រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ធ្វើទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសតួកគី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ។
យោងតាមទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិតួកគី លោក ហ៊ូលូស៊ី អាការ៍ (Hulusi AKAR)។
អ្នកនាំពាក្យរងក្រសួងការពារជាតិ លោក អ៊ុន សុវណ្ណ ប្រាប់VODថា ប្រតិភូអមលោក ទៀ បាញ់ ទៅតួកគីនេះគឺមានចំនួន១៩នាក់ដែលសុទ្ធតែជាមន្ត្រីយោធាជាន់ខ្ពស់របស់ក្រសួង ដើម្បីពិភាក្សាការងារលើការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានទេថា នឹងមានកិច្ចព្រមព្រៀងណាខ្លះដែលនឹងចេញនៅពេលបញ្ចប់ទស្សនកិច្ចនេះនៅឡើយទេ។
លោក អ៊ុន សុវណ្ណ៖ «ចំពោះរឿងនេះ (កិច្ចព្រមព្រៀង) ខ្ញុំមិនបានទទួលព័ត៌មានអីដែរ ដូច្នេះ ខ្ញុំមិនហ៊ានអធិប្បាយអីបន្ថែមទេ»។
ក្រោយពីសម្រេចបិទសាលាហ្សាម៉ាន់តាមរយៈការស្នើសុំរបស់តួកគី និងបើកស្ថានទូតខ្លួននៅទីក្រុងអង់ការ៉ា ក្នុងឆ្នាំ២០១៨ ទំនាក់ទំនងប្រទេសកម្ពុជា និងតួកគី ឃើញថា មានទំនាក់ទំនងកាន់តែខ្លាំងក្លាឡើង តាមរយៈការធ្វើទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់នៃកម្ពុជាទៅប្រទេសនេះ។
អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental នៅសហរដ្ឋអាមេរិក លោក អៀ សុផល ឱ្យVODដឹងថា ទំនាក់ទំនងកម្ពុជា និងតួកគី បានបង្កើតឡើង ដោយសារតែប្រទេសទាំងពីរមានចំណុចរួមដូចជា ការរំលោភសិទ្ធមនុស្ស ភាពផ្ដាច់ការ និងបំផ្លាញប្រជាធិតេយ្យ។
លោកសរសេរថា៖ «មនុស្សដូចគ្នាតែងរត់រកគ្នា។ ការរិះគន់ពីពិភពលោកបានជម្រុញឱ្យពួកគេកាន់តែដើរជាមួយគ្នា។ មីយ៉ាន់ម៉ា ក៏បានដើរផ្លូវជាមួយកម្ពុជាដែរ។ វាគឺជាសម្ព័ន្ធមិត្តរបស់ពួកផ្ដាច់ការ នៅពេលដែលប្រទេសដែលរវល់ក្នុងការបំពានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅជាមួយគ្នានោះ»។
ទំនាក់ទំនងកម្ពុជា-តួកគី ធ្លាប់ឈានដល់ចំណុចចម្រូងចម្រាសមួយរយៈ បន្ទាប់ពីរដ្ឋាភិបាលតួកគីបានទាមទារមករដ្ឋាភិបាលកម្ពុជា ឱ្យបិទសាលារៀនហ្សាម៉ាន់ ដោយថា សាលានេះមានជាប់ពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារយោធាដ៏បង្ហូរឈាមកាលពីឆ្នាំ២០១៦ ប៉ុន្តែ កម្ពុជាបដិសេធ។
ទោះជាយ៉ាងណា ស្ថានភាពនេះ បានប្រែប្រួលវិញក្រោយកម្ពុជារំលាយបក្សប្រឆាំងចោលនៅចុងឆ្នាំ២០១៧ និងការបោះឆ្នោតដោយចម្រូងចម្រាសនៅឆ្នាំ២០១៨ ក្រៅពីកម្ពុជាយល់ព្រមបិទសាលាហ្សាម៉ានហើយនោះ នៅខែតុលាឆ្នាំ២០១៩ ពីរខែក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើទស្សនកិច្ចនៅប្រទេសនេះ កម្ពុជាក៏ចាប់បញ្ជូននាយកសាលាហ្សាម៉ាន់ គឺលោក អូស្មាន់ ការាខា ទៅឱ្យតួកគីផងដែរ៕