និស្សិតខ្មែរនៅចិនបារម្ភពីសុវត្ថិភាពខណៈកូរ៉ូណាវីរុសកំពុងរាតត្បាតខ្លាំង

បុគ្គលិកសុខាភិបាលចិន​កំពុងពិនិត្យកម្តៅ​ពលរដ្ឋរកមើលកូរ៉ូណាវីរុសនៅក្បែរទូដកប្រាក់ក្នុងក្រុងវូហាន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ (រូបភាពផ្តល់ឳ្យដោយនិស្សិតខ្មែរកំពុងសិក្សានៅទីក្រុងវូហាន)

និស្សិតខ្មែរដែលកំពុងសិក្សានៅបណ្តាខេត្ត និងរដ្ឋធានីមួយចំនួន​ក្នុងប្រទេសចិន បង្ហាញ​ក្តី​ព្រួយបារម្ភ​ពីការឆ្លងកូរ៉ូណាវីរុស ខណៈមេរោគ​នេះកំពុងវាយប្រហារ និងរីករាលដាលយ៉ាងលឿន​ក្នុង​ប្រទេសមហាអំណាចមួយនេះ។

គិតត្រឹម​ម៉ោង៨ព្រឹកថ្ងៃអាទិត្យនេះ​ អ្នកដែល​ឆ្លង​កូរ៉ូណាវីរុសនេះកើនដល់២០០៤នាក់ ខណៈអ្នកស្លាប់​កើន ដល់ ៥៦នាក់។ តាម​ការចុះផ្សាយរបស់​VOA ក្នុងប្រទេសចិន អ្នកឆ្លងវីរុស ដ៏កាចសាហាវនេះកើនឡើង រហូតដល់​១៩៧៥នាក់ និងអ្នកស្លាប់​​ទាំង៥៦នាក់​សុទ្ធតែនៅចិន។ ​កូរ៉ូណាវីរុស កំពុង​រាតត្បាត​គ្រប់​ខេត្តនិងរដ្ឋធានី​ទាំងអស់​របស់​ចិនលើកឡើង​តែតំបន់ស្វយ័តទីបេមួយប៉ុណ្ណោះដែល​ពុំ​ទាន់មានសេចក្តីរាយការណ៍ណាមួយពី​ការឆ្លងនៃវីរុសមួយនេះ។

និស្សិត ​កង សៅរ៍រស្មី កំពុងសិក្សាត្រៀម​ភាសាចិន​នៅសាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ​នា​រដ្ឋធានី​ប៉េកាំង លើកឡើងថា ក្រោយផ្ទុះ​កូរ៉ូណាវីរុស បុគ្គលិកសាកលវិទ្យល័យ​របស់ខ្លួន បាន​តាមដាន​និងសួរនាំពី​​អាការៈរបស់និស្សិតដែល​កំពុងស្នាក់នៅក្នុង​អន្តេរវាសិកដ្ឋាន​ជាទៀតទាត់។ សៅរ៍រស្មី ថាខ្លួន និងនិស្សិតខ្មែរ៧នាក់​ផ្សេងទៀតដែល​កំពុងស្នាក់នៅក្នុងសាលាពេល​វិសមកាល​នេះ មានការភិតភ័យ​យ៉ាងខ្លាំងពី​ការចម្លងយ៉ាងលឿន​នៃកូរ៉ូណាវីរុសនេះ។

សៅរ៍រស្មី  និងមិត្តភ័ក្ររួមសាលា​ថាចង់ត្រលប់​មកប្រទេសកម្ពុជាមួយរយៈវិញ​ដែរ តែបារម្ភខ្លាចនៅពេល​ដែល​ទៅ​ព្រលានយន្តហោះ​ខ្លួនអាចឆ្លងមេរោគដ៏កាចសាហាវនេះ។

សៅរ៍រស្មី និយាយថា៖«និយាយទៅខ្លាចម៉ងបង ហើយពីមួយថ្ងៃទៅមួយថ្ងៃវារហ័សអញ្ចឹង។ ហើយឥឡូវ​ថាចង់​ទៅ​ផ្ទះ​​ដែរ តែខ្លាចនៅព្រលាន​ជួបមនុស្សច្រើន ខ្លាចឆ្លង។»

បើតាម​យុវនិស្សិត សៅរ៍រស្មី សាកលវិទ្យាល័យរបស់គាត់ ហាម​មិនឲ្យចេញ​ក្រៅបន្ទប់នោះទេ ប្រសិន​បើមិន​មានការចាបាច់។

តាមការចុះ​ផ្សាយ​របស់​សារព័ត៌មាន​ South China Morning Post គិតត្រឹម​ថ្ងៃសៅរ៍ម្សិលមិញ​ អ្នកដែល​ឆ្លងកូរ៉ូណាវីរុសក្នុងរដ្ឋធានីប៉េកាំងមានចំនួន​៥១ករណី។

និស្សិតម្នាក់​ទៀតកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់​នៅសាកលវិទ្យាល័យសិក្សាអន្តរជាតិប៉េកាំង កញ្ញា សំ បូរី  ឲ្យដឹងថាចាប់តាំងមាន​ការផ្ទុះ​កូរ៉ូណាវីរុស សភាព​ជុំ​វិញ​សាលា​ដែល​ធ្លាប់តែអ៊ូរអរជាពិសេស​នៅពេល​បុណ្យចូលឆ្នាំចិន បែរជាមាន​ភាពស្ងាត់ជ្រងំ​។ និស្សិតរូបនេះ ថា​ខ្លួនមិនហ៊ាន​ចេញក្រៅនោះទេ សូម្បី​តែទៅផ្សារ​ទៅម្ហូប​ក៏បារម្ភខ្លាចមិនចង់ទៅដែរ។

កញ្ញា បូរី និយាយថា៖«ម្ហូបខ្ញុំ​ទិញ​ទុកមុនផ្ទុះ​រឿងថ្មីៗ។ ទៅមុនហ្នឹងបាន​ពីរថ្ងៃ  ចឹងទិញទុកបាន​២អាទិត្យដែរ។ ឥលូវអត់ហ៊ានទៅណាទេ។»

បូរី ថាគាត់មានគម្រោងមកប្រទេសវិញនៅខែមីនាខាងមុន ប៉ុន្តែបារម្ភពីសុវត្ថិភាព​ខ្លួន​នៅពេល​ដែល​ទៅព្រលាន​យន្តហោះ​ដែល​មាន​មនុស្សមកពីគ្រប់តំបន់​​ទាំងអស់​នៃប្រទេសចិន។

បន្ថែម​លើការបញ្ហានៃព្រួយបារម្ភនៃការឆ្លងវីរុសកូរ៉ណាដ៏សាហាវនេះ និស្សិត​ ក៏ជួបប្រទះ​នូវបញ្ហាមួយចំនួន​ទៀតផងដែរដូចជាបញ្ហាម្ហូបអាហារ និងកង្វះខាតម៉ាសការពារជាដើម។

បើតាម​កញ្ញា បូរី ផ្សារមួយចំនួនក្បែរសាលារបស់កញ្ញា ​បើកតែមួយព្រឹក​ប៉ុណ្ណោះ ហើយទំនិញ បន្លែបង្ការ​ដែល​ដាក់លក់​ភាគច្រើនជារបស់នៅសល់មិនមាន​ថ្មី​នោះទេ។ និស្សិតបញ្ញាប័ត្រជាន់ខ្ពស់​ផ្នែកគណនេយ្យឆ្នាំទី២​រូបនេះ កត់សម្គាល់ថាម៉ាសសម្រាប់ពាក់ការពារដែល​ដាក់​លក់​នៅផ្សារក៏អស់រកទិញសឹងមិនបានដែរ។ បូរី បន្ថែម​ទៀត​ថាតម្លៃម៉ាសក្នុងមួយដុំ​ដែល​កាលពីមុនថ្លៃប្រហែល​តែ២០យ័ន( ប្រហែល​៣ដុល្លា) តែពេល​នេះឡើង​ដល់​​ជិត១០០យ័ន(ប្រមាណជា១៥ដុល្លា)។

និស្សិតម្នាក់​ទៀតដែលកំពុងសិក្សានៅសាកលវិទ្យាល័យធាន​ជីង នាក្រុងធានជីន ក្បែររដ្ឋធានី​ប៉េកាំង ក៏មាន​ការព្រួយបារម្ភពីការឆ្លងនៃកូរ៉ូណាវីរុសមិនចាញ់​និស្សិតប៉េកាំងប៉ុន្មានដែរ។

និស្សិត សោម ពេជ្រដូល្លារ និយាយថាមិន​ហ៊ាន​ចេញ​ទៅណាក្រៅពីបន្ទប់ និងបរិវេណ​ក្នុងសាលាណា​នោះទេ។ និស្សិតរូបនេះ​ថា​កាលពីមុនខ្លួន​អាចទិញម្ហូបដោយកុម្ម៉ង់តាម​អនឡាញ​តែពេល​នេះមិនហ៊ាន​ធ្វើបែបនោះទៀត​ព្រោះ​បារម្ភ​ខ្លាច​ឆ្លងវីរុសពីអ្នកដឹកម្ហូបយកមកឲ្យនោះ។

ពេជ្រដូល្លារ ប្រាប់ថា៖«អ្នកដឹកជញ្ជូនម្ហូបមកដល់កន្លែងហ្នឹង​ គឺជិះម៉ូតូខ្វាត់ខ្វែង អ៊ីចឹងខ្ញុំ​បារម្ភថា​បើទៅយក​ម្ហូប​ចឹង​អាចឆ្លងពីពូកគាត់អីដែរ។​»

បើតាមពេជ្រដូល្លារ សាកលវិទ្យាល័យរបស់ខ្លូនក៏មាន​បុគ្គលិក​មកសួរសុខទុក្ខ និងអាការៈរបស់និស្សិតជា​ប្រចាំ​ផងដែរ​ជាពិសេសរំលឹក​ឲ្យពួកគេធ្វើ​ការសំអាតដៃឲ្យបានញឹកញាប់។ និស្សិតរូបនេះបន្តថា​ក្រៅពីសាលា​​ សមាគមនិស្សិតខ្មែរនៅចិន ក៏បាន​យកចិត្តទុកដោយប្រាប់ពីវិធីសាស្រ្តការពារខ្លួន និងសូរនាំជាប្រចាំផងដែរ។

និស្សិតនៅសាកលវិទ្យាល័យក្នុងក្រុងវូហាន ដែលជា​ប្រភព​កូរ៉ូណាវីរុស ហើយជាតំបន់​ដែល​កំពុងរាតត្បាតខ្លាំង បានបង្ហាញ​ខ្លាំងបារម្ភរបស់ខ្លួន​លើសនិស្សិតនៅរដ្ឋធានី​ប៉េកាំង និង ក្រុងធានជីងមួយកម្រិតទៀត។

និស្សិត ចាន់​ថន រស្មី កំពុងសិក្សាថ្នាក់​បរិញ្ញាប័ត្រវិស្វកម្ម​មេកានិចនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេ​ក​វិទ្យា ​Huazhong នៃទីក្រុងវូហាន ប្រាប់ថាដោយតែមានការបារម្ភពីការឆ្លងនៃកូរ៉ូណាវីរុស គាត់ និងមិត្តភ័ក្រ បាន​ទិញសំបុត្រយន្តហោះ​​ថា​នឹង​ចាកចេញ​ពីទីក្រុងវូហាន​នៅថ្ងៃទី​២៤ ខែមករា ប៉ុន្តែ​មិនទាន់​ដល់​ពេល​ចេញ​មក​ផងរដ្ឋាភិបាល​ចិនបាន​ប្រកាសបិទជើងហោះ​ហើរចេញ​ពីតំបន់​នេះបាត់​ទៅហើយ។

រស្មី លើកឡើងថា៖«មុនហ្នឹងរដ្ឋាភិបាលចិនប្រកាសបិទក្រុងវូហាន ឬព្រលាន​យន្តហោះ​ហ្នឹង ខ្ញុំ​បាន​ទិញសំបុត្រយន្តហោះរួចហើយគឺតាមគម្រោងគឹនឹងហោះចេញ​ពីទីក្រុងវូហាន​នៅថ្ងៃទី២៤ (ខែមករា) នៅវេលាម៉ោង៧ កន្លះព្រឹក។ ប៉ុន្តែជាអកុសលបន្ទាប់ពី​យើងទិញសំបុត្រយន្តហោះហើយ ស្អែក​ឡើងរដ្ឋាភិបាល​ចិន បាន​ប្រកាសបិទព្រលាន​យន្តហោះតែម្តង។ អ៊ីចឹងហើយយើងធ្វើឲ្យយើងមានការកត់ស្លត់។»

បើតាមរស្មី ក្រោយពីក្រុងវូហានត្រូវបាន​បិទ បញ្ហាធំមួយទៀតសម្រាប់និស្សិតខ្មែរនៅទីនោះ​គឺបញ្ហាម្ហូបបរិភោគ​ប្រចាំថ្ងៃ​។ និស្សិតរូបនេះ បន្តថា​គាត់បាន​ទិញម្ហូបមកទុកខ្លះ ហើយមាន​ម្ហូបមួយចំនួន​ដូចជាត្រីងៀត សាច់​គោងៀត​ដែល​យក​ទៅពីប្រទេសកម្ពុជា។

រស្មី ថារហូតមកដល់ពេលនេះស្ថានទូតខ្មែរហាក់មិនទាន់មា​នចំណាត់​ការណាមួយដើម្បីជួយពួកគេដែលកំពុង​ជាប់ក្នុងក្រុងវូហាន​នៅឡើយទេ ក្រៅពីតែការផ្តែផ្តាំតាម​រយៈសមាគមនិស្សិតឲ្យ​ពួកគេថែទាំខ្លួន ថែរក្សាសុខភាព និងប្រយ័ត្នប្រយែង​ជាងមុន។ បើតាមរស្មី និស្សិតខ្មែរដែលកំពុងស្នាក់​នៅក្នុងក្រុងវូហានមាន​ចំនួន​២០នាក់។

ដោយបារម្ភពីសុវត្ថិភាពរបស់ខ្លួន និងមិត្តភក្ររស្មី សំណួមពរទៅស្ថានទូតនិងរដ្ឋាភិបាល​កម្ពុជា​ជួយសម្រប​សម្រួល​​យកពួកគេចេញពីក្រុងវូហាន ដើម្បីបញ្ចៀសពីកូរ៉ូណាវីរុសនេះ។

រស្មី លើកជាសំណើរថា៖«បើសិនជាស្ថានភាពនៃជំងឺនេះវិវត្តន៍កាន់តែគ្រោះថា្នក់ទៅៗ គឺខ្ញុំ​បាទក៏ដូចជាជំនួសមុខ​ឲ្យនិស្សិតដែល​សិក្សានៅទីក្រុងវូហាន​ ដែលកំពុងជាប់គាំងនៅទីក្រុងវូហាន​នេះទាំងមួល សំណូមពរឲ្យរាជ​រដ្ឋាភិបាល ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន មេត្តាជួយគិតគូរក៏ដូចជាយក​ចិត្តទុកដាក់ ចំពោះ​ពួកយើង​ខ្ញុំផង។ ហើយជាជំនួយនោះ​បើសិនជាអាចគឺពូកយើងចង់ឲ្យគាត់ជម្លៀសនិស្សិតខ្មែរ ទាំងអស់​ ដែល​នៅ​ក្នុងទីក្រុងវូហាននេះ ចាកចេញពីទីក្រុងវូហាន ហើយវិលត្រលប់​ទៅកាន់ប្រទេសកម្ពុជាវិញ។»

ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន លោក ណុប វាសនា អះអាងថា​សមាគមតាមដាន​ករណីការរីករាល​ដាលនៃកូរ៉ូណាវីរុសនេះដោយយកចិត្តទុក។

លោក ណុប វាសនា ថ្លែងថា៖«ខ្ញុំ​តែងតែតាមដានសូរនាំពួកគេ(និស្សិតខ្មែរនៅប្រទេសចិន) ក៏ដូចជាពីស្ថានទូតចិ​ននៅកម្ពុជាផងដែរ។»

បើតាមលោក ណុប វាសនា និស្សិតកម្ពុជានៅប្រទេសចិនមានចំនួន២៤៩៩ ហើយត្រលប់មកលេងមាតុ​ប្រទេសវិញ​ក្នុងពេល​វិសម​កាលនេះប្រហែល​៥០ទៅ៦០ភាគរយ ដែលមានន័យថា​និស្សិត​ជាង​១០០០នាក់​ទៀតកំពុងតែមានវត្តមានៅក្នុងប្រទេសចិននាពេលនេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​លោក កុយ គួង អះអាងក្រសួងការបរទេសតែងតែត្រៀម​លក្ខណៈជានិច្​ចក្នុងការជួយ​ដល់​និស្សិតក៏ដូចជាពលរដ្ឋខ្មែរទូទៅដែល​កំពុងរស់នៅប្រទេសចិន។ លោក ថា​ទាំងស្ថាន​ទូតខ្មែរ​ប្រចាំ​​រដ្ឋធានីប៉េកាំង និង​កុងស៊ុល​នៅតាម​បណ្តាខេត្តតែងតែយកចិត្តទុកដាក់​ទាក់ទងជាប្រចាំជាមួយ​ពួកគេ ហើយប្រសិន​បើ​ពួកគេមាន​បញ្ហាអាចទំនាក់​ទំនងទៅមន្រ្តីទាំងនោះបាន។

បន្ថែម​លើ​នេះ លោក កុយ គួង ក៏អំពាវនាវឲ្យក្រុមនិស្សិតដែល​កំពុងស្នាក់​ប្រទេសចិន​ទាំងនោះ ត្រូវចេះ​ប្រុង​ប្រយ័ត្នដោយ​ខ្លួន​ឯងដែរ។

លោក កុយ គួយ មានប្រសាសន៍ថា៖«ហើយកន្លងមកគាត់ត្រូវដឹងខ្លួនឯងច្បាស់ហើយថាកន្លែងណាដែលមាន​គ្រោះថ្នាក់គឺគាត់កុំសូវទៅតំបន់ហ្នឹងអី ។ ហើយបើយើងចៀសៗទៅកុំសូវដើរលេង ដើររហេតរហូតច្រើនពេក​អាហ្នឹងក៏​កាត់​បន្ថយដែរ។ គាត់ត្រូវដឹងខ្លួន​ឯងហើយថា​គាត់​ជានិស្សិតណា។ ដូចខ្ញុំ​បានបញ្ជាក់ចឹង​គាត់មាន​ការអីគាត់​​គឺថាតំណាងកម្ពុជានៅហ្នឹងមានច្រើនណាស់។»

កូរ៉ូណាវីរុស​  ត្រូវបានរកឃើញផ្ទុកនៅខ្លួនមនុស្សមុនដំបូងបង្អស់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ