អាជ្ញាធរខេត្តព្រៃវែងបិទចំណតយកលុយឡានមួយកន្លែងបណ្តោះអាសន្ន​

សាលាខេត្តព្រៃវែង (រូបភាពពីហ្វេសប៊ុកផេក បេះដូងព្រៃវែង)

មន្ត្រីសាលាខេត្តព្រៃវែងបានឲ្យដឹងថា អាជ្ញាធរបានបិទផ្អាកដំណើរការចំណតយកលុយឡានមួយកន្លែងជាបណ្តោះអាសន្ន នៅក្នុងខេត្តនេះ ក្រោយមានជម្លោះហិង្សារវាងក្រុមឈ្មួញរាប់រយនាក់ ជាមួយបុគ្គលិកដែលចាំទារលុយកាលពីម្សិលមិញ។​

កាលពីម្សិលមិញ អាជីវករដឹកស្រូវ១៦០នាក់ បានដុតកង់ឡាន និងវាយកម្ទេចបង់អង្គុយលេងមួយចំនួន នៅ ចំណតយកលុយឡានស្ថិតនៅភូមិប្រស់ស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

នាយករដ្ឋបាលសាលាខេត្តព្រៃវែង លោក ឈាង សុវណ្ណារ៉ា មានប្រសាសន៍ថា ដើមចមដែលនាំឲ្យក្រុមអាជីវករ​ដឹកស្រូវទៅវាយកម្ទេចសម្ភារៈចំណតយកលុយឡាននោះ ដោយសារម្ចាស់ចំណត បានទាលុយពីអាជីវករឡានមួយគ្រឿង១៥០០០រៀល ពោលលើសពីសព្វដង៥០០០រៀលក្នុងឡានមួយគ្រឿង។ លោកបញ្ជាក់ថា ការបិទនេះ រងចាំឱ្យភាគីពាក់ព័ន្ធរកដំណោះស្រាយដោយសន្តិវិធីសិន មុនបើកដំណើរការ។​

លោកមានប្រសាសន៍ថា៖ «យើងបិទបេនសិនហើយ យើងអត់ទាន់ឲ្យដំណើរការរកស៊ី​ទេ…បិទបណ្តោះអាសន្នរងចាំមានចចារប្រជុំដោះស្រាយថាតើយើងអាចដោះយ៉ាងម៉េចនៅពេលថ្ងៃក្រោយ»។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត មានប្រសាសន៍ថា បើម្ចាស់ចំណតយកថ្លៃលើសសៀវភៅប​ន្ទុករបស់រដ្ឋកំណត់ និងប្រឈមការបិទអាជីវកម្មរបស់ខ្លួន ដើម្បីទុកឲ្យអ្នកផ្សេងដេញថ្លៃបន្ត។

លោកមានប្រសាសន៍ថា៖ «បើសិនជាគាត់យកលើសយើងមានសិទ្ធិដកហូតយកមកវិញ តាមច្បាប់ បើសិនជារកឃើញថាមានបញ្ហាចឹងមែន មិនមែនចេះតែដកហូតគ្រប់កន្លែងទេ…ទាល់តែមានរបាយការណ៍ត្រឹមត្រូវ»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាប្រឈមបាន លុះត្រាតែអ្នកគ្រប់គ្រងចំណតបិទតារាងតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យប្រជាពឡរដ្ឋបាន​ដឹងរឿងនេះជាសាធារណៈ។

លោកមានប្រសាសន៍ថា៖ «ជាគោលការណ៍តារាងតម្លៃតែងតែបិទក្តាខៀន ព័ត៌មាន ឬក៏បញ្ឈទាំងឡាយនៅតាមចំណតហ្នឹងហើយ ហើយអ្នកអនុវត្តកាតព្វកិច្ច ហើយអ្នកដែលទទួលបន្ទុកក្នុងការអនុវត្តច្បាប់ គឺត្រូវឈរលើតារាងតម្លៃសេវាហ្នឹងជាគោល ​បើមានអ្នកណាទារលើសជាការបំពានច្បាប់រដ្ឋបាល»។

ម្ចាស់ចំណតរថយន្ត នៅភូមិប្រស់ស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានលើកឡើងថា ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ចំណតរបស់គាត់មានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហរិញវត្ថុ និងខេត្តត្រឹមត្រូវ។

ម្ចាស់ចំណតបញ្ជាក់ថា សៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ឲ្យម្ចាស់ចំណតយកតម្លៃ១០០០០រៀល ​ទៅ២០០០០រៀល ក្នុងរថយន្តមួយគ្រឿងដែលផ្ទុកចំណុះ ១០តោន ទៅ២៥តោន។ ប៉ុន្តែការអនុវត្តរាល់ថ្ងៃនេះ ម្ចាស់ចំណតបញ្ជាក់ថា គាត់យកមិនលើសពី២០០០០រៀលនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ