លោក ស ខេង ថាគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតប្រកាសអាសន្ន

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់ទុកគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតប្រកាសអាសន្ន ខណៈរបាយការណ៍ពីមន្ត្រីជំនាញ រកឃើញថា ១ឆ្នាំចុងក្រោយនេះ អ្នកស្លាប់ និងរបួសកើនឡើងដល់ទៅ៤១ភាគរយ។

ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរាជធានីភ្នំ​ពេញ ថ្ងៃអង្គារនេះ លោក ស ខេង ថ្លែងថា របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ បានសម្លាប់មនុស្សជិត២ពាន់នាក់(១៩៨១)។ លោកថា ចំនួននេះកើនឡើង២២០នាក់ ស្មើនឹង១២%។

លោក ស ខេង បន្តថា អ្នករបួសវិញ មានជាង៦ពាន់នាក់(៦១៤១) កើនឡើង១៣៧១នាក់ ស្មើ២៩% បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។

លោកថា៖ «ខ្ញុំគិតថា តួលេខនេះជាតួលេខមួយដែលយើងទាំងអស់គ្នាត្រូវតែប្រកាសអាសន្នហើយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មិនថាផ្នែកណាទេ ត្រូវតែប្រកាសអាសន្នហើយពេលហ្នឹង ព្រោះវាឡើងច្រើនពេក»។

លោក ស ខេង បានក្រើនរំឭកដល់មន្ត្រីជំនាញ ក្នុងនោះមានក្រសួងសាធារណការផងដែរ ដែលកំពុងសិក្សាពីលទ្ធភាពស្នើឲ្យកែច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវដាក់បញ្ចូលវិធានការចាំបាច់មួយចំនួន ដែលលោកថា បង្កើនប្រាក់ផាកពិន័យ ឬឈប់ឲ្យបើកបរតែម្តង ចំពោះបុគ្គលដែលរកឃើញថា បានប្រើប្រាស់សារធាតុញៀន។

ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ មានប្រសាសន៍ថា ច្បាប់បច្ចុប្បន្នមិនអាក្រក់ទេ ប៉ុន្តែ លោកថា អ្វីដែលរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ មកពីមន្ត្រីខិលខូចមួយចំនួន យកច្បាប់ធ្វើអាជីវកម្ម ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យការអនុវត្តច្បាប់គ្មានប្រសិទ្ធិភាព។

លោកថា៖ «ឧទាហរណ៍ បើតាមច្បាប់ ប្រសិនបើគាត់បើកបរក្នុងភាពស្រវឹងខ្លាំង រហូតដល់កម្រិតអាល់កុល០,៤មីលីក្រា​មក្នុង១លីត្រខ្យល់ដែលគាត់ផ្លុំហ្នឹង តាមច្បាប់មិនត្រូវឲ្យគាត់បើកទេ មានន័យថា ឱ្យគាត់បង់ការផាកពិន័យហើយ ត្រូវបញ្ជូនទៅតុលាការទៀត អាហ្នឹងតាមច្បាប់។ ប៉ុន្តែ ប៉ូលិសមួយចំនួនគាត់អត់អនុវត្តទៅតាមច្បាប់ហ្នឹងទេ គាត់​ទាមទារឱ្យបង់លុយក្រៅបញ្ជីហើយ គាត់អនុញ្ញាតឱ្យទៅទៀត អ៊ីចឹងករណីហ្នឹងជាការបង្កឱ្យគ្រោះថ្នាក់ ជាហា​និភ័យខ្លាំង»។

ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ អះអាងថា ការដែលមេដឹកនាំស្នើឲ្យពង្រឹងវិធានការច្បាប់ ឬធ្វើវិសោធនកម្មច្បាប់បញ្ចូលវិធានការបន្ថែម លោកថា ជាការចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែរ។

កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញប្រកាសលុបចោលមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោក មុនសភាធ្វើវិសោធនកម្ម ដោយមិនតម្រូវឲ្យអ្នកបើកបរម៉ូតូ១២៥CCចុះ ទៅរៀនយកប័ណ្ណបើកបរ ដោយថា ដើម្បីកាត់​បន្ថយការចំណាយរបស់ពួកគេ។

អ្នកជំនាញចរាចរណ៍អះអាងថា អ្នកបើកបរម៉ូតូជាជនងាយរងគ្រោះជាងគេ ក្នុងចំណោមអ្នកប្រើប្រាស់ផ្លូវ ហើយថា ពួកគេត្រូវយល់ដឹងពីច្បាប់បើកបរ ដើម្បីបញ្ចៀសហានិភ័យពេលពួកគេបញ្ជាម៉ាស៊ីន។

របាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រដ្ឋាភិបាល បង្ហាញថា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាង៤ពាន់លើក(៤១២១) កើនឡើង៨៥៤ ស្មើ២១%។ ក្នុងនោះ អ្នករងគ្រោះ៧៨%ជាអ្នកបើកបរម៉ូតូ។

របាយការណ៍ដដែលឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបានសម្លាប់មនុស្សអស់ជិត២ពាន់នាក់(១៩៨១) កើនឡើង២២០នាក់ ស្មើ១២% ខណៈឆ្នាំ២០១៨ មានតែ១៧៦១នាក់។ អ្នករបួសជាង៦ពាន់នាក់(៦១៤១) កើនឡើងជាង១៣០០នាក់(១៣៧១) ស្មើ២៩% ខណៈឆ្នាំ២០១៨ មានតែ៤៧៧០នាក់។

ស្ថាប័នជំនាញមួយនេះ អះអាងថា ចំនួនអ្នករងគ្រោះសរុបពេលមួយឆ្នាំនេះ គិតជាមធ្យម អ្នកស្លាប់ក្នុង១ថ្ងៃ ជាង៥នាក់(៥,៤) អ្នករបួសក្នុង១ថ្ងៃ ជិត១៧នាក់ (១៦,៨)។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ