អតីតបុគ្គលិកបម្រើការងារនៅសណ្ឋាគារ The Great Duke អះអាងថា ថៅកែសណ្ឋាគារនេះ គេចវេសពីការទទួលខុសត្រូវចំពោះសំណងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ដទៃទៀត ដែលពួកគេថា មានទំហំជិត ១លានដុល្លារ។
តំណាងអតីតបុគ្គលិកសណ្ឋាគារនេះ បានជួបប្រជុំជាមួយក្រុមមេធាវីតំណាងឱ្យថៅកែសណ្ឋាគារ និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃចន្ទកន្លងមកនេះ នៅពេលពួកគេប្រមូលផ្ដុំតវ៉ានៅមុខសណ្ឋាគារដោយផ្ទាល់។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល បានប្រាប់ថា អតីតបុគ្គលិកសណ្ឋាគារនេះចំនួន ១៣៨នាក់ បានបន្តការតវ៉ាទៀតនៅព្រឹកថ្ងៃនេះ ដើម្បីទាមទារប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។
សណ្ឋាគារ The Great Duke ឬអតីតសណ្ឋាគារ InterContinental បានប្រកាសថា ក្ស័យធុន និងប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីចុងខែធ្នូឆ្នាំ២០១៩កន្លងមកនេះ បន្ទាប់ពីដំណើរការអាជីវកម្មអស់រយៈពេល ២៣ឆ្នាំមកនោះ។
ប៉ុន្តែ តំណាងសហជីព បានច្រានចោលនូវជំហរប្រកាសក្ស័យធុននេះ ហើយចាត់ទុកជាការគេសវេសពីការទទួលខុសត្រូវចំពោះបុគ្គលិកដែលធ្លាប់បម្រើការងារនៅសណ្ឋាគារនេះទៅវិញ។
លោក ទូច កុសល និយាយថា៖«គេលើកហេតុផលថា គេក្ស័យធន់ គេអត់ចំណេញ បានគេបង់រំលួស។ បង់រំលួសដូចម៉ូតូ ដូចឡាន ដូចផ្ទះល្វែងចឹង។ ប៉ុន្តែ យើងមើលរូបភាពជាក់ស្តែងទៅ មិនមែនចឹងទេ ព្រោះម្ចាស់សណ្ឋាគារហ្នឹងផ្ទាល់ ធ្លាប់បានហៅកម្មករទៅ លើកលែងតែសហជីពទេ គាត់បានប្រាប់ថា សណ្ឋាគារហ្នឹងបិទ ខាងសណ្ឋាគារមានប្រាក់ទូទាត់គ្រប់គ្រាន់ អត់មានកង្វះទេ»។
បើតាមលោក ទូច កុសល ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតសម្រាប់អតីតបុគ្គលិកសណ្ឋាគារនេះ មានចំនួនប្រហែល ១លានដុល្លារ ហើយលោកថា លោកបានបញ្ជូនឯកសារប្រាក់សំណងទាំងអស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចហើយ។
វីអូឌីបានព្យាយាមស្នើសុំការបកស្រាយពីលោក លី តៃសេង និងលោក នៅ ពិសិដ្ឋ សហមេធាវីតំណាងថៅកែសណ្ឋាគារ The Great Duke ប៉ុន្តែ លោកទាំងប្រាប់ថា ជាប់រវល់ប្រជុំ។
ប្រធានផ្នែកសុខដុមនីយកម្មសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានគណកម្មការដោះស្រាយកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក សោម និស្ស័យ បានបញ្ជាក់ថា លោកទទួលបានឯកសារដែលក្រុមអ្នកតវ៉ាជាអតីតបុគ្គលិកសណ្ឋាគារ The Great Duke បានបញ្ជូនមកក្រសួងការងារហើយ ប៉ុន្តែ លោករុញឱ្យសាកសួរទៅអ្នកនាំពាក្យក្រសួងការងារ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ លោក ហេង សួរ បានតាមតេឡេក្រាមនៅថ្ងៃនេះថា ក្រសួងបានបញ្ជូនសំណុំរឿងទំនាស់ការងារខាងលើ ទៅក្រុមប្រឹក្សាអជ្ញាកណ្តាលកាលពីម្សិលមិញរួចរាល់អស់ហើយ។
ប្រធានស្ដីទីផ្នែកបណ្ដុះបណ្ដាល និងទំនាក់ទំនង នៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល លោក នាង សុវត្ថារ៉ា បានឱ្យដឹងថា ស្ថាប័ននេះបានទទួលសំណុំរឿងវិវាទរការងារនេះរួចហើយ ប៉ុន្តែ លោកថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលពុំទាន់កំណត់ពេលកោះអញ្ចើញភាគីវិវាទមកជួបប្រជុំដើម្បីស្វែងរកដំណោះស្រាយនៅឡើយទេ។
មន្ត្រីរូបនេះ បានបញ្ជាក់ថា ប្រសិនបើភាគីណាមួយនៅតែមិនទទួលយកសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល លោកថា ពួកគេអាចប្ដឹងបន្តទៅតុលាការ ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត។
លោក នាង សុវត្ថារ៉ា ប្រាប់ថា៖ «សេចក្តីបង្គាប់ជាប់កាតព្វកិច្ច យើងឃើញថា បើភាគីមួយមិនអនុវត្ត ភាគីមួយទៀត អាចនឹងប្តឹងទៅតុលាការឱ្យបង្ខំឱ្យអនុវត្ត»។
អ្នកស្រី គង់ ចាន់ថន អះអាងថា បានបម្រើការងារនៅផ្នែកភោជនីយដ្ឋានក្នុងសណ្ឋាគារ The Great Duke អស់រយៈពេលប្រមាណ ១០ឆ្នាំមកហើយ ហើយគាត់ថា ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលអ្នកស្រីគួរទទួលបាន មានចំនួនប្រហែល ៥ពាន់ដុល្លារ។
អ្នកស្រីថា អ្នកតវ៉ាទាំងអស់បដិសេធដាច់ខាតមិនទទួលយកសំណងដែលផ្តល់ជាប្រាក់ចែកតាមដំណាក់កាលឡើយ ព្រោះមិនអាចយកបង្កើតជារបរថ្មី បានត្រឹមបង្កើនបំណុល អាចប្រឈមនឹងបញ្ហាដោយថៅកែគេចវេសជាថ្មី។
អ្នកស្រី គង់ ចាន់ថន ប្រាប់ថា៖«ពិបាកមែនទែន! យើងមិនដឹងថា មួយខែហ្នឹងយើងពិបាកប៉ុណ្ណឹង ចុះបើវានៅអូសបន្លាយរហូតមួយខែទៀត វានឹងមានរឿងអីដល់ខ្លួនឯងទេ។ វាកាន់តែធ្ងន់ធ្ងរទៅហើយ»។
បុគ្គលិកដែលបម្រើការនៅសណ្ឋាគារមួយនេះ បានផ្ទុះការតវ៉ាចាប់តាំងពីដើមខែវិច្ឆិកាឆ្នាំមុនមកម្លេះ បន្ទាប់ពីម្ចាស់សណ្ឋាគារនេះ បានបើកប្រាក់ឈ្នួលឱ្យពួកគេយឺតយ៉ាវ៕