ដើម្បីជំរុញឱ្យមានដំណោះស្រាយវិវាទដីធ្លី ខណៈជម្លោះនោះអូសបន្លាយជាង១០ឆ្នាំ។

កាលពី​ឆ្នាំ២០០៨​ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៣ម៉ឺន​ ៦ពាន់​ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​បទុម​សាគរ​ និង​ស្រុក​គិរីសាគរ​ ខេត្តកោះកុង​ ទៅដល់​ក្រុមហ៊ុន​ចិន​ UDG ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​។ ការផ្តល់ដីសម្បទាននេះ ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង១ពាន់គ្រួសារនៅតំបន់នោះ។

អ្នកស្រី ទិត្យ តេន ដែលអះ​អាង​ថា ជាតំណាងពលរដ្ឋសហគមន៍ព្រែកខ្សាច់ ប្រាប់វីអូឌីថា ជម្លោះដីធ្លីរ៉ាំរ៉ៃរយៈពេល១១ឆ្នាំជាមួយក្រុមហ៊ុនចិនមួយនេះ គឺអ្នកភូមិពុំទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។ អ្នកស្រីថា ការដើរតវ៉ារកដំណោះស្រាយរបស់អ្នកភូមិពេលកន្លងមក គឺអាជ្ញាធរបានត្រឹមសន្យាប៉ុណ្ណោះ។

តំណាងពលរដ្ឋរូបនេះឱ្យដឹងថា កាលពីខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរខេត្តកោះកុងបានសន្យាម្តងទៀតជាមួយពលរដ្ឋថា នឹងដោះស្រាយបញ្ចប់វិវាទដីធ្លីនេះជូនពលរដ្ឋ ប៉ុន្តែ ពេលនេះ ពុំឃើញអាជ្ញាធរណាចុះទៅសួរប្រជាពលរដ្ឋនោះទេ ដែលធ្វើឱ្យអ្នកស្រីមិនសប្បាយចិត្ត ហើយទៅតវ៉ាដល់សាលាខេត្តទៀត។

អ្នកស្រីបន្ថែមថា៖ «ទោះជាលំបាកលំបិនយ៉ាងណា ពួកយើងនៅតែស៊ូ ដើម្បីបានដំណោះស្រាយ។ ពីព្រោះអត់ដីស្មើអត់នឹងអត់មានជីវិត។ ព្រោះពួកយើងអាស្រ័យផលនៅលើដីស្រែចំការ។ យើងមិនមែនអ្នកធ្វើការងាររដ្ឋអីណា។ យើងរកក្តាមរកខ្យងហ្នឹង»

ពលរដ្ឋម្នាក់នៅឃុំព្រែកខ្សាច់ អ្នកស្រី ព្រាប រដ្ឋា និយាយថា ការពន្យារពេលមិនដោះស្រាយនេះបានធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមច្រើនដូចជា មិនអាចសាងសង់អ្វីលើដីកំពុងមានជម្លោះនោះ ខាតបង់ពេលវេលា និងគ្រួសាររបស់ពួកគេជួបបញ្ហាជីវភាពដោយសារតែដើរតវ៉ាគ្មានពេលវេលារកស៊ី។

អ្នកស្រី ព្រា​ប រដ្ឋា ឱ្យដឹងថា សំណងដែលអ្នកភូមិចង់បាននោះ គឺសុំឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដីពួកគេចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។

អ្នកស្រីបន្ថែមថា៖ «ពួកយើងអត់ត្រូវការឱ្យក្រុមហ៊ុនមកវិនិយោគកន្លែងហ្នឹងទេ។ ព្រោះអី ពេលក្រុមហ៊ុនចិន ចូលមកវិនិយោគកន្លែងណា គឺធ្វើឱ្យប្រជាពលរដ្ឋទឹកភ្នែកកន្លែងហ្នឹងតែម្តង។ អីចឹង ពួកយើងអត់ចង់បានការអភិវឌ្ឍរបស់គាត់ទេ។ បើសិនជាគាត់អភិឌ្ឍ គាត់ត្រូវអភិវឌ្ឍនៅហ្នឹងកន្លែងដូចសម្តេចគាត់មានប្រសាសន៍ទៅ។ ចាំបាច់មកដេញប្រជាពលរដ្ឋចេញពីភូមិពីស្រុកធ្វើអី ពួកយើងមិនចង់ចេញពីភូមិពីស្រុកទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន ខណៈអភិបាលរងខេត្ត លោក សុខ សុធី ទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ក្រោមគម្រោងអភិវឌ្ឍន៍របស់ UDG គឺមានពលរដ្ឋប្រហែលខ្ទងពាន់គ្រួសារទៀតដែលពុំទាន់ទទួលបានការដោះស្រាយ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ស្នើទៅរដ្ឋាភិបាលត្រូវមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ ដោយលោកថា ប្រសិនបើនៅពន្យារមិនដោះស្រាយ នឹងធ្វើប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ និងប្រជាពលរដ្ឋកាន់តែប្រឈមបញ្ហាជីវភាព។

លោកបន្ថែមថា៖ «អាជ្ញាធរថ្នាក់(មូលដ្ឋាន)គួរតែរៀបចំការងារយ៉ាងម៉េច ជួយដោះស្រាយរឿងហ្នឹងឱ្យបានឆាប់ចប់ជូនប្រជាពលរដ្ឋ។ ប្រសិនបើនៅតែអូសបន្លាយអីចឹង គឺប្រជាពលរដ្ឋនៅតែឡើងទៅតវ៉ាដល់ថ្នាក់ខេត្ត ហើយដល់ថ្នាក់ជាតិទៀត។ អីចឹង វាមិនមែនជារូបភាពល្អសម្រាប់រដ្ឋាភិបាល ដែលបង្ហាញថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋ។ គម្រោងអភិវឌ្ឍន៍នេះកើតឡើងដោយសារតែរដ្ឋាភិបាលជាអ្នកផ្តល់។ អីចឹង រដ្ឋាភិបាលត្រូវទទួលខុសត្រូវក្នុងការដោះស្រាយឱ្យឆាប់ចប់»

របាយ​កា​រ​ណ៍​ និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ បាន​រក​ឃើញថា​ គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ១១៤៣គ្រួសារ ​ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង ១ម៉ឺនហិ​កតា​ និង​ផ្ទះ ១៥០០ខ្នង​ ត្រូវ​បង្ខំ​ឱ្យ​រុះរើ​ និង​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ