អតីត​បុគ្គលិក​ RFA ​នៅ​តែ​បន្ត​គ្មាន​​​ឯកសារ​រដ្ឋបាល​​​ប្រើ​ប្រាស់​ក្រោយ​តុលាការ​ច្រាន​ចោល​សំណើ​របស់​ពួកគេ

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។ រូបភាព៖ ហួត វុទ្ធី

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ចារកម្ម»​នោះ បាន​អះ​អាង​ថា ពួកគេ​បាត់​បង់​សិទ្ធិ​សេរីភាព​​ហើយ និង​ទទួល​រង​នូវ​ភាព​អយុត្តិ​ធម៌​ថែម​ទៀត ក្រោយ​ពី​តុលាការ​មិន​ព្រម​ប្រគល់​ឯកសារ​​សម្គាល់​ខ្លួន​ទៅ​ដល់​ពួកគេ​វិញ​នោះ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ចារម្ម​បម្រើ​ឱ្យ​រដ្ឋ​បរទេស​​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ចការ​ការពារ​ជាតិ ហើយ​អ្នក​ទាំង​ពីរ​រូប ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​​ឃុំ​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ចាប់​តាំង​​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក មុន​នឹងពួកគេ​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​វិញ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៨។

បើទោះបី​ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ក៏​ដោយ ប៉ុន្តែ លិខិត​ឆ្លង​ដែន និង​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ដក​ហូត​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

មេធាវី​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំងពីរ​រូប​នេះ បាន​ដាក់​សំណើ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​កន្លង​មក​នេះ ដោយ​បាន​ស្នើ​​ទាមទារ​ឱ្យ​ប្រគល់​ឱ្យ​មក​វិញ​​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ និង​លិខិត​ឆ្លង​ដែន​របស់​កូន​ក្ដី​លោក​វិញ។

ប៉ុន្តែ ក្នុង​ដីកា​របស់​ខ្លួន​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា​កន្លង​មក​ដែល​វីអូឌី​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​បដិសេធ​សំណើ​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​ពីរ​រូប។

ក្នុង​ដីកា​សម្រេច​នោះ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បាន​ចាត់​ទុក​​ឯកសារ​រដ្ឋបាល​​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ​ថា «នៅ​តែ​មាន​ភាព​ចាំ​បាច់​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ»។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់​ថា លោក​សុំ​ពេល​ឆែក​ជាមួយ​ចៅ​ក្រម​ស៊ើប​សួរ​សិន​មុន​នឹង​ឆ្លើយ​តប​អំពី​ដីកា​សម្រេច​នេះ ប៉ុន្តែ លោក​ពុំ​បាន​ឆ្លើយ​តប​មក​វិញ​ឡើយ​រហូត​មក​ដល់​ម៉ោង ៦​ល្ងាច​ថ្ងៃ​នេះ។

លោក យាង សុធារិន្ទ ដែល​ប្រាប់​ថា​​ទើប​ទទួល​បាន​ដីកា​សម្រេច​នៅ​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា ​លោក​ស្នើ​សុំ​​លិខិត​ឆ្លង​ដែន​ពី​តុលាការ​មក​វិញ ដើម្បី​លោក​អាច​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​ម្ដាយ និង​សាច់​ញាតិ​របស់​លោក​នៅ​ឯ​ស្រុក​កំណើត​ស្ថិត​នៅ​ទឹក​ដី​កម្ពុជា​ក្រោម ឬ​វៀតណាម​ភាគ​ខាង​ត្បូង​​សព្វ​ថ្ងៃ​នេះ។

លោក​ សុធារិន ដែល​បម្រើការ​ជា​អ្នកសារព័ត៌មាន​សេរី​ឱ្យ​សារព័ត៌មាន​វីអូឌី​នាពេល​សព្វថ្ងៃ​នេះ បន្ថែម​ថា លោក​ក៏​ត្រូវការ​ចេញ​ទៅ​ស្វែង​រក​​ព្យាបាល​ភ្នែក​ដ៏​ល្អ​ប្រសើរ​ និង​ឱកាស​ពង្រឹង​សមត្ថភាព​មួយ​ចំនួន​ទៀត​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

លោក យាង សុធារិន្ទ ប្រាប់​ថា​៖ «នៅ​ពេល​ការ​សម្រេច​មិន​ផ្ដល់​ឱ្យ​ពួក​យើង​ខ្ញុំ​អ៊ីចឹង វា​ធ្វើ​ឱ្យ​រឹត​ត្បិត​សេរីភាព​ពួក​ខ្ញុំ​ផង និងបង្ក​​ការ​លំបាក​ផ្សេងៗ​ដល់​យើង​ខ្ញុំ​ផង»

លោក អ៊ួន ឈិន បាន​ប្រាប់​ថា លោក​ត្រូវ​ការ​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​លោក​វិញ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​បំពេញ​ឯកសារ​រដ្ឋបាល​ដទៃ​ទៀត ដូចជា ការ​បើក​គណនី​ធនាគារ និង​ការ​ស្នើ​សុំ​សេវា​ដែល​ផ្ដល់​ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។

លោក ​អ៊ួន ឈិន ប្រាប់​ថា​៖ «ការណ៍ដែលខ្វះឯកសារទាំងនេះ បង្ក​ផលវិបាកដល់ខ្ញុំជាខ្លាំង។ ជាក់ស្ដែង ខ្ញុំធ្វើ​ស្លាកលេខម៉ូតូ តែមិនទាន់បានស្លាកលេខ ខ្ញុំត្រូវការអត្ត​សញ្ញា​ណ​ប័ណ្ណ​ ដើម្បីបើកស្លាក​លេខ​ម៉ូតូ ហើយ​យក​ម៉ូតូនោះទៅលក់ដោះស្រាយជីវភាព តែខ្ញុំមិន​មានអត្តសញ្ញាណប័ណ្ណ ខ្ញុំ​អត់​អាច​យក​ស្លាក​លេខ​​ម៉ូតូ​នោះ​មិនបាន​ទេ។ វាអយុត្តិធម៌ណាស់ចំពោះខ្ញុំក្នុងការសម្រេចនេះ»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ថា ជា​ការ​បង្ហាញ​នូវទម្រង់​មួយ​នៃ​ការ​រើស​អើង​ទៅ​លើ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ ដែល​ធ្លាប់​បម្រើ​ការ​ឱ្យ​ស្ថាប័ន​វិទ្យុ​អាស៊ី​សេរ​របស់​សហរដ្ឋ​អាមេរិក។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ជំរុញ​ទៅ​តុលាការ​ឱ្យ​ពិចារណា​ឡើង​វិញ​ក្នុង​ការ​ប្រគល់​ឯកសារ​រដ្ឋបាល​ទាំង​ពីរ​ប្រភេទ​នេះ ទៅ​ដល់​​ពួកគេ ដោយ​លោក​ថា អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ តែង​តែ​​ផ្ដល់​កិច្ច​សហការ​គ្រប់​គ្រាន់​ឆ្លើយ​តប​ទៅ​នឹង​​សមត្ថកិច្ច​គ្រប់​លំដាប់​​ថ្នាក់​រួច​មក​ហើយ។

លោក ស៊ឹង សែនករុណា ប្រាប់​ថា៖ «ហើយ​ការ​អនុវត្ត​ស្តង់ដារ​ហ្នឹង អត់​ត្រូវ​ទៀត ព្រោះ​រឿង​មួយ​ចំនួន យើង​ឃើញ​ហើយ​ រឿង​ឧក្រិដ្ឋ​ផង នៅ​គេ​ផ្ដល់​តម្លៃ​នៅ​ពេល​បញ្ចប់ ឬ​បិទ​ការ​ស៊ើប​សួរ ឬ​ក៏​ចេញ​ដីកា​ដំណោះ​ស្រាយ​ហ្នឹង គេ​មិន​រឹត​ត្បិត​ទៅ​លើ​ភស្តុតាង​ទាំង​អស់​ហ្នឹង ហើយ​ឯកសារ​ទាំង​អស់​ហ្នឹង​ វា​អត់​ត្រូវ​មាន​ការ​រឹត​ត្បិត​ទៅ​លើ​រឿង​ទាំង​អស់​ហ្នឹង​ទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ