នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) កត់សម្គាល់ឃើញថា ឃាតកម្មលើលោក ជា វិជ្ជា បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកថា វាគួរណាស់តែរដ្ឋាភិបាលកម្ពុជាអាចស្វែងរកឃាតក និងអ្នកបញ្ជាពិតប្រាកដនៅពីក្រោយឃាតកម្មនេះ មកផ្តន្ទាទោស។
អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUW) លោក ជា វិជ្ជា ត្រូវ បានឃាតកបាញ់សម្លាប់នៅមុខតូបលក់កាសែតមួយក្បែររបងខាងលិចវត្តលង្កា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤។
រូបសំណាករបស់អតីតមេដឹកនាំសហជីពរូបនេះ ត្រូវបានសាងសង់ឡើង និងដាក់តាំងនៅមុខវត្តលង្កា ស្ថិតនៅតាមបណ្ដោយវិថីព្រះសីហនុ ឬនៅចម្ងាយប្រហែល ៣០ម៉ែត្រប៉ុណ្ណោះពីទីកន្លែងដែលលោកត្រូវបាញ់សម្លាប់។
ជារៀងរាល់ឆ្នាំ ក្រុមមេដឹកនាំសហជីព ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស និងសិទ្ធិកម្មករ តែងតែប្រមូលផ្ដុំគ្នាធ្វើពិធីរំឭកខួបនៃឃាតកម្មលើអតីតមេដឹកនាំសហជីពរូបនេះ ដូចជា អុជធូប ដាក់កម្រងផ្កា ដែលជាសកម្មភាពបង្ហាញនូវការគោរពវិញ្ញាណក្ខន្ធរបស់លោក។
ដូចទៅនឹងឆ្នាំមុនៗដែរ ក្រុមមេដឹកនាំសហជីពដែលធ្លាប់ធ្វើការរួមគ្នាជាមួយលោក ជា វិជ្ជា និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស បានស្រែកទាមទារទៅរដ្ឋាភិបាលឱ្យស៊ើបអង្កេររកឃាតក និងអ្នកបញ្ជាពីក្រោយការបាញ់សម្លាប់មេដឹកនាំសហជីពរូបនេះ។
ជាមិត្តភក្តិជិតស្និទ្ធមួយរូបរបស់លោក ជា វិជ្ជា លោក រ៉ុង ឈុន បច្ចុប្បន្នជាប្រធានសហភាពសហជីពកម្ពុជានោះ បានរំឭកឡើងវិញថា លោក ជា វិជ្ជា បានទូរស័ព្ទប្រាប់លោកអំពីការគំរាមសម្លាប់តាមទូរស័ព្ទ ដែលកើតឡើងនៅក្នុងខែកក្កដាឆ្នាំ២០០៣ ហើយលោកក៏បានជូនលោក វិជ្ជា ទៅជួបនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវលេខទូរស័ព្ទដែលបានគំរាមកំហែងសម្លាប់រូបលោក។
លោក ឈុន ដែលជាអតីតសមាជិកគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតកូតាមកពីអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងបន្តថា ប៉ុន្តែ នគរបាលរាជធានីភ្នំពេញ បានឆ្លើយថា ពួកគេមិនហ៊ានប៉ះពាល់ទេ ព្រោះអ្នកគំរាមនោះជាមន្ត្រីមានឋានៈខ្ពស់។
បើតាមលោក រ៉ុង ឈុន មន្ត្រីនគរបាលរាជធានីភ្នំពេញនាពេលនោះ បានផ្ដល់យោបល់ទៅលោក ជា វិជ្ជា ឱ្យរកកន្លែងមានសុវត្ថិភាព ប៉ុន្តែ លោក វិជ្ជា មិនបានរត់ទៅណាឡើយ បើទោះបីទទួលរងការគំរាមសម្លាប់បែបនេះក្ដី ដោយលោកថា លោក វិជ្ជា នៅតែមានឆន្ទៈការពារសិទ្ធិសេរីភាពរបស់កម្មករ។
ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរីកាលពីខែកក្កដា ឆ្នាំ២០០៣ លោក ជា វិជ្ជា បានអះអាងថា លោកទទួលបានសារគំរាមសម្លាប់តាមទូរស័ព្ទកាលពីថ្ងៃទី២២ ខែកក្កដាក្នុងឆ្នាំនោះ ដែលត្រូវបានផ្ញើមកជាភាសាអង់គ្លេស «A dog I will kill you 26 July 2003 ah Sam Rainsy» ដែលមានន័យថា «អាឆ្កែ អញនឹងសម្លាប់ឯងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៣ អា សម រង្ស៊ី»។ អតីតមេដឹកនាំសហជីពរូបនេះ អះអាងថា លោកទទួលបានសារនោះដែលផ្ញើពីលេខទូរស័ព្ទ ០១២ ៩៨ ៧៧ ៩៤។
ទោះជាយ៉ាងណាក្តី អតីតប្រធានសហជីពកម្មកររូបនេះ មិនត្រូវបានគេសម្លាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៣ ដូចការគំរាមនោះទេ ប៉ុន្តែ ៦ខែក្រោយមក លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់។
នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែងរំលឹកថា លោក ជា វិជ្ជា ជាមេសហជីពដ៏មានឥទ្ធិពលបំផុតម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនយោបាយប្រឆាំងដែលលោក ហ្វ៊ីល រ៉ូប៊ើតសិន យល់ថា មូលហេតុនេះហើយបានធ្វើឲ្យមន្រ្តី ជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាមានការបារម្ភ។
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះ លើកឡើងថា លោក ជា វិជ្ជា គឺជាចលករដ៏ចម្បងសម្រាប់ការពង្រីកសិទ្ធិកម្មករផង និងសម្រាប់ពង្រីកការគាំទ្រចំពោះអ្នកនយោបាយបក្សប្រឆាំងផង ដូច្នេះ ដើម្បីបញ្ចប់ចលករនេះឲ្យបានឆាប់ រហ័សបំផុតនោះ គឺ គេត្រូវតែកម្ចាត់លោក ជា វិជ្ជា ចេញ។
ក្រោយលោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ សមត្ថកិច្ចរដ្ឋាភិបាលបានចាប់ខ្លួនបុរសពីរនាក់ គឺលោក ប៊ន សំណាង និង លោក សុខ សំអឿន ដោយចោទប្រកាន់អ្នកទាំងពីរថា ជាឃាតកបាញ់សម្លាប់លោក ជា វិជ្ជា។
ពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ប៉ុន្តែ ក្រោយមកត្រូវបានតុលាការកំពូលសម្រេចដោះលែងឲ្យមានសេរីភាពវិញ ក្រោយពីមានការទាមទាររបស់អ្នកការពារសិទ្ធិមនុស្ស និងសហជីព ព្រោះតែពួកគេយល់ថា លោក ប៊ន សំណាង និងលោក សុខ សំអឿន មិនមែនជាឃាតកពិតនោះ។
សូម្បីតែអតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ព្រះអង្គមិនជឿថា ប៊ន សំណាង និង សុខ សំអឿន ជាឃាតកពិតនោះដែរ។
លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ប្រាប់តាមអ៊ីម៉ែលថា ការផ្តន្ទាទោសទៅលើលោក ប៊ន សំណាង និង សុខ សំអឿន ដែលជាឃាតកសិប្បនិម្មិត គឺជាចេតនារបស់អាជ្ញាធរកម្ពុជាដើម្បីបង្វែរការ យកចិត្តទុកដាក់ពីអ្នកដែលទទួលខុសត្រូវពិតប្រាកដចំពោះឧក្រិដ្ឋកម្មដ៏សាហាវមួយនេះ។
លោក រ៉ូប៊ឺតសុន និយាយថា៖ «ការកាត់ទោសសំណុំរឿងឃាតកម្មលោក ជា វិជ្ជា គឺស្ថិតនៅក្នុងចំណោមអំពើអយុត្តិធម៌ ដែលជាគំរូអាក្រក់បំផុតនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ សំណុំរឿងនេះ រដ្ឋាភិបាលកម្ពុជាគួរតែរកឃើញឃាតកពិតតាំងពីយូរមកហើយ ហើយគួរតែផ្ដល់ឱ្យគ្រួសារគាត់ ឱ្យទទួលបានអារម្មណ៍ខ្លះថា មានយុត្តិធម៌»។
លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់ថ្លែងប្រាប់អ្នកសារព័ត៌មានបរទេស មុនពេលលោកត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០០៦ថា អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡង់ឌី ជាអ្នកបញ្ជាឲ្យចាប់លោក ប៊ន សំណាង និងលោក សុខ សំអឿន ដោយចោទបុរសទាំងពីរថា ជាឃាតកបាញ់សម្លាប់លោក ជា វិជ្ជា។
ប៉ុន្តែ អ្នកស្រី វ៉ា សុធី អតីតម្ចាស់តូបកាសែតនៅជាប់របងវត្តលង្កា ជាទីដែលឃាតកពីរនាក់ចូលទៅបាញ់លោក ជា វិជ្ជា ដែលអ្នកស្រីបានឃើញផ្ទាល់ភ្នែកនោះ ធ្លាប់បាននិយាយថា លោក ប៊ន សំណាង និង សុខ សំអឿន មិនមែនជាខ្មាន់កាំភ្លើងដែលអ្នកស្រីបានឃើញនោះទេ។
ក្រោយដោះលែងឃាតកសិប្បនិម្មិត ប៊ន សំណាង និង សុខ សំអឿន តុលាការកំពូលកាលពីខែកញ្ញា ឆ្នាំ២០១៣ បានសម្រេចបង្គាប់ឲ្យព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតសំណុំរឿងឃាតកម្មលោក ជា វិជ្ជា ជាថ្មី។
លុះដល់ខែមករា ឆ្នាំ២០១៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្នើឲ្យអគ្គស្នងការនគរបាលជាតិ លោក នេត្រ សាវឿន ចាត់មន្រ្តីក្រោមឱវាទធ្វើការស៊ើបអង្កេតកំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើស និងប្រមូលភស្តុតាងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែ រហូតមកទល់ពេលនេះ សមត្ថកិច្ចនគរបាលមិនទាន់អាចរកឃាតកដែលសម្លាប់លោក ជា វិជ្ជា បានឡើយ។
លើសពីនេះ នៅឆ្នាំ២០១៥ ក្រោយពីរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីស៊ើបអង្កេតករណីឃាតកម្មលោក ជា វិជ្ជា នៅឆ្នាំ២០១៧ រដ្ឋាភិបាលក៏បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាង ការងារបន្ថែមទៀតដើម្បីស៊ើបអង្កេត ប៉ុន្តែ ចាប់ពីបានបង្កើតគណៈកម្មការទាំងអស់នេះមក លទ្ធផលនៃការស៊ើបអង្កេតឃាតកម្មលើលោក ជា វិជ្ជា នៅតែមិនមានការវិវឌ្ឍអ្វីឡើយមកទល់សព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ឆ្លើយតបថា សមត្ថកិច្ចមិនបានបោះបង់ចោលការស៊ើបអង្កេតលើករណីឃាតកម្មនេះឡើយ ប៉ុន្តែ លោកថា សំណុំរឿងនេះ កំពុងឋិតនៅក្នុងដៃរបស់តុលាការ ហើយនៅពេលតុលាការបង្គាប់មកសមត្ថកិច្ចនគរបាលឲ្យធ្វើការ សមត្ថកិច្ចនឹងធ្វើតាមនីតិវិធីរបស់តុលាការ។
ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធាភ្នំពេញ លោក អ៊ី រិន នៅពេលសាកសួរពីករណីនេះ លោកថា សូមមិនធ្វើអត្ថាធិប្បាយឡើយ ហើយអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបដោយខ្លីនៅថ្ងៃទី២៧មករាថា សំណុំរឿងឃាតកម្មលោក ជា វិជ្ជា កំពុងស្ថិតក្នុងដំណើរការនៃការស៊ើបអង្កេត។
ឃាតកម្មលើលោក ជា វិជ្ជា មិនមែនជាករណីតែមួយគត់ដែលសមត្ថកិច្ចកម្ពុជាមិនទាន់អាចវែកមុខឃាតករ និងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសនោះទេ ប៉ុន្តែ ឃាតកម្មលើមេដឹកនាំសហជីព សកម្មជនបរិស្ថាន និងបុគ្គលសំខាន់ៗដទៃទៀត ក៏មិនទាន់ត្រូវបានវែកមុខឃាតករផងដែរ។
បុគ្គលសំខាន់ៗដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ មាននាដការីរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញ អ្នកស្រី ពិសិដ្ឋ ពិលិកា ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ និងស្លាប់នៅក្នុងមន្ទីរពេទ្យនៅឆ្នាំ១៩៩៩ ហើយតារាចម្រៀងដ៏ល្បីល្បាញ អ្នកនាង ទូច ស៊ុននិច បានរងការបាញ់ប្រហារនៅក្នុងឆ្នាំ២០០៣ ហើយបន្តរស់នៅក្នុងពិការភាពរហូតមកដល់សព្វថ្ងៃនេះ។
លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ដែលជាមេដឹកនាំសហជីព FTUW តាមរោងចក្រនោះ ត្រូវបានបាញ់សម្លាប់នៅក្នុងឆ្នាំ២០០៤ និងឆ្នាំ២០០៧។
ព្រះតេជគុណ សំ ប៊ុនធឿន ត្រូវបានបាញ់ប្រហារ និងសុគតកាលពីដើមឆ្នាំ២០០៣ ហើយឃាតកម្មដ៏កក្រើកចុងក្រោយ គឺការបាញ់ប្រហារទៅលើអ្នកវិភាគនយោបាយដ៏ល្បីល្បាញ លោកបណ្ឌិត កែម ឡី នៅរាជធានីភ្នំពេញទាំងកណ្ដាលថ្ងៃចែស កាលពីខែកក្កដា ឆ្នាំ២០១៦កន្លងមក។
ក្នុងសំណុំរឿងឃាតកម្មចុងក្រោយនេះ មានតែបុរសតែម្នាក់គត់ឈ្មោះ អឿត អាង ដែលអះអាងខ្លួនឯងថាឈ្មោះ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយឃាតកម្មកើតឡើង ហើយបុរសរូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ប៉ុន្តែ គ្មានជនពាក់ព័ន្ធដទៃទៀត ត្រូវបានវែកមុខនោះឡើយរហូតមកដល់បច្ចប្បន្ននេះ។
លោក ហ្វ៊ីល រ៉ូប៊ឺតសុន លើកឡើងថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវក្នុងការស្វែងរកឃាតកពិតប្រាកដដែលបានបាញ់សម្លាប់លោក ជា វិជ្ជា កាលពី ១៦ឆ្នាំមុន។
លោក រ៉ូប៊ឺសុន និយាយថា៖ «ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមន្ត្រីកំពូលក្នុងរដ្ឋាភិបាល លោកទទួលខុសត្រូវដើម្បីធានាថា ឃាតករសម្លាប់លោក ជា វិជ្ជា ត្រូវបានរកឃើញ ហើយយុត្តិធម៌ ត្រូវបានសម្រេចឡើងសម្រាប់គ្រួសាររបស់លោក ជា វិជ្ជា»៕