ទំនិញ​បន្លែត្រី​ឡើងថ្លៃខ្ពស់​ ខណៈ​​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-វៀតណាម​ខិត​ជិត​ដល់

សកម្មភាពលក់ដូរបន្លែ ត្រីសាច់ នៅក្នុងផ្សារមួយកន្លែង ក្រុងភ្នំពេញ។ (ណាត សុភាព/ ២២ មករា ២០២០)

អាជីវករ និងប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានលើកឡើងថា តម្លៃបន្លែ​ត្រី​សាច់ និងសម្ភារសែនពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-វៀតណាម​ឆ្នាំនេះ ឡើងថ្លៃពី ៥០០រៀល ដល់៣០០០រៀលក្នុងមួយគីឡូ បើធៀបនឹងថ្ងៃធម្មតា និងឆ្នាំមុន។

ពិធីបុណ្យប្រពៃណីចិន-វៀតណាមឆ្នាំ​នេះ នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​ចាប់​ពី​​ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឬ​ចាប់​ពី​ចុង​សប្ដាហ៍​នេះ​រហូត​ដល់​ដើម​សប្ដាហ៍​ក្រោយ។

អាជីវករលក់ដើមអង្គាសីលនៅម្តុំវត្តសំពៅមាស អ្នកស្រី សាយ សុខលាភ បាននិយាយថា គាត់លក់ផ្ការយៈពេល ២០ឆ្នាំមកហើយ ប៉ុន្តែ គាត់ថា ផ្កាឆ្នាំនេះឡើងថ្លៃជាងឆ្នាំមុនប្រហែល ២០ដុល្លារក្នុងមួយផើង។

អាជីវកររូបនេះ បញ្ជាក់ថា ផ្កាអង្គាសីល ត្រូវ​បាន​ពលរដ្ឋ​ខ្មែរខ្សែស្រឡាយចិន និងជនជាតិចិន-វៀតណាម ទិញយកទៅដាក់នៅផ្ទះ ឬក្រុមហ៊ុន ដើម្បីសុំសេចក្តីសុខ រកស៊ីមានបាន។

អ្នកស្រី សាយ សុខលាភ និយាយថា៖ «ឡើងដោយសារតែផ្កា [រីក] អត់ចំថ្ងៃ វាតូចពេក ក៏ពិបាកលក់ អត់ចំថ្ងៃ ក៏វាពិបាកលក់ដែរ ដល់ពេលយើងទិញចំពេកថ្លៃ មួយដើមឡើង២០ ទៅ ៣០ដុល្លារ។ ជួនកាលឡើងដល់ ៥០ដុល្លារក៏មាន ព្រោះឆ្នាំនេះ អាកាសធាតុមិនល្អ។ បើឆ្នាំមុនៗនៅល្អដល់ថ្ងៃសែន ឆ្នាំនេះមានតែថ្លៃ»

រីឯអ្នកលក់បន្លែនៅម្តុំផ្សារដើមគរ អ្នកស្រី គឹម សារ៉ែម បានលើកឡើងថា បន្លែឆ្នាំនេះឡើងថ្លៃចន្លោះពី ៥០០រៀលទៅ ៣០០០រៀលក្នុងមួយគីឡូក្រាម ពីព្រោះពួកគាត់មានឱកាសយកចំណេញបានត្រឹមតែ ២ទៅ ៣ថ្ងៃមុនចូលឆ្នាំចិននេះតែប៉ុណ្ណោះ។

អ្នកស្រី គឹម សារ៉ែម និយាយថា៖ «ឡើងដោយសារតែបុណ្យ​ចូលឆ្នាំ [ចិន] ដ៏ពេលអត់មានរដូវបុណ្យ អត់មានឡើងទេ ឡើងតែខែរដូវ​បុណ្យ​ទេ។ បន្លែបូកគោបាន ១០០០រៀលជាង ឡើង ១៥០០រៀល ខាត់ណា ​​ការ៉ុតក៏ឡើង ឆៃថាវក៏ឡើងដែរ តែមួយមុខបានតែ ៥០០រៀលទេ​»

ចំណែកពលរដ្ឋ​ជា​អ្នកទិញ លោក ទយ ហេង​ និយាយថា តម្លៃបន្លែ​ សាច់ និងសម្ភារសែនចិនឆ្នាំនេះ ឡើងថ្លៃគ្រប់មុខ​។ ប៉ុន្តែ លោកថា គ្មានជម្រើស ត្រូវទិញយកទៅធ្វើម្ហូបសែនជីដូនជីតា ដើម្បីសុំសេចក្តីសុខតាមបែបប្រពៃណីចិន។

លោកនិយាយថា៖ «បើគាត់ [អ្នកលក់] លក់រាល់ដង ឥឡូវឡើងពីរពាន់ បីពាន់រៀលហើយ ដើមខាត់ណា ១គីឡូតែ ២៥០០រៀល ឥឡូវឡើង៣០០០ ទៅ៣៥០០រៀល។ ស្អែកក៏ឡើងទៀតដែរ ខ្ញុំទិញយកទៅស្លហូប គ្រាន់តែទិញថ្លៃនេះ ទិញទុកសែន។ ធ្លាប់ស្គាល់គ្នា ម៉ូយ គាត់ឡើងតែ ១០០០រៀល ទៅ២០០០រៀលទេ។ ស្អែកគាត់ [អ្នកលក់] ថា ឡើងពេញតែម្តង»

អ្នកជំនាញផ្នែកកសិកម្ម លោក យ៉ង់ សំាងកុមារ លើក​ឡើង​ថា លោក​មិនចម្លែក​ទេនៅពេលទំនិញឡើងថ្លៃ​អំឡុង​ថ្ងៃ​បុណ្យប្រពៃណី​ធំៗ ​ទាំង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ និង​ពិធី​បុណ្យ​នៃ​ជាតិ​សាសន៍​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកផ្តល់ជាអនុសាសន៍ ដើម្បីកុំឱ្យប្រជាពលរដ្ឋត្អូញត្អែររឿងឡើងថ្លៃទំនិញ បន្លែ សាច់ នៅថ្ងៃបុណ្យ រដ្ឋាភិបាលត្រូវចាត់អ្នកជំនាញចិញ្ចឹមត្រី សាច់ បន្លែ ឱ្យ​បានប្រមូលផលនៅមុនចូលឆ្នាំចិន ២ទៅ ៣ថ្ងៃ ដើម្បីទុកលក់ឱ្យប្រជាពលរដ្ឋ ទើបកាត់បន្ថយការនាំចូលពីបរទេស និងទប់ស្កាត់តំម្លៃកុំឱ្យឡើងខ្ពស់ជាដើម។

លោក យ៉ង់ សាំងកុមារ មានប្រសាសន៍ថា៖ «រដ្ឋាភិបាលអាចធ្វើបាន ចង់និយាយថា គាំទ្រដោយអ្នកផលិត សម្របសម្រួល សារ៉េការផលិតឱ្យចំរដូវកាល [បុណ្យប្រពៃណីចិន] ហ្នឹង ដើម្បីធ្វើម៉េចឱ្យមានផលិតផលច្រើន ដើម្បីឱ្យចូលរួមចំណែកកុំឱ្យឡើងថ្លៃពេក និងកាត់បន្ថយការនាំចូលពីខាងក្រៅ»

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា ក្រសួងបានបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមសហគមន៍ចំនួន ១១៩០សហគមន៍នៅទូទាំងប្រទេស។ លោកបន្តថា លទ្ធផលបណ្តុះបណ្តាលនៅមានកម្រិតទាបនៅឡើយ ករណីនេះធ្វើឱ្យបញ្ហាប្រឈមនៅតែបន្តកើតឡើង។

 លោក វេង សាខុន មានប្រសាសន៍ថា៖ «យើងកុំយល់ច្រឡំថា ឱ្យតែមានបញ្ហាអ្វីមួយកើតឡើង គឺដាក់បន្ទុកលើក្រសួងកសិកម្មទាំងអស់ ព្រោះក្រសួងកសិកម្មនៅមាន​កម្រិតនៅឡើយ មិនអាចមានលទ្ធភាពធ្វើបានទូលំទូលាយទាំងអស់ទេ»

អំឡុងខែកញ្ញា ឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយ កំពុង​ប្រ​ក​បរបរ​ក​សិក​ម្ម ប៉ុន្តែ កសិករអាចដាំបន្លែបានតែ ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារ​បញ្ហាផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ