អាកាសចរស៊ីវិលកម្ពុជាថា ពុំមានការផ្អាកជើងហោះហើរពីតំបន់ផ្ទុះវីរុសឆ្លងថ្មីនៅចិន

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លើកឡើងថា អាកាសចរណ៍កម្ពុជាពុំមានវិធានការផ្អាកជើងហោះហើរពីទីក្រុងវូហាន ដែលជាតំបន់កំពុងផ្ទុះការរាតត្បាតវីរុសវាយប្រហារផ្លូវដង្ហើមថ្មីនោះទេ ប៉ុន្តែលោកថា អាជ្ញាធរចិនបានធ្វើកិច្ចការនេះដោយខ្លួនឯងហើយ​។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា ប្រាប់ វីអូឌី ឱ្យដឹងនៅរសៀលថ្ងៃនេះថា ចិនបានសម្រេចបិទជើងហោះ​​ហើរចេញពីក្រុងវូហាន និងក្រុងមួយចំនួនទៀតរបស់ខ្លួន ដែលកំពុងកើតមានករណីរីករាលដាលនៃវីរុសនូវែលកូរ៉ូណា២០១៩។

លោកបញ្ជាក់ថា គ្មានជើងហោះហើរពីទីក្រុងនេះមកកម្ពុជាទៀតទេ គិតចាប់ពីថ្ងៃទី២៣ ខែមករា មក ប៉ុន្តែ សម្រាប់ជើងហោះហើរ​ពីកម្ពុជា ទៅវូហាន នៅបន្តមានសម្រាប់ទេសចរណ៍ចិនដែលមកលេងកម្ពុជា ហើយត្រឡប់ទៅប្រទេសពួកគេវិញ។

លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖«ក្នុងការណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលមិនឱ្យយើងបិទផ្លូវហោះហើរដោ​យសារជំងឺឆ្លងទេបាទ។ ប៉ុន្តែ គេហៅថាជាឯកច្ឆន្ទគាត់សម្រេច ចិនគាត់សម្រេចជាឯកច្ឆន្ទដោយគាត់បិទទីក្រុងហ្នឹងមិនឱ្យម​នុស្សចេញចូល។ ចឹងក៏យើងអត់មានFlight [ជើងហោះហើរ] ទៅដែរ។ អត់អីទេ! ប៉ុន្តែ សម្រាប់យើងអត់មានបិទទេ»

វីរុសវាយប្រហារផ្លូវដង្ហើមថ្មី ដែលមានថា “នូវែលកូរ៉ូណាវីរុស” ឬ nCoV2019 បានរកឃើញផ្ទុកលើខ្លួនមនុស្សលើកដំបូងបង្អ ស់នៅលើពលរដ្ឋក្រុងវូហាន នៃខេត្តហ៊ូប៊ី ប្រទេសចិន។  

វីរុសនេះបានសម្លាប់មនុស្សនៅចិនអស់១០៦នាក់ និងមនុស្ស៤ ៥១៥នាក់ផ្សេងទៀត បានរកឃើញ​ថាឆ្លង ហើយមនុស្សជិត៧ពាន់នាក់ទៀតកំពុងរងចាំលទ្ធផល។ នេះបើតាមតួលេខពីគណៈកម្មការសុខភាពចិនចេញផ្សាយថ្ងៃនេះ ដែលត្រូវបានសារព័ត៌មាន CNA យកមកចុះផ្សាយ។

តាមប្រភពដដែល គិតត្រឹមថ្ងៃម្សិលមិញ នូវែលកូរ៉ូណាវីរុសត្រូវបានរកឃើញ៦៥ករណី ក្នុងក្រុង និងប្រ​ទេ​ស១៨ រួមមាន ហុងកុង ថៃ ម៉ាកាវ អូស្រ្តាលី សិង្ហបុរី តៃវ៉ាន់ សហរដ្ឋអាមេរិក ជ៉បុន ម៉ាឡេស៊ី កូរ៉េខាងត្បូង បារាំង កាណាដា វៀតណាម កម្ពុជា អាល្លឺម៉ង់ នេបាល់ និងស្រីលង្កា។

សិង្ហបុរី អាមេរិក រ៉ុស្សី ហ្វីលីពីន អាល្លឺម៉ង់ និងវៀតណាម ជាដើម បានប្រកាសរឹតវីសារ ឬផ្អាកជើងហោះហើររបស់របស់អ្នកដំណើរមកពីខេត្តហ៊ូប៊ី ដើម្បីបញ្ជៀសការរាតត្បាតរបស់វីរុសឆ្លង។ នេះយោងតាមប្រភពពីសារព័ត៌មានបរទេសផ្សេងៗចេញផ្សាយនៅថ្ងៃនេះ។

​ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណី​ឆ្លង​វីរុស​កូរ៉ូណាថ្មី​លើក​ដំបូង​ លើខ្លួនទេសចរជនជាតិចិនវ័យ៦០ឆ្នាំមកពីក្រុងវូហាន ចូលកម្ពុជាតាមព្រលានយន្តហោះខេត្តព្រះសីហនុ ជាមួយសមាជិកក្រុមគ្រួសារ៤នាក់ ហើយលោកកំពុងត្រូវបានដាក់ឱ្យឋិតក្រោមការតាមដាននៅបន្ទប់ដាច់ដោយឡែក​នៅមន្ទីរពេទ្យបង្អែកខេត្ត។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់វីអូឌីឱ្យដឹងនៅរសៀលថ្ងៃនេះថា ខាងក្រសួងកំពុងតាមដានអ្នកជាប់ស​ង្ស័យបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺតាមយន្តការដែលមានស្រាប់។

លោក លី សូវ៉ាន់ មានប្រសាសន៍ថា៖«យើងរកឃើញពួកគាត់អស់ហើយ ហើយរហូតពេលនេះគឺ យើងកំពុងតាមដានសុខភា​ពពួកគាត់ ហើយរហូតពេលនេះ ទាំងអ្នកជិះយន្តហោះជាមួយគាត់ ទាំងអ្នកប៉ះពាល់ដែលគាត់ធ្វើដំណើរស្នាក់នៅតាមស​ណ្ឋាគារ ផ្ទះសំណាក់ ឬទៅទីតាំងកន្លែងណា​ហ្នឹង យើងមិនទាន់រកឃើញអ្នកផ្សេងដែលមានចេញរោគសញ្ញាជំងឺនៅឡើយទេ»។​​

លោកបន្ថែមថា រហូតមកទល់រសៀលម៉ោង៣ថ្ងៃនេះ នៅកម្ពុជាពុំទាន់រកឃើញមានករណីសង្ស័យនៃវីរុសឆ្លងនេះលើនរណាម្នាក់ផ្សេងទេ  ហើយខាងក្រសួងដែលមានមន្រ្តីជាង២០០០នាក់ កំពុងស្វែងរកអ្នកដំណើរមកពីប្រទេសចិនទាំងអស់ដែលចូលមកកម្ពុជាអំឡុង១៤ថ្ងៃមុន ដើម្បីតាមដានករណីផ្ទុកវីរុសថ្មីនេះ។

យោងតាមរបាយការណ៍ផ្តល់ដោយអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា គិតត្រឹមថ្ងៃទី២០ដល់ថ្ងៃទី២៣ខែមករា កម្ពុជាទទួលអ្នកដំណើរពីក្រុងវូហានតាមច្រកព្រលានយន្តហោះខេត្តព្រះសីហនុ និងសៀមរាបសរុបចំនួន៣០៦នាក់។

អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យប្រទេសនានាបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសម​ត្ថភាពរបស់ខ្លួនក្នុងការត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសដែលបង្កជំងឺរលាកសួតថ្មីនេះ ខណៈការរាតត្បាតបន្តកើនឡើងជាលំដាប់។

នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែមករាថា ការត្រៀមលក្ខណៈជាមុនគឺជាគន្លឹះក្នុងការទប់ស្កាត់ការរីករាលដាល ហើយថា អង្គការ WHO រងចាំផ្តល់ការប្រឹក្សាលើកិច្ចការនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ