មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​ថា សុខភាព​ជនជាតិចិនឆ្លង​វីរុស​កូរ៉ូណាថ្មី​​មាន​សភាព​ធម្មតា

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា បានឲ្យដឹងថា ជនជាតិចិនដែលឆ្លង​វីរុស​កូរ៉ូណាថ្មី និង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ​នោះ មានសុខភាព​ធម្មតា ហើយ​បន្ត​ស្ថិត​ក្រោម​ការ​តាម​ដាន​ពី​សំណាក់​ក្រុ​ម​គ្រូ​ពេទ្យ​កម្ពុជា។

ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជា​លើក​ដំបូង ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​បាន​រក​ឃើញ​ថា វា​បាន​ឆ្លង​ទៅ​បុរស​ជន​ជាតិ​ចិន​មួយ​រូប ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​អ៊ូហាន ​មក​កាន់​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល  លោក លី សូវ៉ាន់ ដែលចុះទៅដល់ខេត្តព្រះសីហនុផ្ទាល់ បាន​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​វ័យ​៦០​ឆ្នាំ​រូប​នោះ មាន​សុខភាពល្អធម្មតា ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់ព្យាបាលផងដែរ។

លោក លី សូវ៉ាន់ ប្រាប់​ថា​៖ «រហូតដល់ម៉ោង ២រសៀលនេះ ទី២៨មករា ឆ្នាំ២០២០ ស្ថានភាពបុរសចិនដែលគាត់មានមេរោគកូរ៉ូណាថ្មីនេះ សុខភាពគាត់ល្អទេ ហើយគ្រូពេទ្យយើងក៏យកចិត្តទុកដាក់ព្យាបាលគាត់»

អ្នកនាំពាក្យរូបនោះ អះអាងថា គិតត្រឹមម៉ោង ២រសៀល​ថ្ងៃនេះ ពុំ​មាន​ករណី​ថ្មី ត្រូវ​បាន​ក្រសួង​សុខាភិបាល​រក​ឃើញ​នោះ​ឡើយ ក្រៅ​ពី​បុរស​ជន​ជាតិ​ម្នាក់​នោះ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ប្រាប់​ថា គ្រូពេទ្យជំនាញបាន​រៀបចំ​កន្លែង​ដាក់​អ្នក​ជំងឺ​ជន​ជាតិចិន​រូប​នោះ ឱ្យ​ស្ថិត​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

លោក ឃាង ភារម្យ ប្រាប់ថា៖ «បច្ចុប្បន្ននេះ អ្នកដែលផ្ទុកមេរោគកូរ៉ូណា​ជាជនជាតិចិនដែលមានអាយុ ៦០ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្ត បានដាក់គាត់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយ ដើម្បីធ្វើការតាមដានអាការៈជំងឺ ​សុខភាពរបស់គាត់បន្តទៀត ហើយបើតាមព័ត៌មានបន្ថែមពីប្រធានមន្ទីរពេទ្យបង្អែកខេត្ត គឺថា ក្រុមគ្រូពេទ្យនៃនាយកដ្ឋានបង្ការជំងឺឆ្លងនៃក្រសួងសុខាភិបាលលោកបានអញ្ជើញមកដល់ហើយ ហើយកំពុងធ្វើការរួមគ្នា ហើយនៅទីតាំងបន្ទប់ដាច់ដោយឡែកក៏មានការហ៊ុំព័ន្ធសៀល ដែលយើងមិនអនុញាតឲ្យប្រជាពលរដ្ឋ ឬអ្នកជំងឺណាផ្សេងចូលទៅកាន់ក្បែរទីតាំងហ្នឹងដែរ ដើម្បីធានានៅផលប៉ះពាល់ផ្សេងៗ»

វេជ្ជបណ្ឌិតនៅមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារឈូកមាស លោក ជូ ចាន់ឬទ្ធិ មានប្រសាសន៍ថា វីរុស​កូរ៉ូណា​ថ្មី អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស និង​ពី​សត្វ​មក​មនុស្ស​ផង​ដែរ ហើយ​លោក​ថា ការ​ផ្ទុះ​ឡើង និង​រីក​រាល​ដាល​នៃ​វីរុស​នេះ ទាមទារ​នូវ​​ការ​ត្រួតពិនិត្យ ការ​ព្យាបាលអ្នកជំងឺដោយភាពអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូរ៉ូណាថ្មីនេះ។

លោក ជូ ចាន់ឬទ្ធិ ប្រាប់ថា៖ «យើងត្រូវមើលឧបករណ៍យើងផង​ថា ឧបករណ៍ហ្នឹងវាចាប់ ឬកុងត្រូលបានល្អ ឬអត់ ឬធ្វើការបានល្អអត់ ហើយគ្រូពេទ្យខ្លួនឯង ក៏ត្រូវការពារខ្លួនដែរ ព្រោះយើងថា នៅប្រទេសចិនមានគ្រូពេទ្យពីរនាក់ បានស្លាប់ដោយសារជំងឺហ្នឹងដែរ មិនមែនមានន័យថា យើងការពារគេ ប៉ុន្តែ ខ្លួនឯងក៏ត្រូវការពារឲ្យបានខ្ពស់ដែរ ជាពិសេសគ្រូពេទ្យគាត់ជាអ្នកប្រឈមមុខផ្ទាល់ជាមួយអ្នកជំងឺហ្នឹងតែម្តង»

វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ បាន​ផ្ទុះ​ឡើង​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​អ៊ូហាន ក្នុង​ខេត្ត​ហ៊ឺប៉ី ប្រទេស​ចិន ហើយ​កំពុង​រីក​រាល​ដាល​បន្ត ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១០៦​​នាក់​ហើយ ខណៈ​ករណី​ឆ្លង​បាន​កើន​ឡើង​លើស ៤ពាន់​ករណី​ហើយ​គិត​ត្រឹម​​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ