សមត្ថកិច្ចថាការមិនទាន់រកឃើញអ្នកវាយអតីតមន្ត្រីCNRPបាននៅឡើយ​ព្រោះខ្វះព័ត៌មាន

អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កាកាប​១ លោក ខៀវ ឌីន រងការវាយប្រហារពីសំណាក់ជនអនាមិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ (បណ្ដាញសង្គម)

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគបាលជាតិ អះអាងថាមិនទាន់រកឃើញក្រុមជនដៃដល់វាយលើអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិកន្លងមក​នៅ​ឡើយទេ ដោយសារ នៅខ្វះព័ត៌មានក្នុងការកំណត់មុខសញ្ញា។

បើតាមអតីត​មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន  បាន​ឱ្យ​ដឹង​ថា ការប្រើអំពើ​ហិង្សា​ទៅ​លើមន្ត្រី និង​សកម្មជន​អតីត​បក្សប្រឆាំង កើតមានឡើង​ចំនួន១៤​ករណី ហើយអំពើហិង្សាដែលកើតឡើងភាគច្រើននៅរាជធានីភ្នំពេញ។

អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ លោក ឆាយ គឹម​ខឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតករណីនេះ។ ទោះយ៉ាងណាក៏ដោយ លោកថាសមត្ថកិច្ចមិនទាន់​ចាប់​ខ្លួន​ពួកគេបាន​នៅឡើយ ព្រោះនៅ​កង្វះខាតព័ត៌មាន​។

លោកមានប្រសាសន៍បន្ថែម​ថា៖«ទាល់តែធ្វើប៉ូលីសបានដឹង ហើយបើមានការពន្យល់គឺត្រូវការពេលពន្យល់​ ១ ខែ អំពើរបៀបស្រាវជ្រាវរបស់ប៉ូលីស។ អានេះយើងរកមិនទាន់ឃើញ ដោយសារ មានមូលហេតុផលច្រើន ​ដែលយើងកំពុងខិតខំសិក្សាស្រាវជ្រាវ ​។ បើសួរពីហេតុផលអី គឺមិនមានហេតុផល [ស្មុកស្មាញ]អីទេ ​គ្រាន់តែខ្វះព័ត៌មាន ​អត្តសញ្ញាអីជាដើម ហើយខ្វះព័ត៌មានហ្នឹងសំខាន់ណាស់»

អតីតប្រធានក្រុមអង្គរក្ស លោក សម រង្ស៊ី លោក ពូក ចន្ដា ត្រូវជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូយកដំបងដែក លបវាយពីក្រោយ កាលពីថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៩ នៅជិតទីស្នាក់ការអតីតបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បីថ្ងៃក្រោយមក អតីតចៅសង្កាត់កោះដាច់មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា​ ក៏ត្រូវបានជនមិនស្គាល់មុខចំនួនពីរនាក់តាមវាយ ដោយធាក់ម៉ូតូផ្តួល រួចយកដំបងដែកមកវាយសំពងរហូតរងរបួសបាក់ដៃខាងឆ្វេងម្ខាង កាលពីថ្ងៃទី២៥ ស្ថិតក្នុងខែកញ្ញាដូចគ្នា។

ដោយឡែក នៅពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០​ អតីតសមាជិកបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ លោក ខៀវ ឌីន  ក៏ត្រូវ​បាន​ជន​អនាមិក​វាយ​​ពី​ក្រោយ ​ក្នុង​ពេលដែល​លោក​កំពុង​ធ្វើ​ដំណើរទៅ​យក​ចៅនៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​។

ភរិយារបស់លោក ខៀវ ឌីន គឺអ្នកស្រី ពេជ្រ សុខណា លើកឡើងថា ចាប់តាំងពីជនអនាមិកវាយត្រូវក្បាលស្វាមីគាត់មក អ្នកស្រីថា ស្វាមីគាត់មានអាការៈស្រវាំងភ្នែក និងវិលមុខ ដោយមិនអាចធ្វើការងារអ្វីបានទៀតទេ ។ អ្នកស្រីបន្តថា  រហូតមកដល់ថ្ងៃនេះ គាត់មិនទាន់ទទួលបានព័ត៌មានអ្វីពីសមត្ថកិច្ចនៅឡើយ។

អ្នកស្រីពេជ្រ សុខណា បន្តថា  ការប្រើអំពើហិង្សាមកលើស្វាមីគាត់  សមត្ថកិច្ចមិនពិបាករកជនល្មើសនោះទេ ដោយសារ  មានរូបភាព ចែកចាយ បង្ហាញឱ្យឃើញជនដៃដល់ទាំងពីរនាក់ជិះ​ម៉ូតូ​​នៅ​ពី​ក្រោយ ហើយបាន​លើ​ក​វត្ថុ​រឹង​ប្រវែងជាង ១ ម៉ែត្រ ​វាយ​ទៅលើស្វាមីគាត់។

អ្នកស្រី៖«ខ្ញុំមិនមានជំនឿបន្តិច [លើសមត្ថកិច្ច]ទេ ព្រោះពីមុនៗមក វាអត់បានរកឃើញអីទាំងអស់»

​អតីត​មន្រ្តីជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញថា ការប្រើអំពើហិង្សាមកលើអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិកន្លងមក សមត្ថកិច្ចមិនដែលចាប់ខ្លួន ជនល្មើសបាននោះទេ។

លោកបន្តថា ការដែលសមត្ថកិច្ចមិនអាចចាប់ខ្លួនជនដៃដល់ដែលប្រើអំពើហិង្សាលើអតីតមន្ត្រីនិងសកម្មជនប្រឆាំងបាននេះ លោកថា  នឹងធ្វើ​ឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យទៅសមត្ថកិច្ច។ 

លោកថា៖«សមត្ថកិច្ចហាក់ដូចជាមិនយកចិត្តទុកដាក់​ ឬក៏មានតែបណ្ដែតបណ្ដោយ​ឱ្យបន្តធ្វើទុកបុកម្នេញ​​លើពួកគាត់​។​នេះជាការសោកស្ដាយ​ ហើយនេះប៉ះពាល់មុខរដ្ឋាភិបាល​ផង។ ករណីនេះ មិនមែនមានតែសង្គមខ្មែរ ឃ្លាំមើលរឿងហ្នឹងទេ ​សហគមន៍អន្តរជាតិក៏គេឃ្លាំមើលដែរ។  សង្គមខ្មែរមិនមែនសម្រាប់បក្សណាមួយទេ សម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នាហើយការបណ្ដោយឱ្យធ្វើទុកបុកម្នេញបែបបហ្នឹង វា​អាក្រក់ខ្លាំងណាស់»។         

នាយករងអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ​មានប្រសាសន៍ថា ប្រសិនបើសមត្ថកិច្ច នៅតែឆ្លើយបែបនេះ វាបង្ហាញថាសមត្ថកិច្ចអសមត្ថភាពក្នុងការចាប់ខ្លួន ជនដៃដល់មក​ផ្ដន្ទាទោស។

លោកថា៖«បើសិនចម្លើយបែបនេះ វាបង្ហាញពីអសមត្ថភាពរបស់សមត្ថកិច្ច​ក្នុងការស៊ើបអង្កេត​ ទៅលើករណី​បទល្មើសដែលកើតឡើង ។ អ៊ីចឹងបើសិនជាទង្វើ [ប្រើអំពើហិង្សា]​នេះកើតឡើងច្រើនទៅ ​សង្គមយើងវាទៅយ៉ាងម៉េច ? វាមិនផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេស ​សម្ដេចក្រឡាហោម គាត់បានលើកឡើងហើយថា ​អយុត្តិធម៌សង្គមនាំឱ្យបែកបាក់ជាតិ ហើយអយុត្តិធម៌សង្គម​នេះ ក៏នាំឱ្យផលប៉ះពាល់ផ្សេងទៀតដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ