ក្រសួងសុខាភិបាលថា កម្ពុជាមិនទាន់រកឃើញករណីឆ្លងវីរុសវាយប្រហារផ្លូវដង្ហើមថ្មី

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

អ្នកនាំពាក្យក្រសួងសុខាភិបាលអះអាងថា នៅកម្ពុជាពុំទាន់រកឃើញករណីឆ្លងវីរុសវាយប្រហារផ្លូវដង្ហើមប្រភេទថ្មី ឱ្យឈ្មោះថា «នូវែលកូរ៉ូណា» ឆ្លងរាលដាលពីប្រទេសចិននៅឡើយ ខណៈមានការផ្សព្វផ្សាយតៗគ្នាតាមហ្វេសប៊ុកមួយចំនួនថា ជំងឺនេះបានចូលក្នុងខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។​

ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌​មា​ន​ស្តីពីបច្ចុប្បន្នភាពវីរុសកូរ៉ូណាប្រភេទថ្មី នៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកមិញនេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា វីរុសនេះកំពុងរាតត្បាតទៅដល់ទីក្រុងផ្សេងៗរបស់ប្រទេ​សចិន និងបានរកឃើញកើតមាននៅបណ្តាប្រទេសមួយចំនួនផ្សេងទៀត។

យ៉ាងណា លោកស្រីមានប្រសាសន៍បញ្ជាក់ថា៖ «សូមបញ្ជាក់ថា មកទល់ពេលនេះ នៅព្រះរាជាណាចក្រកម្ពុជាយើងនេះ អត់ទាន់មានករណីរលាកសួតដោយ [វីរុស] ប្រភេទ “នូវែលកូរ៉ូណា” ហ្នឹងនៅឡើយទេ»

មន្រ្តីអ្នកនាំពាក្យដដែល ឱ្យដឹងបន្ថែមដោយផ្អែកលើរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោកថា តាមតួលេខចុងក្រោយ វីរុសនូវែលកូរ៉ូណាបានសម្លា​ប់មនុស្ស១៧នាក់ និងឆ្លងលើមនុស្ស៥៧១នាក់ (៩៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ)។

តាមប្រភពដដែល វីរុសនេះបានរីករាយដាលចូលដល់ទីក្រុងហុងកុង ប៉េកាំង សៀងហៃ និងបានរកឃើញនៅប្រទេសថៃ៤ករ​ណី ប្រទេសជប៉ុន១ករណី កូរ៉េ​ខាងត្បូង១ករណី និងសហរដ្ឋអាមេរិក១ករណី។

នៅព្រឹកថ្ងៃនេះដែរ គណនីហ្វេកប៊ុកមួយឈ្មោះ Kanha Leng បានបង្ហោះសារថា មានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅខេត្តព្រះសីហនុ ប៉ុន្តែ ការអះអាងនេះ ត្រូវបានទាត់ចោលភ្លាមៗដោយអ្នកនាំពាក្យសាលាខេត្តនេះ។

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់វីអូឌីតាមសារ Messenger នៅរសៀលថ្ងៃនេះថា ពុំមានករណីដូចការលើកឡើងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនោះទេ។

សាលារដ្ឋបាលខេត្តព្រះសីហនុ បានអះអាងបន្ថែមលើទំព័រហ្វេសប៊ុកថា៖ «គិតត្រឹមម៉ោងនេះ នៅក្នុងទឹកដីនៃខេត្តព្រះសីហនុទាំងមូល មិនមានករណីជម្ងឺរលាកសួតប្រភេទថ្មី (កូរ៉ូណា) នេះឡើយ។ រាល់ការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋាននៃការពិត គឺជាការបំពុលសង្គម និងធ្វើឱ្យមានការជ្រួលច្របល់»

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរិវត្ថា បញ្ជាក់បន្ថែមថា គិតមកទល់ម៉ោង៤រសៀលថ្ងៃនេះ លោកពុំទាន់ទទួលបានរបាយការណ៍ថា មានករណីអ្នកឆ្លងវីរុសនូវែលកូរ៉ូណាចូលមកតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសី​ហនុនៅឡើយ។

លោក ស៊ីន ចាន់ សិរិវត្ថា៖ «មុនហ្នឹង ខ្ទង់ម៉ោង៤ [រសៀល] អត់ទាន់មានអ្នកណារាយការណ៍ថាមានទេ ណាបាទ។ ចាំខ្ញុំឆែកមើលសិន»។

វីរុសនូវែលកូរ៉ូណា nCoV2019 ត្រូវបានរកឃើញផ្ទុកនៅខ្លួនមនុស្សមុនដំបូងបង្អស់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។

វីរុសនេះ ត្រូវបានរកឃើញថា អាចឆ្លងពីមនុស្សទៅមនុស្សក្នុងករណីមួយចំនួន ហើយក្រុមអ្នកវិទ្យាសាស្រ្តកំពុងស្រាវជ្រាវរកប្រភពចម្លង និងការវិវត្តរបស់វា។ នេះបើតាមការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ដោយបន្ថែមថា មានគ្រូពេទ្យដែលមើលថែអ្នកជំងឺ១៥នាក់ បានរកឃើញថា ឆ្លង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ