សាលារៀនមួយចំនួនបិទទ្វារ និងខ្លះទៀតរឹតបន្តឹងត្រួតពិនិត្យសុខភាពសិស្សបារម្ភឆ្លងមេរោគកូរ៉ូណា

សកម្មភាពត្រួតពិនិត្យកម្ដៅខ្លួនរបស់សិស្សនីមួយៗនៃសាលា Southbridge International School Cambodia ខណៈមានការផ្ទុះជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា។ (ហ្វេសប៊ុក Southbridge International School Cambodia)

សាលារៀនមួយចំនួននៅភ្នំពេញផ្អាកដំណើរការ និងខ្លះទៀតរឹតបន្តឹងការត្រួតពិនិត្យសុខភាពសិស្ស ដោយបារម្ភពីស្ថានភាពមេរោគកូរ៉ូណាថ្មីរាលដាលពីប្រទេសចិនឆ្លងទៅដល់សិស្ស។​

សាលាបង្រៀន SOUTHBRIDGE INTERNATIONAL SCHOOL CAMBODIA បានជូនដំណឹងទៅអាណាព្យាបាលសិស្សទាំងអស់ថា សាលាបិទទ្វារមិនបង្រៀនសិស្សចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃ២៨ ខែមករានេះ ដើម្បីបង្រៀនបុគ្គលិកឱ្យចេះពីវិធីសាស្ត្រការពារមេរោគឆ្លងឈ្មោះ កូរ៉ូណាថ្មី ខណៈជំងឺនេះកំពុងរាលដាលលើបណ្តាប្រទេសមួយចំនួន ហើយបានសម្លាប់មនុស្សជាបន្តបន្ទាប់។

បុគ្គលិកផ្នែកអ្នកទទួលភ្ញៀវនៅសាលា SOUTHBRIDGE INTERNATIONAL SCHOOL CAMBODIA លោក លី មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតថា ដើមចមដែលនាំឱ្យសាលាផ្អាកដំណើរការនេះ​ ដោយសារ សាលាត្រូវបង្រៀនបុគ្គលិកឱ្យចេះពីវិធីសាស្ត្រទប់ស្កាត់កុំឱ្យសិស្សឆ្លងមេរោគកូរ៉ូណាថ្មីនោះ។

លោកមានប្រសាសន៍ថា៖ «គាត់គ្រាន់តែប្រាប់ថា បង្ហាត់គ្រូឱ្យចេះបង្រៀនកូនសិស្ស ឱ្យចេះលាងដៃ យកក្រដាសខ្ទប់នៅមាត់ ហើយលាងដៃជាមួយសាប៊ូ»។

ចំណែក សាលាអន្តរជាតិ ជីនៀស កាលពីម្សិលមិញនេះ បានចេញសេចក្តីប្រកាសប្រាប់ទៅអាណាព្យាបាលសិស្សថា មិនទទួលយកសិស្សដែលមានអាការៈក្តៅ ជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ឬមានអាការៈខុសប្រក្រតី ឱ្យចូលរៀនទេ ដើម្បីការពារកុំឱ្យឆ្លងរាលដាលជំងឺរលាកសួតដោយវីរ៉ុសកូរ៉ូណាថ្មីនេះនោះទេ។

សេចក្តីជូនដំណឹងក៏បានប្រាប់ពីវិធីការពារកុំឱ្យឆ្លងជំងឺកូរ៉ូណាថ្មីនេះថា កុមារទាំងអស់ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយទឹកនឹងសាប៊ូ ឬអាល់កុលហ្សែល គួរចៀសវាងចូលរួមសកម្មភាពក្នុងហ្វូងមនុស្សតាមកន្លែងសាធារណៈ ឬប៉ះពាល់ ឬនៅក្បែរអ្នកជំងឺផ្លូវដង្ហើមស្រួច ឬជំងឺផ្តាសាយធំ ឬសត្វនានា និងពាក់ម៉ាស់ការពារនៅព្រលានយន្តហោះ មន្ទីរពេទ្យ ឬទីសាធារណៈដែលមានមនុស្សច្រើនជាដើម។

នាយកសាលាអន្តរជាតិ ជីនៀស លោក ស្សី វិន មានប្រសាសន៍ថា ចាប់តាំងពីសាលារបស់លោកបើក៧ឆ្នាំមកហើយ តែងតែជូនដំណឹងឪពុកម្តាយ ឬ​អាណាព្យាបាល កុំឱ្យយកកូនមករៀននៅពេលដែលពួកគេមានជំងឺ។ ប៉ុន្តែ លោកថា កាលពីម្សិលមិញនេះ សាលាបានក្រើនរំឮកជាថ្មីទៅអាណាព្យាបាលសិស្សទាំងអស់ កុំយកកូនមករៀននៅពេលមានជំងឺ ឬក្តៅខ្លួន ជាដើម។

ការប្រកាសនេះស្របពេលដែលជំងឺកូរ៉ូណាថ្មីបានសម្លាប់មនុស្សជាច្រើននាក់នៅបណ្តាប្រទេសផ្សេងៗ។

នាយកសាលារូបនោះបញ្ជាក់ថា ការត្រួតពិនិត្យសិស្សមុនពេលចូលរៀន ដើម្បីការពារកុំឱ្យឆ្លងជំងឺដល់សិស្សដទៃទៀត។

លោកមា​នប្រសាសន៍ថា៖ «ឪពុកម្តាយគេ [សិស្ស] មិនទុកចិត្តយើងទេ កាលណាកូនគេមករៀនឆ្លងពីអ្នកដទៃ វាជាវិធានការទប់ស្កាត់ ហើយឪពុកម្តាយរបស់គេក៏ពេញចិត្ត ធម្មតាក៏ទុកចិត្តដែរ ធម្មតាកូនគេឈឺក៏គេមិនយកមកដែរ គ្រាន់តែជាការរំឮកឱ្យឪពុកម្តាយយកចិត្តទុកដាក់ពិនិត្យលើរោគសញ្ញាកូនរបស់គាត់ មុនពេលមករៀន»។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ថា មិនទាន់រកឃើញមេរោគនេះកើតនៅក្នុងទឹកដីកម្ពុជានៅឡើយ។ ប៉ុន្តែ លោកថា ក្រសួងក៏បានដាក់គ្រូពេទ្យចុះពិនិត្យនៅព្រលានយន្តហោះ នៅពេលជនបរទេស និងជនជាតិខ្មែរធ្វើដំណើរចូលទឹកដីកម្ពុជា ដើម្បីទប់ស្កាត់ កុំឱ្យពួកគេទាំងនោះនាំមេរោគកូរ៉ូណាថ្មី ឆ្លងប្រជាពលរដ្ឋខ្មែរនៅកម្ពុជា។

អ្នកនាំពាក្យរូបនោះ អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់មានជំងឺឆ្លងថ្មីនេះ ត្រូវចេះមានអនាម័យខ្លួនឯង ទើបមិនមានជំងឺឆ្លងនេះបាន។

លោកអំពាវនាវថា៖ «អ្នកដែលមានកណ្តាស ឬក្អក ត្រូវតែពាក់ម៉ាស់ ហើយត្រូវឧស្សាលាងដៃជាមួយសាប៊ូ និងទឹក»។

រីឯអ្នកនាំពាក្យក្រសួងអប់រំ លោក ឌី ខាំបូលី បានប្រសាសន៍ថា ក្រសួងមិនបានជូនដំណឹងឱ្យសាលាបង្រៀនបិទទ្វារ ដើម្បីបង្រៀនវិធីការពារទប់ស្កាត់ជំងឺកូរ៉ូណាថ្មីនោះទេ។ លោកបន្តថា សាលាដែលបិទទ្វារនឹងប្រឈមមុខផ្នែកវិន័យ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរនៅមន្ទីរអប់រំរាជធានីខេត្ត ការិយាល័យអប់រំ ក្រុង ស្រុក ខណ្ឌ ត្រូវមានវិធានការ ពីព្រោះក្រសួងអត់ទាន់បានចេញសេចក្តីណែនាំណាមួយទាក់ទងនឹងរឿងហ្នឹងទេ សាលាត្រូវដំណើរការជាប្រក្រតី»។

គួរបញ្ជាក់ថា ជំងឺរលាកសួតប្រភេទថ្មី ដោយវីរុសកូរ៉ូណា (2019-nCov) នេះ បានសម្លាប់មនុស្សជិត១០០នាក់ហើយ គិតត្រឹមរសៀលថ្ងៃចន្ទនេះ។ ចំណែក អ្នកឆ្លងវីរុសនេះបានកើនឡើងបន្តបន្ទាប់ទាំងនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសមួយចំនួនទៀត៕​  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ