នាយករដ្ឋមន្ត្រី​លើក​ឡើង​ថាសម្ពាធ​អន្តរជាតិ​កំពុង​បង្ខំ​ឱ្យ​កម្ពុជា​ត្រូវ​ជ្រើសរើស​មិត្តឬ​សត្រូវ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា​ សម្ពាធ​ពី​អន្តរជាតិ​កំពុង​បង្ខំ​កម្ពុជា​ឱ្យ​ជ្រើសរើស​មិត្ត ឬ​សត្រូវ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​របស់​ខ្លួន ខណៈ​បញ្ជាក់​ជំហរ​ថា ​កម្ពុជា​នឹង​មិន​យក​អធិបតេយ្យដើម្បី​ដោះដូរ​នឹងជំនួយ​ពីប្រទេស​ណា​មួយ​នោះ​ឡើយ​ ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ការបរទេស​នៅ​ព្រឹក​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា​ សហគមន៍​អន្តរជាតិ​ មិន​គួរ​បង្កើត​កំហុស​ម្ដង​ទៀត​មក​លើ​កម្ពុជា​នោះ​ទេ ខណៈ​លោក​ថា សម្ពាធ​អន្តរជាតិ​ទាំង​ប៉ុន្មាន​ កំពុង​បង្ខំ​​កម្ពុជា​ជ្រើសរើសមិត្ត ឬ​សត្រូវ​ក្នុង​ទំនាក់​ទំនង​ការបរទេស​របស់​ខ្លួន​។

លោក​នាយករដ្ឋមន្ត្រី​៖ «ជា​ការ​ពិត​ការធ្វើ​មិត្ត​ជា​មួយ​គ្រប់គ្នា​ងាយ​និយាយ​ជាង​ធ្វើ​ច្រើនណាស់! ជា​ពិសេស​ចំពោះប្រទេស​តូច​ដូចកម្ពុជា ដែល​សម្ពាធ​ពី​ខាង​ក្រៅតែង​បង្ខំ​ឱ្យ​យើង​ជ្រើស​រើសមិត្ត ឬ​ឱ្យ​យើង​ធ្វើ​ជា​មិត្ត​ជា​មួយ​ប្រទេស​នេះ និង​យក​ប្រទេស​ផ្សេង​ធ្វើជា​សត្រូវ។ ក៏​ប៉ុន្ដែ​ ទោះ​ធ្វើ​ជា​មិត្ត​ជា​មួយ​អ្នក​ណា​ក៏​ដោយ​ ក៏មិន​មែន​មាន​ន័យ​ថា ​កម្ពុជា​បោះបង់​ឯករាជ្យអធិបតេយ្យ​របស់​ខ្លួន​នោះ​ដែរ។ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ ខ្ញុំ​មិន​ដែល​ធ្វើ​សេចក្តី​សម្រេច​ណា​មួយ​ដើម្បី​តម្រូវ​ចិត្ត​ប្រទេស​ណា​មួយ​នោះ​ទេ ខ្ញុំ​មិន​ធ្វើអ្វី​ដែល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍ជាតិ និង​ប្រជាពលរដ្ឋ​នោះ​ឡើយ»។

ក្រោយ​ចាប់​ខ្លួន​លោក ​កឹម សុខា រួច​រំលាយ​បក្សប្រឆាំង​នៅ​ឆ្នាំ​២០១៧ និង​​ការ​បោះឆ្នោត​ដោយ​ចម្រូង​ចម្រាស​នៅឆ្នាំ​២០១៨ សហគមន៍​អន្តរជាតិ​ដែល​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ បាន​ថ្កោលទោសជា​មួយ​នឹង​ការ​ព្រមាន​ដក​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បាន​ចាត់​ទុក​ប្រតិកម្ម​របស់​លោកសេរី​នេះ​ជាការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស។

សាស្ត្រាចារ្យផ្នែកសិក្សាពីអាស៊ាន នៅសកលវិទ្យាល័យ Naresuan ប្រទេសថៃ លោក Paul Chambers បានឱ្យ VOD ដឹងតាមសារអេឡិចត្រូនិចអ៊ីម៉ែលថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៨ ទំនាក់ទំនងកម្ពុជា ចិន កាន់តែជិតស្និទ្ធ ខណៈទំនាក់ទំនងជាមួយអឺរ៉ុប និងអាមេរិក ហាក់ឃ្លាតឆ្ងាយ។ ទោះជាយ៉ាងណា សម្រាប់ អាមេរិកនៅតែព្យាយាមរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាភូមិសាស្ត្រនយោបាយរបស់ខ្លួននៅកម្ពុជា។

លោកសរសេរថា៖ «បញ្ហាប្រឈមរបស់រដ្ឋាភិបាលកម្ពុជានោះគឺ ត្រូវរក្សាតុល្យភាពអាមេរិក និងចិនយ៉ាងណា ក្នុងប្រទេសខ្លួនដើម្បីបញ្ចៀសការអន់ចិត្តពីប្រទេសទាំងពីរនោះ។ […] តែប្រសិនកម្ពុជាងាកទៅរកមហាអំណាចណាមួយក្នុងចំណោមទាំងពីរនេះ នោះកម្ពុជាអាចរំពឹងនាថ្ងៃអនាគតទៅលើការឧបត្ថម្ភពីប្រទេសនោះបាន និងបំផ្លាញឥទ្ធិពលម្ខាងទៀតបាន»។

​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​នៅ​សាកលវិទ្យាល័យ Occidental College ទីក្រុង Los Angeles លោក អៀ សុផល លើក​ឡើងថា ក្រោយ​ពី​​​បាត់​បក្សប្រឆាំង​ក្នុង​ប្រទេស​ បាន​ធ្វើ​ឱ្យ​តុល្យ​ភាព​នយោបាយ​ការបរទេស​កម្ពុជា​កាន់​តែ​ផ្អៀង​ទៅ​ចិន​កាន់​តែ​ខ្លាំង។ លោក​បន្ថែម​ថា​ ការ​លំអៀង​ទៅ​ចិន​របស់​រដ្ឋាភិបាល​កម្ពុជា ​​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​នោះ។

លោក​សរសេរ​ថា៖ «ដោយ​បាន​ជ្រើសរើ​សចិន កម្ពុជាចាប់​ផ្ដើម​​ដើរ​ដោយ​គ្មាន​​ប្រជាធិបតេយ្យ គ្មាន​ការ​គោរព​សិទ្ធិ និងសេរីភាព​មនុស្ស។ វា​ជា​ការ​ខាតបង់​របស់​ប្រជាជន។ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​អាច​ជួយ​រក្សា​តុល្យភាព​កម្ពុជា​បាន តែ​ពួកគេ​មិន​អាច​ធ្វើ​បាន​ទេ នៅពេល​ដែល​រដ្ឋាភិបាល​ភ្នំពេញ​ចង់​រៀប​ការ​ជាមួយ​ចិនហើយ​​នោះ។ និយាយដោយត្រង់ទៅ វា​ជាការបាត់បង់របស់ប្រជាជនកម្ពុជា ដែលធ្លាប់​បាត់បង់យ៉ាងច្រើនម្ដង​ហើយ​ទៅ​ឱ្យ​ប្រទេសចិនកាល​ពី​អតីតកាល ហើយ​វា​នឹងបាត់បង់ជា​ថ្មីម្តងទៀត»។

ក្រោយ​ផ្ទុះ​រីវុស​កូរ៉ូណា​ដែល​សម្លាប់​មនុស្ស​ជាច្រើន​រយ​នាក់​នៅ​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​បានបិទ​ជើង​យន្ត​ហោះពី​ចិន និង​​បញ្ជូន​ពលរដ្ឋ​ខ្លួន​ចេញ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ​នោះ ប៉ុន្តែ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ម្សិល​មិញ​ បញ្ជាក់​ថា​ កម្ពុជា​នឹងធ្វើ​បែប​នេះ​នោះ​ទេ​ ដោយ​ថា ​ការ​ធ្វើ​បែប​នេះគឺហាក់​បី​ដូច​ជា​សម្លាប់​សេដ្ឋកិច្ច​ និង​ទំនាក់​ទំនង​ល្អ​មហាអំណាច​មួយ​នេះ​។

លោក​ថា៖ «ពេល​គេ​សុខ​ យើង​ទៅ​រួម​សុខ​ជា​មួយ​គេ​ ដល់​គេ​មាន​ទុក្ខ​ យើង​បោះបង់​ចោល​គេ តើ​ពាក្យ​ថា​រួមសុខរួម​ទុក្ខ​នៅ​កន្លែង​ណា? […] អត់​មាន​តម្រូវ​ការ​នៃ​ការ​ជម្លៀស​និស្សិត​ខ្មែរ អ្នក​ការ​ទូត​ខ្មែរ កុង​ស៊ុល​ខ្មែរ នៅ​តាម​បណ្ដា​ទី​កន្លែង​នានា​មក​កម្ពុជា​ទេ យើង​ទុក​នៅ​ទី​នោះ​ដែល​ជា​ការ​នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​»។

ក្រោយ​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ ហាក់​បាន​រុញ​​រដ្ឋាភិបាល​កម្ពុជាឱ្យ​​កាន់​តែ​ខិត​ទៅ​​ប្រទេសចិន ​ទាំង​ជំនួយ​ និង​ទំនាក់ទំនង​។ យោង​តាម​របាយការណ៍​រដ្ឋាភិបាល គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​បាន​ចុះ​ហត្ថលេខា​ខ្ចី​លុយ​បរទេស​មាន​ទំហំ​ប្រមាណ​ ៧ ៦៣២​លាន​ដុល្លារ​ ក្នុង​នោះ​​ជិត​៤០ភាគរយ​ជា​កម្ចី​របស់​ចិន​ដែល​មាន​តម្លៃ​ប្រមាណ ៤ ៧១១លានដុល្លារ ក្រៅ​ពី​នេះ ​ចិន​ក៏​ឈរ​លេខ​មួយ​ដែល​ជា​ប្រទេស​ដាក់​ទុន​វិនិយោគ​ផ្ទាល់​មក​កម្ពុជា​ផង​ដែរ ដែល​មាន​តម្លៃ​ប្រមាណ ​៩ពាន់​៤រយលានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ