បណ្ដឹង​ទាស់​របស់​អតីត​បុគ្គលិក​ RFA ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ច្រាន​ចោល​នៅ​ថ្ងៃ​នេះ

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។ រូបភាព៖ ហួត វុទ្ធី

បណ្ដឹង​ទាស់​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​សម្រេច​ច្រាន​ចោល​​នៅ​ថ្ងៃ​នេះ ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ផង​ដែរ។

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និង​លោក អ៊ួន ឈិន បានប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្ដី​សម្រេច​​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ដែល​បាន​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​នូវ​សំណុំ​រឿង​របស់​ពួកគេ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ចារកម្ម​បម្រើ​ឱ្យ​រដ្ឋ​បរទេស​នោះ។

បណ្ដឹង​ជំទាស់​របស់​ពួកគេ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី​២០ ខែមករា ប៉ុន្តែ សាល​ក្រម​នៃ​បណ្ដឹង​ជំទាស់​នេះ ត្រូវ​បាន​លើក​ពេល​មក​ប្រកាស​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ។

ក្រោយ​ចេញ​ពី​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃ​នេះ លោក យាង សុធារិន្ទ បាន​ឱ្យ​ដឹង​ថា សាលា​ឧទ្ធរណ៍​បាន​​សម្រេច​ច្រាន​ចោល​បណ្ដឹង​ជំទាស់​របស់​លោក ដោយ​ចាត់ទុក​សាល​ក្រម​ចាត់​របៀប​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញកាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ថា​ជា​បាន​ការ។

​លោក សុធារិន្ទ បាន​ឱ្យ​ដឹង​ទៀត​ថា សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ចំពោះ​មុខ​រូប​លោក និង​លោក អ៊ួន ឈិន ផ្ទាល់​តែ​ម្ដង។

លោក សុធារិន្ទ បាន​ប្រាប់​ថា រូប​លោក និង​លោក អ៊ួន ឈិន នឹង​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​របស់​ពួក​លោក ដើម្បី​ប្ដឹង​សារទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​​នៅ​ក្នុង​រយៈ​ពេល ១​ខែ​ក្រោយ​ពី​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ។

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ចារកម្ម​បម្រើ​ឱ្យ​រដ្ឋ​បរទេស»។

ការ​ចាប់​ខ្លួន​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ បាន​កើត​ឡើង​ជាង ២​ខែ​ក្រោយ​ពី​វិទ្យុ​អាស៊ី​សេរី​បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​រាជ​​ធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​កាន់​តែ​ខ្លាំង​ពី​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ​២០១៧​នោះ។

អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ឬ​រយៈ​ពេល ៩​ខែ ៧​ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ