ភរិយា​លោក ហេង សំរិន ទទួល​បាន​ការ​ប្រទាន​​​គោរម​ងារ​«សម្ដេច»​ពី​ព្រះរាជា

លោក ហេង សំរិន និង​ភរិយា ស្រង់​ទឹក​ និង​បូជា​ផ្កា​ចំពោះ​ពុទ្ធ​រូប​ក្នុង​ពិធី​ភ្ជុំ​បិណ្ឌ​នៅ​វត្ត​មួយ​ស្ថិត​នៅ​ឯ​ភូមិ​កំណើត ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩ (SDPNA)

ភរិយា​ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រទាន​គោរម​ងារ​ «សម្ដេច» ដែល​ធ្វើ​ឱ្យ​ឥស្សរជន​កម្ពុជា ១០​រូប​ហើយ បាន​ទទួល​ងារ​ដ៏​ខ្ពង់​ខ្ពស់​នេះ​ចាប់​តាំង​ពី​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ភរិយា​លោក ហេង សំរិន គឺ​អ្នកស្រី សៅ ទី ត្រូវ​បាន​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្ដម សីហមុនី ព្រះ​រាជទាន​គោរមងារ​ «សម្ដេច​ធម្មវិសុទ្ធវង្សា»។

បើ​តាម​ព្រះ​រាជ​ក្រឹត្យ​ដដែល​នេះ អ្នកស្រី សៅ ទី អាយុ ៨២​ឆ្នាំ ត្រូវបាន​ទទួល​ស្គាល់​ថា បាន​ចូលរួម​ចំណែក​ដឹកនាំ​កសាង​សង្គម​ជាតិ។

​សៀវភៅ​ប្រវត្តិ​សង្ខេប​របស់​លោក ហេង សំរិន បាន​ឱ្យ​ដឹង​ថា អ្នកស្រី សៅ ទី បាន​រៀប​មង្គល​ការ​ជាមួយ​ស្វាមី​អ្នកស្រី​នៅ​ក្នុង​ឆ្នាំ​១៩៥៧ ហើយ​រួមរស់​ជាមួយ​គ្នា​មាន​កូន ៤​នាក់ ក្នុង​នោះ​ស្រី ៣​នាក់។

ចាប់​តាំង​ពី​ក្រោយ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក ឥស្សរជន​កម្ពុជា ១០រូប​ហើយ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់ ត្រូវ​បាន​ផ្ដល់​គោរមងារ​ «សម្ដេច»។

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ៣​រូប មាន​​លោក​ ហ៊ុន សែន លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​ប្រធាន​ព្រឹទ្ធ​សភា និង​លោក ហេង សំរិន ដែល​ជា​ប្រធាន​រដ្ឋ​សភា​នា​ពេល​សព្វ​ថ្ងៃ និង​ជា​ប្រធាន​កិត្តយស​បក្ស​កាន់​អំណាច​ផង​ដែរ គឺ​ជា​ឥស្សរជន​នយោបាយ​ដំបូង​គេ​ដែល​ទទួល​បាន​គោរម​ងារ​នេះ។

ក្រោយ​​មរណភាព​របស់​លោក ជា ស៊ីម នៅ​ឆ្នាំ​២០១៥ ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​កាន់​អំណាច ត្រូវ​បាន​កែ​សម្រួលដោយ​លោក ហ៊ុន សែន ក្លាយ​ជា​ប្រធាន​គណបក្ស ហើយ​លោក ស ខេង និង​លោក សាយ ឈុំ ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធាន​បក្ស ហើយ​ក៏​ទទួល​បាន​គោរមងារ​ជា​​«សម្ដេច»​ផង​ដែរ។

ឥស្សរជន​ដទៃ​ទៀត​របស់​គណបក្ស​កាន់​អំណាច​ ឬ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច ដែល​ទទួល​បាន​គោរមងារ​ជា​«សម្ដេច» មាន​លោក គង់ សំអុល ដែល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក សុខ អាន អតីត​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ដែល​បាន​ទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ